ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវតី កែវកន្និដ្ឋា៖ មនុស្សស្រីក៏រៀនITបានដែរ ឲ្យតែមានមហិច្ឆតា និងឆន្ទៈ
× បាត់ដំបង៖ ឆាយ កែវកន្និដ្ឋា ជានារីវ័យក្មេងមួយរូបដែលបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជំរុញយុវតីវ័យក្មេងដទៃទៀត ឲ្យហ៊ានជ្រើសរើសជំនាញដែលពួកគេស្រឡាញ់ និងទទួលខុសត្រូវចំពោះការជ្រើសរើសរបស់ខ្លួន។ យុវតីវ័យក្មេងដ៏ក្លៀវក្លារូបនេះ បានបដិសេធបំណងឪពុកម្តាយ ដែលចង់ឲ្យនាងធ្វើជាគ្រូបង្រៀន ឬអ្នកជំនួញ ហើយដើរតាមមហិច្ឆតាផ្ទាល់ខ្លួន ដែលចង់រៀនផ្នែកព័ត៌មានវិទ្យា ដើម្បីក្លាយជាអ្នកសរសេរកម្មវិធីកុំព្យូរទ័រ និងអ្នករចនាក្រា ហ្វិក។ ក្នុងវ័យ១៩ឆ្នាំ កែវកន្និដ្ឋា មិនរៀនតែមួយមុខនោះទេ នាងបានចាប់ផ្តើមធ្វើការតាំងតែពីឆ្នាំទី១ម្ល៉េះ ក្នុងន័យសន្សំបទពិសោធន៍ក្នុងជំនាញរបស់ខ្លួនផង និងប្រឡូកក្នុងសង្គមការងារជាក់ស្តែងផង។ ឆាយ កែវកន្និដ្ឋា ធ្លាប់ធ្វើគ្រូបង្រៀនកុំព្យូទ័រ និងភាសាអង់គ្លេស, ជាជំនួយការគ្រូនៅបន្ទប់ជួសជុលកុំព្យូទ័រក្នុងសាកលវិទ្យាល័យ ចូលរួមប្រកួតក្នុងកម្មវិធី Technovation Cambodia និងជាអ្នកណែនាំក្រុមកុមារី នៅក្នុងកម្មវិធីដដែលនេះដែរ។
កញ្ញា ឆាយ កែវកន្និដ្ឋា ស្ថិតក្នុងចំណោមនិស្សិតនារីចំនួន៦នាក់ នៃសិស្សសរុប៤០នាក់ ដែលកំពុងសិក្សាព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យបាត់ដំបង។ មានវ័យ១៩ឆ្នាំ កែវកន្និដ្ឋា ដែលជាកូនច្បងក្នុងចំណោមបងប្អូនទី២នាក់ បានដឹងថា ខ្លួនចាប់អារម្មណ៍នឹងបច្ចេកវិទ្យាតាំងតែពីនាងបានប៉ះកុំព្យូទ័រជាលើកដំបូងបំផុតក្នុងជីវិត នៅពេលនាងរៀនថ្នាក់ទី៦ម្ល៉េះ។ ឆាយ កែវកន្និដ្ឋា រំឭកអារម្មណ៍ពេលនោះដូច្នេះ៖ «យើងបានប៉ះវា យើងបានចុចបើកវា ហើយមានអារម្មណ៍ថា វាអស្ចារ្យមែនទែន។ ហើយចង់ដឹងថា គេធ្វើម៉េចបានចេញអ៊ីចឹង ហើយគេអាចយកអាហ្នឹង(កុំព្យូទ័រ)ទៅប្រើបានអ្វីខ្លះ?»។
កែវកន្និដ្ឋា ថាមុខវិជ្ជាអ្វីក៏ស្រីរៀនបានដែរ សំខាន់មានមហិច្ឆតា និងឆន្ទៈ
