កម្ពុជាត្រូវតទល់ក្រុមជម្រើសជាតិអ៊ីរ៉ង់សម្រាប់ការប្រកួតលើកទី៣នៃវគ្គជម្រុះ World Cup ជុំទីពីរនៅក្នុងពូល C នាវេលាម៉ោង៨ និង៣០នាទីល្ងាចនេះ [ម៉ោងនៅកម្ពុជា]។ លោក Marc Wilmots សញ្ជាតិបែលហ្ស៊ិក ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ អះអាងថា អ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោក ត្រូវការជ័យជម្នះជាចាំបាច់នាជំនួបបើកឆាកនៅទឹកដីខ្លួនឯង តាមរយៈការលេងបែបវាយសម្រុក។ ក្នុងសន្និសីទសារព័ត៌មានដូចគ្នា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas បានធានាថា ក្រុមកម្ពុជានឹងមិនលេងបែបភ័យខ្លាចក្នុងជំនួបតទល់ជាមួយក្រុមលេខ១អាស៊ីនេះឡើយ។
«គោលដៅរបស់យើងគឺឈ្នះការប្រកួតលើកដំបូងក្នុងទឹកដី។ ជ័យជម្នះពិតជាសំខាន់ណាស់សម្រាប់ពួកយើង ដូច្នេះយើងនឹងលេងបែបប្រយុទ្ធជាមួយក្រុមកម្ពុជា»។ នេះជាការលើកឡើងរបស់លោក Marc Wilmots ដែលមានបទពិសោធន៍ធ្លាប់ដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិក និងកូតឌីវ័រ។ នាជ័យជម្នះ ២-០ នៅទឹកដីហុងកុង លោក Wilmots បញ្ជាក់ថា ក្រុមរបស់លោកព្យាយាមគ្រប់គ្រងបាល់ និងបង្កើតឱកាសស៊ុតបញ្ចូលទី។
សារព័ត៌មាន Tehran Times ក៏បានដកស្រង់សម្តីលោក Felix Dalmas ផងដែរទាក់ទងនឹងជំនួបនេះ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បាននិយាយឡើងវិញថា នេះជាឱកាសដ៏ល្អរបស់កម្ពុជាក្នុងការប្រកួតតទល់ជាមួយក្រុមខ្លាំងជាងគេនៅតំបន់អាស៊ី។ លោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងបោះជំហានទៅមុខទៀតជាមួយនឹងគម្រោងអភិវឌ្ឍបាល់នៅកម្ពុជារបស់យើង»។
លោក Felix ទទួលស្គាល់ពីគម្លាតដ៏ឆ្ងាយរបស់ក្រុមទាំងពីរ ប៉ុន្តែកម្ពុជា នឹងប្រឹងប្រែងដោយមិនខ្លាច។ គ្រូអាហ្សង់ទីនរូបនេះ បានពន្យល់ថា៖ «ខ្ញុំ និងលោក Keisuke Honda មានគតិដូចគ្នានៅក្នុងក្រុម ហើយគ្នាដើម្បីសម្រេចឲ្យបានគោលដៅ។ លោក Honda ជាគ្រូអាជីពម្នាក់ ហើយដើរតួនាទីយ៉ាងខ្លាំងក្នុងការអភិវឌ្ឍក្រុម។ យើងមានបុគ្គលិកលក្ខណៈផ្សេងទៀតគ្នា ប៉ុន្តែយើងធ្វើការសម្រាប់គោលដៅដូចគ្នា»។
បើតាមប្រវត្តិក្រុមជម្រើសជាតិកម្ពុជាមិនធ្លាប់ជួបអ៊ីរ៉ង់ក្នុងវគ្គជម្រុះ World Cup កាលពីពេលកន្លងមកនោះទេ។ ប៉ុន្តែពួកគេធ្លាប់ជួបគ្នាពីរលើករួចមកហើយនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup កាលពីឆ្នាំ១៩៧២ ដោយកម្ពុជាបរាជ័យទាំងពីរប្រកួត។ ក្នុងនោះកម្ពុជាបានចាញ់អ៊ីរ៉ង់ក្នុងលទ្ធផល ២-០ ក្នុងវគ្គជម្រុះ និងចាញ់ ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះ។
នេះជាឱកាសសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas ជាគ្រូបង្វឹកក្នុងការសាងកំណត់ត្រាថ្មីសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ដ្បិតអ៊ីរ៉ង់ជាក្រុមលំដាប់ទី១ក្នុងតំបន់អាស៊ី។ បើមើលពីចំណាត់ថ្នាក់ពិភពលោក អ៊ីរ៉ង់ស្ថិតនៅរៀងទី២៣ ខណៈកម្ពុជាឈរនៅចំណាត់ថ្នាក់១៦៩។
