ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស្វាយ សរ បង្រៀន​ភ្លេង​ដល់​សិស្ស​ជំនាន់​ក្រោយ តាម​បណ្ដាំគ្រូ​
01, Oct 2019 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ទោះបី​មាន​វ័យ​៨៤​ឆ្នាំ​ទៅហើយ​ក្ដី ក៏​លោក ស្វាយ សរ នៅតែ​បង្រៀន​ភ្លេងសម័យ​ដល់​ក្មេងជំនាន់ក្រោយ​តាម​បណ្ដាំ​របស់​គ្រូ​។ លោក​ចាត់ទុកថា ការបង្រៀន​សិស្ស​ដែល​ធ្វើតាម​បណ្ដាំគ្រូ គឺជា​ការ​តបគុណ​គ្រូ​មួយផ្នែក​ដែរ​។ ទោះ​បង្រៀន​ឯកទេស​ភ្លេងសម័យ​ក្ដី ក៏​លោក ស្វាយ សរ តែងតែ​ឱ្យ​សិស្ស​រៀន​និង​ស្គាល់​ពី​ដំណើរ​ភ្លេងបុរាណ​ខ្មែរ​ដែរ​។​



​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




«​ខ្ញុំ​បើក​ថ្នាក់​បង្រៀន​ភ្លេង​នេះ​តាំងពី​សង្គមចាស់​។ ឥឡូវនេះ​ខ្ញុំ​ធ្វើការ​ផង​និង​បង្រៀន​ភ្លេង​ផង​។ ខ្ញុំ​ធ្វើតាម​បណ្ដាំគ្រូ​របស់ខ្ញុំ គាត់​ថា​ចេះ​ហើយ​កុំ​លាក់ទុក​តែ​ខ្លួនឯង​។ ថ្វីដ្បិតតែ​ខ្ញុំ​ចាស់​អស់​កម្លាំងកាយ​មែន តែ​នៅសល់​កម្លាំងចិត្ត ដែល​ខំ​បណ្ដុះបណ្ដាល​ក្មេង​ដើម្បីឱ្យ​បន្តវេន​។ ខ្ញុំ​បង្រៀន​នេះ​តាមរបៀប​អន្តរជាតិ​»​។ នេះ​គឺជា​ការ​ប្រាប់​ពី​ជំហរ​ក្នុង​ការបង្រៀន​សិស្ស​របស់លោក ស្វាយ សរ ដែលមាន​វ័យ​៨៤​ឆ្នាំ​ទៅហើយនោះ​។​



​កំពុង​បង្រៀន​សិស្ស​នៅខាងមុខ​ផ្ទះ​ដែលមាន​ឧបករណ៍​ភ្លេងបរទេស​ដូចជា​ព្យា​ណូ និង​អ័ក​ជាដើម​នោះ​លោក ស្វាយ សរ ដែល​ពាក់អាវ​ពណ៌​កាក​អំពៅ​ឆ្នូត​ខ្មៅ និង​ពាក់​ម៉ាស់​ដើម្បី​ការពារ​ជំងឺ​ផ្ដាសាយ​ផង​នោះ បាន​ប្រាប់​ពី​របៀប​ដែល​លោក​បង្រៀន​ភ្លេង​ដល់​សិស្ស​។​

«​យើង​បង្រៀន​ពី​អក្សរ​ភ្លេង​ត្រឹមត្រូវ​។ យើង​ចុច​ឧបករណ៍​ភ្លេង​ហើយ យើង​ច្រៀង​តាម​ខ្ទង់​តាម​សំឡេង​របស់​ភ្លេង​កុំឱ្យ​ខុស​កុំឱ្យ​ភ្លាវ ទើប​យើង​ដឹងថា​លេង​ខុស​។ កាលណា​ចុច​ភ្លេង​ខុស ហើយ​នៅតែ​ច្រៀង​ខុស នោះ​ខ្ញុំ​ឱ្យ​រៀន​ទៀត គឺ​រៀន​ទាល់តែ​ចេះ​។ តាំងពី​ចេញពី​ប៉ុលពត​មក ខ្ញុំ​បាន​បង្កើត​ក្រុម​ភ្លេង​ប្រហែលជា​៩​ក្រុម​ហើយ​។ ក្រុមទី​១​គេ​បាន​ចេញទៅ​ប្រកប​របរ​រកស៊ី ដោយ​ជោគជ័យ​អ្នកខ្លះ​បាន​ទិញ​ឡាន​និង​ម៉ូតូ​ខ្លះ​ហើយ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ស្វាយ សរ​។​