ក្រោយបញ្ចប់វិទ្យាល័យ នៅក្នុងឆ្នាំ២០១៥ កែវកន្និដ្ឋា ក៏សម្រេចរៀនជំនាញដែលនាងចិញ្ចឹមចិត្តស្រឡាញ់តាំងពីកុមារនោះ បើទោះជាក្រុមគ្រួសារមិនសូវពេញចិត្តក៏ដោយ។ រៀនជំនាញ IT ព្រោះតែចិត្តស្រឡាញ់ជាមូលហេតុមួយ តែមូលហេតុដ៏សំខាន់មួយទៀតនោះ គឺយុវតីរូបនេះ ចង់បង្ហាញសង្គមថា មនុស្សស្រីក៏អាចរៀនព័ត៌មានវិទ្យា និងរៀនពូកែ មានការងារល្អថែមទៀតផង។ កញ្ញា ឆាយ កែវកន្និដ្ឋា អះអាងក្នុងសម្តីជឿជាក់ដូច្នេះ៖«យើងកំពុងរស់នៅក្នុងសម័យឌីជីថល។ ដូចបច្ចេកវិទ្យាហ្នឹងដើរតួសំខាន់មែនទែនក្នុងជីវិតមនុស្ស ធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ហើយមានទំនាក់ទំនងជាប់ជាមួយគ្នារហូត។ ហើយបច្ចេកវិទ្យាទាំងអស់ហ្នឹង បង្កើតឡើងដោយអ្នកបង្កើតដ៏អស្ចារ្យ ហើយខ្ញុំចង់ក្លាយជាម្នាក់ ក្នុងចំណោមហ្នឹង។ ទី២.គឺជម្នះទស្សនៈសង្គម ដែលគេតែងនិយាយថា មុខវិទ្យាIT មិនសមនឹងមនុស្សស្រីរៀនទេ។ មនុស្សស្រីគួរតែរៀនគណនី ធនាគារ អីផ្សេងៗ។ អ៊ីចឹងខ្ញុំចង់ឲ្យគេឃើញថា មុខវិទ្យាអីក៏ដោយ ឲ្យតែមនុស្សមានមហិច្ឆតា និងឆន្ទៈ ប្រុសស្រី រៀនបានដូចគ្នា។ ហើយខ្ញុំគិតថា រៀនIT មានជម្រើសការងារច្រើន»។
មានឪពុកជាទាហាន ម្តាយជាគ្រូបង្រៀន និងញាតិផៅភាគច្រើន ជាអ្នកជំនួញ។ ដូច្នេះហើយបានជា ឪពុកម្តាយ ចង់ឲ្យកូនស្រីច្បងក្នុងគ្រួសាររូបនេះ ធ្វើជាគ្រូបង្រៀន ឬអ្នកប្រកបការរកស៊ី ជួញដូរ។ បើតាមអ្នកខេត្តបាត់ដំបងរូបនេះ ក្រុមគ្រួសារមិនចង់ឲ្យរៀន ព័ត៌មានវិជ្ជា ព្រោះបារម្ភថា នៅពេលនាងរៀនចប់ ឥតការងារធ្វើ។ តែយ៉ាងក្តីបំណងនេះ ត្រូវបានកែវ កន្និដ្ឋា បដិសេធ។
ទម្រាំតែជម្នះចិត្តឪពុកម្តាយ បានរៀនមុខវិជ្ជា IT ដែលខ្លួនស្រឡាញ់ កែវកន្និដ្ឋា បានប្តេជ្ញាចំពោះមុខឪពុកម្តាយថា នឹងការងារធ្វើឲ្យបាន។ ទន្ទឹមនឹងនេះដែរ យុវតីរូបនេះ ក៏ហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងធានាមើលខុសត្រូវអនាគតរបស់ខ្លួនដោយខ្លួនឯងផងដែរ។ កញ្ញា ឆាយ កែវកន្និដ្ឋា បញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ព្រោះអីលទ្ធផលចុងក្រោយ គឺខ្ញុំអ្នកទទួល។ អ៊ីចឹងបើខ្ញុំតាមពួកគាត់ តែខ្ញុំអត់ស្រឡាញ់វាផង ទោះខ្ញុំធ្វើវាបាន តែវាអត់ដិតដល់ដូចដែលខ្ញុំស្រឡាញ់។ អ៊ីចឹងខ្ញុំសុខចិត្តយកមុខវិជ្ជាដែលខ្ញុំស្រឡាញ់។ ធ្វើបាន ឬមិនបាន ខ្ញុំនឹងទទួលបានដោយខ្លួនឯង»។
