កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា ចំណាយពេល​ជាង​៣​នាទី​ផ្តួល លន បញ្ញា គ្រង​ខ្សែក្រវាត់​មាស និង​ថវិកា​១​ម៉ឺន​ដុល្លារ​
14, Oct 2019 , 4:15 pm        
រូបភាព
ដោយ:
​កីឡាករ ឡៅ ចិ​ត្រា បាន​ផ្តួល​កីឡាករ លន បញ្ញា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​គ្រង​ខ្សែក្រវាត់​មាស​ប្រចាំ​កម្មវិធី​អធិរាជ​គុន​ខ្មែរ ISI Palm របស់​ស្ថានីយទូរទស្សន៍ PNN​។ ការ​ឈ្នះ​ខ្សែក្រវាត់​លើក​នេះ វា​ជាការ​សម្រេច​ក្តី​ស្រមៃ​របស់ ចិ​ត្រា ដែល​បាន​ប៉ង​តាំង​ពីមុន​បើក​រដូវ​កាល​។ ចិ​ត្រា បាន​ឆ្លៀត​ផ្តល់​ជា​គំនិត​ដល់​កីឡាករ លន បញ្ញា ជា​សិស្ស​ប្អូន​រួម​អាជីព ឲ្យ​បន្ត​ខិតខំ​ហ្វឹកហាត់ ពិសេស​ពង្រឹង​លើ​កម្លាំង​ស៊ុះ និង​ល្បឿន​នៃ​ការ​វាយ​។​



​ពេលវេលា​ប្រមាណ​៣​នាទី​៤០​វិនាទី វា​គ្រប់គ្រាន់​សម្រាប់​កីឡាករ ឡៅ ចិ​ត្រា ដើម្បី​ផ្តួល​កីឡាករ លន បញ្ញា គ្រង​ខ្សែក្រវាត់​មាស អម​ជាមួយ​ថវិកា​លើក​ទឹក​ចំនួន​១​ម៉ឺន​ដុល្លារ​។ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​អធិរាជ​គុន​ខ្មែរ ISI Palm នៅ​សង្វៀន PNN នៅ​រសៀល​ថ្ងៃទី​១៣ តុលា កីឡាករ ឡៅ ចិ​ត្រា បាន​ប្រើ​កណ្តាប់​វាយ​ផ្ទៃមុខ និង​បោះ​ជង្គង់​ធ្ងន់ៗ​លើ​ក្បាលពោះ​កីឡាករ លន បញ្ញា ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​រាប់​៨​ម្តង​នៅ​ចុង​ទឹក​ទី​១​។



​ក្រោយ​ស្ទាបស្ទង់​ដឹង​ពី​កម្រិត​សមត្ថភាព និង​កម្លាំង​របស់​ដៃគូ​ហាក់​ថមថយ ចិ​ត្រា មិន​បង្អង់​ឡើយ​ក្រោយ​ស្នូរ​ជួង​ទឹក​ទី​២​ចាប់ផ្តើម ដោយ​រូបគេ​បាន​ប្រើ​កណ្តាប់ដៃ​លឿនៗ​វាយ​ទៅលើ​ផ្ទៃមុខ​របស់ លន បញ្ញា ដែល​ព្យាយាម​រារាំង​ពី​ការ​វាយ​សម្រុក​នេះ​។ ការប្រើ​កណ្តាប់ដៃ​ធ្ងន់ៗ​ជាមួយ​ការបោះ​ជង្គង់​ទៅលើ​ពោះ​ទឹក​ពី​សំណាក់ ចិ​ត្រា ធ្វើ​ឲ្យ បញ្ញា ហាក់​បាត់បង់​ការគ្រប់គ្រង ដែល​ហុច​ឱកាស​ឲ្យ ចិ​ត្រា ប្រើ​កែង​ឆ្វេង​ផ្តួល បញ្ញា ឲ្យ​សន្លប់​នៅ​ដើម​ទឹក​ទី​២​តែម្តង​។