​ទើបតែ​មាន​អាយុ​១១​ឆ្នាំ កុមារា ផល ធា​រី ដែលមាន​ឪពុក​ធ្លាប់​មក​រៀន​ភ្លេង​ពី​សាលា​តូរ្យតន្ត្រី​សម័យ ស្វាយ សរ ដែរនោះ បានមក​រៀន​ភ្លេងសម័យ​តាម​បង្គា​ត់របស់​ឪពុក​។ មាន​សម្បុរ​ស្រអែម ពាក់អាវ​ពណ៌​ក្រហម​ដៃ​វែង បច្ចុប្បន្ន ធា​រី អាច​លេងភ្លេង​បាន​ប្រមាណ​៣០​បទ​។ ទោះជា​យ៉ាងណា​កុមារា​ដែលមាន​ឪ​ពុង​ជា​តន្ត្រីករ​នោះ មានការ​លំបាក​ខ្លះ​ដែរ​កាល​រៀន​ភ្លេង​ដំបូង​៖«​ពិបាក​ពេលដែល​ខ្ញុំ​មិនទាន់​ចេះ​វៃ​ចង្វាក់ ខ្ញុំ​ដេញ​ទៅ​ចេះតែ​ខុស​រហូត​»​។



​ការ​មក​រៀន​ភ្លេង​ធ្វើឱ្យ ធា​រី មានការ​លំបាក​ពេល​ទៅ​រៀន​ចំណេះដឹង​ទូទៅ​នៅ​សាលា​រដ្ឋ​។ តាម​គម្រោង កុមារា​ដែលមាន​កំណើត​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្ដាល​រូបនេះ ទំនង​អាច​បន្ត​ការសិក្សា​បានត្រឹមតែ​ថ្នាក់​ទី​១០​តែប៉ុណ្ណោះ​៖«​ជាប់​រៀន​ភ្លេង​នៅទីនេះ ពេល​ទៅផ្ទះ​វិញ​ខក​ជើង​ស្រឡាង ខ្ញុំ​ទៅ​រៀនអក្សរ​មិនទាន់​។ ប៉ា​ឱ្យ​ខ្ញុំ​រៀន​ត្រឹម​ថ្នាក់​ទី​១០​។ គាត់​ថាបើ​ខ្ញុំ​រៀនអក្សរ​ត្រូវ​រៀន​ច្រើន​ឆ្នាំ ទម្រាំ​បានធ្វើការ​។ ខ្ញុំ​រៀន​ភ្លេង​២​ទៅ​៣​ឆ្នាំ​ទៀត គាត់​ឱ្យ​ខ្ញុំ​ចេញលេង​តាម​រោង​ហើយ​។ ទាល់តែ​រៀន​ភ្លេង​ចេះ​ទើប​ខ្ញុំ​រៀនអក្សរ​ច្រើន​វិញ​។ រៀន​ភ្លេង​អារម្មណ៍​របស់ខ្ញុំ​ដូចជា​ចូលក្នុង​ភ្លេង​នេះ​ណាស់​»​។



 

