អន្តរជាតិ
លោក ស៊ី ជិនភីង ប្តេជ្ញាប្រកាន់ខ្ជាប់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» នៅហុងកុង ប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានសភាប្រជាជនចិន នាក្រុងប៉េកាំង ថ្ងៃ ៣០ កញ្ញាឆ្នាំ២០១៩ (AFP)
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៣០ ខែកញ្ញា បានប្តេជ្ញាគាំទ្រគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» (One country, two systems) ក្នុងទីក្រុងហុងកុង ។ ការបញ្ជាក់របស់មេដឹកនាំចិនរូបនេះ ធ្វើឡើងក្រោយផ្ទុះបាតុកម្មជាច្រើនខែក្នុងទីក្រុងនេះ ជុំវិញអ្វីដែលក្រុមអ្នកតវ៉ាអះអាងថាបំផ្លាញសិទ្ធិសេរីភាពពួកគេ។
ថ្លែងនៅពិធីលាងសាយភោជន៍ក្នុងរដ្ឋធានី ប៉េកាំង មុនការប្រារព្ធខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនភីង បញ្ជាក់ថា ប្រទេសចិន នឹងបន្តអនុវត្តយ៉ាងពេញលេញ និងស្មោះស្ម័គ្រចំពោះគោលការណ៍នៃ «ប្រទេសមួយ ប្រព័ន្ធពីរ» ក្នុងទីក្រុងហុងកុង និងម៉ាកាវ។ គោលការណ៍ស្នូលនេះហើយ អនុញ្ញាតឲ្យក្រុងទាំងពីរដឹកនាំជាមួយស្វ័យភាពកម្រិតខ្ពស់។
ប្រមុខដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះ លើកឡើងទៀតថា៖«យើងមានទំនុកចិត្តថា ជាមួយការគាំទ្រពេញលេញចំពោះដែនមាតុប្រទេស និងកិច្ចប្រឹងប្រែងរបស់ពលរដ្ឋចិនក្នុងទីក្រុងហុងកុង និងម៉ាកាវ ដែលស្រឡាញ់មាតុប្រទេសខ្លួន […] ហុងកុង នឹងដំណើរការទៅមុខ និងមានការរីកចម្រើន ជាមួយគ្នានឹងចិនដីគោក»។
«ការរួបរួម គឺជាដែក និងដែកថែប។ ការរួបរួម គឺជាប្រភពនៃកម្លាំង»។ លោក ស៊ី និយាយបែបនេះនៅក្នុងសុន្ទរកថារបស់លោក។ ដោយសំដៅលើកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយនៃដែនអធិបតេយ្យដែលរង់ចាំការបង្រួបបង្រួម លោក លើកឡើងថា៖«ការបង្រួបបង្រួមទាំងស្រុងនៃមាតុប្រទេស គឺជានិន្នាការដែលមិនអាចចៀសផុតឡើយ […] គ្មាននរណាម្នាក់ និងកម្លាំងណាមួយ បញ្ឈប់វាបាននោះឡើយ» ។
សូមបញ្ជាក់ថា ខណៈនេះ ចិនកំពុងរៀបចំខួបទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១ តុលា ដែលរួមមាន ការធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើមរបស់ខ្លួន។ ចំណែកឯ បាតុករក្នុងក្រុងហុងកុងក៏សង្ឃឹមរៀបចំធ្វើបាតុកម្មមួយផ្សេងទៀតនៅថ្ងៃអង្គារនេះ ដើម្បីរំខានដល់ព្រឹត្តិការណ៍ដ៏ធំរបស់ចិននេះ ក្រោយមានការប៉ះទង្គិចហិង្សានាចុងសប្តាហ៍មុនជាមួយប៉ូលិស៕
Tag:
ចិន
ហុងកុង
ស៊ីជីនពីង
ប្រទេសមួយប្រព័ន្ធពីរ
© រក្សាសិទ្ធិដោយ thmeythmey.com