​ការ​ផ្តួល​គូប្រកួត​ត្រឹម​ទឹក​ទី​២ គឺ​វា​លើសពី​ការរំពឹងទុក​របស់​កីឡាករ ឡៅ ចិ​ត្រា ដែល​រំពឹងថា ការប្រកួត​នឹង​អាច​បន្ត​រហូតដល់​ទឹក​ទី​៥ ក្រោយ​រូបគេ ឃើញ​វីដេអូ​សកម្មភាព​ហ្វឹកហាត់ និង​ការប្តេជ្ញាចិត្ត​ប្រកួត​របស់ លន បញ្ញា មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មកដល់​។ 



​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ និង​ចាត់ទុក​ការ​ឈ្នះ​ខ្សែក្រវាត់​ជាការ​សម្រេច​ក្តី​ប្រាថ្នា ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​រូបនេះ​បាន​រៀបរាប់ថា​៖«​ដំបូង​ខ្ញុំ​យល់ថា គាត់​(​លន បញ្ញា​)​តាំងចិត្ត​មក​វាយ ដូច្នេះ​យ៉ាងហោចណាស់​ក៏បាន​៤​ទៅ​៥​ទឹក​ដែរ​។ ប៉ុន្តែ​ក្រោយ​គាត់​ចូល​ពី​បី​ជង្គង់​នៅ​ទឹក​ទី​១ កម្លាំង​គាត់​ហាក់​ធ្លាក់ចុះ ពេលនោះ​ខ្ញុំ​គិតថា មិនបាន​៣​ទឹក​ទេ​។ បន្ទាប់ពី​ឃើញ​គាត់​រាង​ទ្រុឌទ្រោម ខ្ញុំ​ក៏​វាយ​ផ្តាច់​តែម្តងទៅ​»​។​

​អ្នក​ប្រដាល់​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ​សង្កេតឃើញថា បច្ចេក​វាយ​របស់​កីឡាករ លន បញ្ញា គឺ​ធ្វើ​បានល្អ តែ​ហាក់​ខ្សោយកម្លាំង​។ ក្នុងនាម​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ពោរពេញ​ដោយ​បទពិសោធ ចិ​ត្រា ផ្តល់​ជា​គំនិត​ខ្លះៗ​ដល់​កីឡាករ លន បញ្ញា ដើម្បី​យកទៅ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ រូបគេ ជំរុញ​ឲ្យ​កូនសិស្ស​របស់លោក ធន់ សុភា រូបនេះ ហ្វឹកហាត់​ពង្រឹង​ទម្ងន់ដៃ និង​ជើង​ថែមទៀត​។



​កីឡាករ លន បញ្ញា បាន​អះអាងថា នេះ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត តាំងពី​រូបគេ​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ពោលគឺ​រូបគេ​មិន​ធ្លាប់មាន​កីឡាករ​ណា​វាយ​ឲ្យ​សន្លប់​ដូចនេះ​នោះទេ​។ ទោះ​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​អាជីព​ជា​លើកដំបូង​ក៏ដោយ តែ បញ្ញា មិន​បាក់​ទឹកចិត្ត​នោះទេ ហើយ​រូបគេ​ប្តេជ្ញា​នឹង​ព្យាយាម​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ជាងនេះទៀត​។

​សម្រាប់​កីឡាករ លន បញ្ញា ទោះបី​ទទួលបាន​ត្រឹម​ជើង​រង តែ​វា​ជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​គេ ព្រោះ​រូបគេ​មិន​នឹកស្មានថា អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះឡើយ​។ បច្ចេកទេស​ប្រើ​ជង្គង់​បានល្អ និង​ការប្រើ​កណ្តាប់ដៃ​វាយ​លឿនៗ​របស់​កីឡាករ ឡៅ ចិ​ត្រា ត្រូវបាន លន បញ្ញា ចាត់ទុកជា​ចំណុចខ្លាំង ដែល​ធ្វើ​ឲ្យ​គេ​បរាជ័យ​នៅលើ​ក​នេះ​។ សម្រាប់​តំណែង​ជើងឯក​រង លន បញ្ញា ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៨​លាន​រៀល​៕  






Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡៅ ចិ​ត្រា​
  លន បញ្ញា​
  អធិរាជ​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com