រៀនបណ្តើរ ធ្វើការបណ្តើរ ហ្វឹកហាត់ការអត់ធ្មត់ និងព្យាយាម
ដ្បិតតែទើបតែសិក្សាបរិញ្ញាបត្រព័ត៌មានវិទ្យាឆ្នាំទី៣ ក៏ពិតមែន ប៉ុន្តែកញ្ញា កែវ កន្និដ្ឋា បានចាប់ផ្តើមធ្វើការងារដែលពាក់ព័ន្ធនឹងមុខជំនាញរបស់ខ្លួន តាំងតែពីឆ្នាំទី១មកម្ល៉េះ។ បើតាម កែវ កន្និដ្ឋា នាងបានធ្វើជាគ្រូបង្រៀនកុំព្យូទ័រផង និងគ្រូបង្រៀនភាសាអង់គ្លេសផង និងជាជំនួយការគ្រូ នៅបន្ទប់ជួសជុលកុំព្យូទ័រ នៅសាលកវិទ្យាល័យបាត់ដំបងដែរ។ បន្ទាប់មក នាងចូលរួមនៅក្នុងកម្មវិធី Technovation Cambodia និងបានបង្កើតកម្មវិធីទូរសព្ទដៃមួយឈ្មោះថា «Go Green» ដើម្បីប្រកួតប្រជែងផងដែរ។ កន្លងទៅ កែវកន្និដ្ឋា ក៏ធ្លាប់ជាអ្នកណែនាំដល់កុមារីមួយក្រុមនៅក្នុងការបង្កើតកម្មវិធីទូរសព្ទដៃ នៅក្នុងកម្មវិធី Technovation Cambodia ហើយពួកគេបានទទួលជ័យលាភីលេខ២ នៅឯសហរដ្ឋអាមេរិកផងដែរ។ បច្ចុប្បន្ន យុវតីវ័យ១៩ឆ្នាំរូប បានក្លាយជា អ្នកគ្រប់គ្រងសាលាបង្រៀនភាសាអង់គ្លេសមួយ នៅក្នុងខេត្តបាត់ដំបង ដែលអនុញ្ញាតឲ្យនាង នឹងបានយល់ដឹងពីលំហូរការងារមួយផ្នែកនៅក្នុងវិស័យអប់រំ។ ឆាយ កែវកន្និដ្ឋា សង្ឃឹមថាតាមរយៈពិសោធន៍ការងារថ្មីនេះ នឹងផ្តល់ភាពងាយស្រួលនៅពេល កញ្ញា ត្រូវអភិវឌ្ឍន៍កម្មវិធីទូរសព្ទនិយាយពីវិស័យអប់រំ នាងអាចមានការយល់ដឹងជាមូលដ្ឋានហើយជាស្រេច។
«កាលឆ្នាំទី២ ខ្ញុំ Volunteer (ស្ម័គ្រចិត្ត) នៅបន្ទប់ជួសជុល។ អ៊ីចឹងពេលហ្នឹងចេះកឹបខ្សែ ជួសជុលកុំព្យូទ័រខ្លះៗ ហើយចេះជួសជុល Software មួយចំនួន។ ក្រៅពីហ្នឹង យើងដឹងរឿងច្រើនទាក់ទងនឹង IT។ បើទាក់ទងនឹងកម្លាំងចិត្ត គឺជួយឲ្យយើងកាន់តែអត់ធ្មត់ ព្យាយាម ព្រោះអីយើងដឹងថា ការងារមួយៗមិនមែនចេះតែធ្វើបានងាយៗទេ។ ក្រៅពីហ្នឹង ពេលយើងធ្វើ Program បើកុំព្យូ័រមានបញ្ហា យើងដឹងថាគួរធ្វើអី? ធ្វើបែបណា?»។ កញ្ញា ឆាយ កែវកន្និដ្ឋា បញ្ជាក់ដូច្នេះ។
ឆាយ កែវកន្និដ្ឋា៖ គ្រប់ឧបសគ្គសុទ្ធតែមានដំណោះស្រាយ