​ចំណែក​សិស្ស​ភ្លេង​មួយរូប​ទៀត​គឺ​យុវ​សិស្ស កែវ គឹម​សៀ​។ គឹម សៀ ត្រូវ​រវល់​ច្រើន​ព្រោះតែ​ការរៀន​ច្រើន​មុខ​៖«​ខ្ញុំ​ត្រូវ​រៀនចំណេះ​ដឹង​ទូទៅ អង់គ្លេស និង​រៀន​ភ្លេង​ទៀត ពេលខ្លះ​ស្មុគ​ពេក​ខ្ញុំ​អង្គុយ​តែឯង​។ តែ​ពេលខ្លះ​ហាត់ភ្លេង​ជុំគ្នា​សប្បាយ​។ ខ្ញុំ​រៀន​ភ្លេង​ព្រឹក ខ្មែរ​ថ្ងៃ និង​អង់គ្លេស​យប់​»​។



​រៀនចំណេះ​ដឹង​ទូទៅ​នៅ​សាលា​ឯកជន​ថ្នាក់​ទី​៨ និង​រៀន​ភ្លេង​បាន​រយៈពេល​២ បុរស​ដែលមាន​ម្ដាយ​និង​ឪពុក​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​រូបនេះ ថា​ទោះបី​រស់នៅ​តែ​ជាមួយ​ជីដូន​និង​បងស្រី​ក្ដី ក៏​គេ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​អនាគត និង​តបស្នង​ដល់​អ្នកមានគុណ​៖«​មិនមាន​ប៉ា​ម៉ាក់​នៅក្បែរ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​បាត់​ភាពកក់ក្ដៅ​។ ទោះបី​មិនមាន​ពួកគាត់​នៅក្បែរ​ក៏​ខ្ញុំ​នៅតែ​ខំរៀន ដើម្បី​អនាគត​របស់ខ្ញុំ​។ នៅផ្ទះ​ខ្ញុំ​កេះ​ហ្គី​តា​លេង និង​អាន​សៀវភៅ​ឱ្យ​ប៉ា​ម៉ាក់​ស្ដាប់​»​។​

​កាន់​ឧបករណ៍​ព្យា​ណូ​លោក សរ ស៊ីនួន ដែលមាន​អាយុ​២២​ឆ្នាំ ត្រូវជា​ចៅ​បង្កើត​របស់លោក ស្វាយ សរ ផ្ទាល់​តែម្ដង​។ រៀន​ភ្លេង​អស់​រយៈពេល​៤​ឆ្នាំ ស៊ីនួន ចេះ​បាន​ប្រមាណ​ជាង​១០០​បទ ហើយ​ពេលនេះ​លោក​ក៏​ក្លាយជា​គ្រូភ្លេង​នៅ​សាលា​ឯកជន​មួយ​ផងដែរ​។ របរ​ភ្លេង​បាន​ជួយ​ឱ្យ​បុរស​សម្បុរ​ស្រអែម​រូបនេះ រកចំណូលបាន​គួរសម​។ ស៊ីនួន បាន​ប្រាប់​ពី​ការលំបាក​ពេល​រៀន​ភ្លេង​ដំបូង​៖«​សម្រាប់​ខ្ញុំ​លំ​ហា​ត់ដៃ​លំបាក​ជាងគេ ប៉ុន្តែ​ពេល​ហ្វឹកហាត់​រាល់ថ្ងៃ វា​ងាយស្រួល​វិញ​»​។​



​អាច​និយាយថា​បាន​តម្រង់ទិស​សម្រាប់​អនាគត​រួចជាស្រេច​ទាំង​វ័យក្មេង​យុវជន ស៊ីនួន បាន​ចែករំលែក​ដល់​យុវជន​ដទៃ​ដូច្នេះ​៖«​ពី​អាយុ​២០​ឆ្នាំ​ឡើងលើ​គឺជា​ពេលវេលា​មាស់ប្រាក់ ដូច្នេះ​ការចាប់យក​ជំនាញ​អ្វីមួយ ឬ​រៀន​ភាសា​អ្វីមួយ​ឱ្យ​ច្បាស់ គឺមាន​តម្លៃ​សម្រាប់​យើង​។ ការជ្រើសរើស​នោះ​គឺ​បានកំណត់​គោលដៅ​ជីវិត​របស់​យើង​»​។​