«អ៊ីរ៉ង់មិនមែនត្រឹមតែមានកីឡាករល្អលេងនៅ Champion League នោះទេ គឺគេមានកីឡាករល្អៗជាច្រើន។ ប៉ុន្តែពួកយើងមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានប្រកួតជាមួយក្រុមដ៏អស្ចារ្យមួយនេះ។ ខ្ញុំគិតថា ក្រុមយើងនឹងអាចធ្វើឲ្យការប្រកួតមួយនេះ ក្លាយជាការប្រកួតដ៏អស្ចារ្យ គឺដោយផ្អែកលើការរៀបចំ ទស្សនទានបាល់ទាត់ និងសមត្ថភាពកីឡាកររបស់យើង»។ នេះជាការលើកឡើងរបស់លោក Felix Dalmas។
ការជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជាជាមួយអ៊ីរ៉ង់ ជាជំនួបប្រវត្តិសាស្ត្រសម្រាប់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ដ្បិតពួកគេបើកឲ្យស្ត្រីចូលរួមទស្សនាការប្រកួតបាល់ទាត់របស់ក្រុមបុរសឡើងវិញ ក្រោយហាមអស់រយៈពេលជិត៤០ឆ្នាំ។ ការអនុញ្ញាតនេះ ធ្វើឡើងក្រោយមានសម្ពាធពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA) បន្ទាប់ពីមានករណីស្ត្រីអ៊ីរ៉ង់ម្នាក់គឺនាង Sahar Khodayari បានដុតសម្លាប់ខ្លួនមុខតុលាការ ដើម្បីប្រឆាំងនឹងការរឹតត្បិតនេះ។
នាង Sahar Khodayari ជាអ្នកគាំទ្រម្នាក់ ដែលបានជាប់ទោសក្នុងការហាមប្រាណនេះពីសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បន្ទាប់ពីនាងបន្លំខ្លួនធ្វើជាបុរស ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់របស់ក្រុមបុរស កាលពីពេលកន្លងទៅ។ សេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់កាលពីឆ្នាំ១៩៨១ ដោយហាមស្ត្រីមិនឲ្យចូលរួមទស្សនាការប្រកួតរបស់ក្រុមបាល់ទាត់បុរស ក្រោយមានបដិវត្តអ៊ីស្លាម។
ទោះបីសហព័ន្ធបាល់ទាត់របស់ប្រទេសសប្បូរប្រេងមួយនេះអនុញ្ញាតឲ្យស្ត្រីមានសិទ្ធិចូលទស្សនាការប្រកួតបាល់ទាត់របស់ក្រុមបុរសវិញក៏ដោយ តែពួកគេបានកំណត់លក់សំបុត្រឲ្យអ្នកគាំទ្រជាស្ត្រីត្រឹមតែ៤៦០០សន្លឹកតែប៉ុណ្ណោះ ខណៈកីឡដ្ឋានដែលរៀបចំជំនួបជាប្រវត្តិសាស្ត្រនេះអាចផ្ទុកអ្នកទស្សនាបានរហូត៩ម៉ឺននាក់។
កត្តាខាងលើ អាចជាហេតុផលធ្វើឲ្យការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងអ៊ីរ៉ង់ ដែលមានអាជ្ញាកណ្តាលជាជនជាតិឥណ្ឌា គឺលោក Banerjee Pranjal ជាអ្នកកាត់សេចក្តីមួយនេះ ក្លាយជាជំនួបដ៏ចាប់អារម្មណ៍ក្នុងក្រសែភ្នែកអ្នកទស្សនាជុំវិញពិភពលោក។ ដូច្នេះជាឱកាសល្អសម្រាប់កម្ពុជាក្នុងការបង្ហាញពីភាពរីកចម្រើនផ្នែកវិស័យកីឡាបាល់ទាត់ទៅកាន់ពិភពលោក។
បើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពី២១ប្រទេស បានចុះឈ្មោះដើម្បីថតរូប និងយកព័ត៌មានក្នុងជំនួបដ៏ជក់ចិត្ត នាវេលាម៉ោង៨:៣០នាទីយប់(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Azadi ក្នុងទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់មួយនេះ៕