រៀនផង ធ្វើការផង មិនមែនជារឿងងាយស្រួលឡើយសម្រាប់ កែវកន្និដ្ឋាឡើយ។ យុវតីក្មេងខ្ចីរូបនេះ អះអាងថា នាងទទួលបានការរិះគន់ តាំងតែពីការជ្រើសរើសរៀនជំនាញព័ត៌មានវិទ្យានេះម្ល៉េះ។ ក្នុងពេលបំពេញការក៏នាង ត្រូវមកប្រឈមនឹងការមិនសូវផ្តល់តម្លៃ ថែមមួយជាន់ទៀត។ យុវតីកែវ កន្និដ្ឋារៀបរាប់ដូច្នេះ៖ «ការលំបាកច្រើន ជាពិសេសការមើលងាយពីគេ ដែលគេគិតថាយើងធ្វើអត់កើតហ្នឹង។ គេអត់ឲ្យតម្លៃយើង ពេលយើងទៅកឹបខ្សែ ត Network (បណ្តាញ)គេគិតថាយើងអត់អាចធ្វើអីដូចប្រុសៗបាន។ គេគិតអ៊ីចឹង! ប៉ុន្តែតាមពិតយើងអាចធ្វើបាន។ ពេលរៀនក៏ដោយ! មានគេរិះគន់ថា យើងរៀនតាមគ្នា។ អ្នកខ្លះនិយាយថា យើងរៀន IT ហ្នឹងដើម្បីបាន attention ឲ្យគេគិតថាខ្លួនឯងឡួយ តែសម្រាប់ខ្ញុំអត់មានអីទេ ព្រោះយើងដឹងថាយើងកំពុងធ្វើអី»។
ទោះជាយ៉ាងណា ការរិះគន់ និងការមិនផ្តល់តម្លៃទាំងអម្បានម៉ាន មិនអាចរារាំងអ្នកបាត់ដំបងរូបនេះ ឲ្យបញ្ឈប់ដំណើររបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ នាងបានខិតខំទ្វេដង ដើម្បីសម្រេចបំណងខ្លួនដែលចង់ក្លាយជា អ្នកសរសេរកម្មវិធី (Programmer) និងអ្នករចនាក្រាហ្វិក (Graphic designer) និងដើម្បីបង្ហាញថា ស្ត្រីក៏មានសមត្ថភាពខ្ពស់ មិនចាញ់បុរសនោះឡើយ។
ទន្ទឹមនឹងខិតខំជម្នះនឹងមតិអ្នកជុំវិញខ្លួន កញ្ញា កែវ កន្និដ្ឋា តាមរយៈបទពិសោធន៍ផ្ទាល់បានជំរុញឲ្យស្ត្រីផ្សេងទៀត ត្រូវមុះមុត ក្នុងការជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ ជាពិសេសជំនាញព័ត៌មានវិជ្ជាហ្នឹង។ ពាក់ព័ន្ធនឹងការជ្រើសរើសជំនាញព័ត៌មានវិទ្យានេះ កែវកន្និដ្ឋា បានលើកទឹកចិត្តឲ្យស្ត្រី ជ្រើសរើសរៀនជំនាញនេះ ព្រោះខ្លួនឯងស្រឡាញ់ មិនមែនជាការជ្រើសរើសតាមគ្នា ឬព្រោះតែឮគេថាល្អនោះទេ។ កញ្ញា កែវ កន្និដ្ឋា សង្កត់ធ្ងន់ដូច្នេះ៖«សម្រាប់អ្នកដែលស្រឡាញ់ IT តែស្ទាក់ស្ទើរ គឺសំខាន់យើងច្បាស់ខ្លួនឯងអត់ថា យើងស្រឡាញ់ជំនាញហ្នឹង។ យើងស្រឡាញ់ខ្លួនឯង មិនមែនតាមអ្នកដទៃ ឬតាមគេនិយាយថា IT ហ្នឹងល្អ ហើយចង់រៀន។ ប៉ុន្តែគិតថាខ្លួនឯង សប្បាយចិត្តនឹងរៀនវាអត់? ចង់រៀនវាអត់? ហើយបើសិនអ្នកទាំងអស់គ្នាគិតថា សមត្ថភាពខ្ញុំអត់ដល់ទេ ខ្ញុំអត់ចេះអង់គ្លេស ឬក៏អី នេះរឿងពេលក្រោយទេ យើងអាចអភិវឌ្ឍន៍ខ្លួនទៅតាមអ្វីដែលយើងស្រឡាញ់។ ឲ្យតែយើងស្រឡាញ់ យើងប្រាកដជាចង់ធ្វើឲ្យបានហើយ»៕
Tag:
ព័ត៌មានវិទ្យា
IT
អប់រំ
ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com