​វិល​មក​គ្រូបង្រៀន​ភ្លេង​វិញ​ម្ដង​។ ដ្បិត​បង្រៀន​ភ្លេងសម័យ តែ​គ្រូ​ដែល​បើក​សាលាបង្រៀន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​រូប​នេះ តែងតែ​បង្រៀន​សិស្ស​ឱ្យ​ចេះ​ពី​ដំណើរ​ភ្លេងបុរាណ​ខ្មែរ​ផងដែរ​៖«​ថ្វីបើ​ឧបករណ៍​ទាំងអស់នេះ​ជា​របស់​បរទេស​មែន ប៉ុន្តែ​យើង​កុំ​ភ្លេច​ភ្លេងបុរាណ​របស់​យើង​។ សិស្ស​របស់ខ្ញុំ​ពេល​រៀន​បាន​២​ខែ ខ្ញុំ​ឱ្យ​វា​រៀន​មើល​ណោ​ត​ភ្លេងខ្មែរ ដូចជា​ទឹក​ហូរ​កាត់​ខ្សាច់ ក្រមុំ​ឡាវ និង​បទ​ផ្សេងទៀត​។ ខ្ញុំ​តែងតែ​អប់រំ​គាត់​មិនឱ្យ​ភ្លេច​អ្វី​ដែលជា​ខ្មែរ​ទេ​»​។​

​មានផ្ទះ​ជិត​វត្ត​វាល​ស្បូវ​សង្កាត់​ច្បារអំពៅ គ្រូបង្ហាត់​ភ្លេង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ស្វាយ សរ ថា​ជំនាញ​ភ្លេង​នេះហើយ ដែល​បាន​ជួយ​ឱ្យ​លោក​អាច​ចិញ្ចឹម​ម្ដាយ​និង​ឪពុក​បាន​៖«​នៅ​ឆ្នាំ​១៩៥១​ទៅ​៥២​និង​៥៣​ខ្ញុំ​គឺជា​កូនអ្នកក្រ​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​ចេះ​ភ្លេង ខ្ញុំ​បាន​យក​របរ​នេះ​ទៅ​ចិញ្ចឹម​ម្ដាយ​ឪពុក​របស់ខ្ញុំ និង​យកទៅ​ទិញ​ដី​និង​ទិញ​ផ្ទះ​។ ពី​ដើម​ខ្ញុំ​ធ្វើការ​នៅក្នុង​វាំង​បម្រើ​អតីតព្រះមហាក្សត្រ​តាំងពី​ទ្រង់​ដាក់រាជ្យ​។ ខ្ញុំ​ជា​អ្នក​រឹត​ព្យា​ណូ​ថ្វាយ​ព្រះអង្គ ហើយ​ជា​អ្នកសរសេរ​ណោ​ត​ថ្វាយ​ព្រះអង្គ​»​។​
​លោក ស្វាយ សរ ដែល​នៅ​លេងភ្លេង​ក្នុង​ស្ថានីយ៍ទូរទស្សន៍​មួយ និង​នៅតែ​បង្រៀន​ភ្លេង​ផង​នោះ បាន​ផ្ដាំផ្ញើ​ដល់​យុវជន​ដូច្នេះ​៖«​យើង​មានតម្រិះ​យើង​កុំ​លាក់​។ នៅពេលដែល​យើង​ចាស់ កុំ​ឱ្យគេ​និយាយថា ចាស់​ហើយ​រស់​ចង្អៀត​ផែនដី​។ ខ្ញុំ​គេច​ពាក្យ​នេះ​ឱ្យបាន លុះត្រា​ណា​តែ​ខ្ញុំ​ដេក​ដើរ​មិន​រួច​តែម្ដង ទើប​ខ្ញុំ​ឈប់​បង្រៀន​»៕





Tag:
 ស្វាយ សរ
  ភ្លេង​
  សិស្ស​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com