FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2034៖ ថៃ នឹង​ដឹកនាំ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​វៀតណាម ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​
11, Oct 2019 , 7:59 am        
រូបភាព
​ថៃ​នឹង​ដឹកនាំ​ការដេញថ្លៃ​រួមគ្នា​ជាមួយ​ប្រទេស​អាស៊ាន​ចំនួន​៤​ផ្សេងទៀត ដើម្បី​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤​។ ដំបូង​ឡើយ​ថៃ​ចង់​រួមគ្នា​ជាមួយ​ប្រទេស​ទាំង​១០​តែម្តង ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​វិញ ដោយមាន​កិច្ច​ព្រមព្រៀងគ្នា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កីឡា​អាស៊ាន​លើក​ទី ៥ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ថ្ងៃទី​៩ ខែតុលា​។​



អត្ថបទទាក់ទង

​ប្រទេស​៤​ផ្សេងទៀត ដែល​នឹងចូលរួម​ដេញថ្លៃ​រួមគ្នា​ជាមួយ​ថៃ​នោះ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​វៀតណាម ខណៈដែល​កម្ពុជា ឡាវ ហ្វីលីពីន ព្រុយ​ណេ និង មី​យ៉ាន់​ម៉ា​មិន​ចូលរួម​ឡើយ​។​

​លោក Pipat Ratchakitprakan រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​ថា ថៃ​នឹង​ដើរតួនាទី​នាំមុខគេ​ក្នុងចំណោម​ប្រទេស​ទាំង​៥ ដើម្បី​ដេញថ្លៃ​នាំយក​ព្រឹត្តិ​កាណ៍ World Cup 2034 ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ ជា​លើកដំបូង​។​

​ក្រៅពី​ប្រទេស​អាស៊ាន​នេះ មាន​ប្រទេស​ផ្សេងទៀត​ដូចជា ចិន អេ​ហ្ស៊ី​ប ស៊ីម​បា​វ៉េ នី​ហ្សេ​រី​យ៉ា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​ចូលរួម​ដេញថ្លៃ World Cup ឆ្នាំ ២០៣៤ ដែរ​។



​ក្នុងចំណោម​ការប្រកួត​កីឡា​នេះ​ចំនួន​២១​លើក​កន្លងមក ទ្វីបអាស៊ី​ទទួល​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​បាន​មួយ​លើក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០២ ដែល​ដឹកនាំ​ដោយ​ជប៉ុន​និង​កូរ៉េខាងត្បូង​។ កាតា​ក៏​នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​៣ ដែល​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ផងដែរ នៅឡើយ​តែ​អាស៊ាន​ប៉ុណ្ណោះ ដែល​មិនទាន់​ស្គាល់​រសជាតិ​។​

​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ធ្លាប់​លើកឡើង​ពី​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី​២៣ ខែមិថុនា​កន្លងទៅ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្លាប់បាន​ប្រកាស​ហើយ​ថា ប្រទេស​តំបន់​អាស៊ាន នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៣៤​នេះ​ទៀតផង​។​

​កន្លងមក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​ដែរ​ថា ប្រទេស​ខ្លួន​នឹង​កែលម្អ​កីឡដ្ឋាន​ដែលមាន​ស្រាប់​ឲ្យ​ស្របតាម​ស្តង់ដារ​បស់ FIFA សម្រាប់​ការដេញថ្លៃ​នេះ​៕

Tag:
 World Cup
  ជម្រើសជាតិ​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com