អន្តរជាតិ
សុខភាព​ស្មារតី​របស់​ប្រជាជន​ហុងកុង កំពុង​យ៉ាប់យ៉ឺន​
10, Oct 2019 , 9:59 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​សុខភាព​ស្មារតី​របស់​ប្រជាជន​ហុងកុង កាន់តែ​យ៉ាប់យ៉ឺន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅក្នុង​ស្ថានភាព​អាក្រក់​នៃ​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយនេះ​។ ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​កំពុង​បន្ត បាន​បន្ថែម​ភាព​តានតឹង​ផ្នែក​សតិអារម្មណ៍​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ប្រចាំឆ្នាំ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែតុលា​។​



​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ចិន​របស់​ហុងកុង បាន​ស្ទង់​មតិ​ប្រជាជន​ចំនួន​មួយ​ពាន់​ប្រាំបួន​នាក់​ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំ​ឡើងទៅ លើ​សូចនាករ​ចំនួន​១០ ដែល​រួមមាន​បញ្ហា​ការងារ ការសិក្សា​ស្រាវជ្រាវ គ្រួសារ និង​ជម្លោះ​ក្នុងសង្គម​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​។

​អ្នកស្រាវជ្រាវ​បានកំណត់​លំដាប់​ពិន្ទុ​ពី ០ ដល់​១០០ ជាមួយនឹង​ពិន្ទុ​ជាប់ ៥២ មានន័យថា អ្នកមាន​ពិន្ទុ​ចន្លោះ​ពី ៥២ ទៅ ៦៨ មាន​សុខភាព​ស្មារតី​ល្អ​អាច​ទទួលយកបាន ហើយ​បើ​លើសពី ៧២​ពិន្ទុ គឺ​បង្ហាញថា​មាន​សុខ​ភាពល្អ​។ លទ្ធផល​ជា​មធ្យម​ដែល​បង្ហាញ​ក្នុងឆ្នាំនេះ​គឺ ៤៦,៤១ ដែល​ទាប​ជាង​ឆ្នាំ​ណាៗ ទាំងអស់​ចាប់តាំងពី​ការស្ទង់មតិ​ផ្តើមធ្វើ​ឡើង​នៅ​ឆ្នាំ ២០១២ ខណៈ​ឆ្នាំមុន​ទទួលបាន ៥០,២​ពិន្ទុ​។​

​នៅ​ឆ្នាំ ២០១៨ ប្រជាជន​ដែល​ចូលរួម​ការស្ទង់មតិ​ប្រហែល​១៨ ភាគរយ​បាន​និយាយថា សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​រង​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជម្លោះ​ក្នុងសង្គម​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៩ តួលេខ​នេះ​កើនឡើង​ទ្វេដង​ដល់ ៤១ ភាគរយ​ដែលជា​កំណើន​ខ្ពស់បំផុត​សម្រាប់​សូចនាករ​ទាំង ១០ ដែល​សិក្សា​ដោយ​ការស្ទង់មតិ​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា​ការតវ៉ា​ពេលនេះ​ដល់​ខែ​ទី ៤ របស់​ពួកគេ​អាច​បង្កឱ្យមាន​វិបត្តិ​សុខភាព​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​។ កាត​វ៉ា​តាម​ដងផ្លូវ​វ​ស្ទើរ​រៀងរាល់ថ្ងៃ និង​រាល់​ចុង​សប្ដាហ៍​ដែល​បង្ក​ទៅជា​អំពើហិង្សា​កាន់តែខ្លាំង ក៏ដូចជា​ការបង្អាក់​ការធ្វើដំណើរ​លើផ្លូវ​រថ​ភ្លើង អាចជា​កត្តា​ដែល​សុខភាព​ផ្នែក​អារម្មណ៍​របស់​ប្រជាជន​ហុងកុង​ធ្លាក់ចុះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com