FIFA
កីឡាជាតិ
ជាតិ
គ្រូ​ជម្រើសជាតិ​កម្ពុជា ៖​ការលេង​ជាមួយ​ក្រុម​ខ្លាំង នឹង​ធ្វើឱ្យ​កម្ពុជា​រីកចម្រើន​ទៅមុខ​
16, Oct 2019 , 5:11 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ក្រុម​អ៊ីរ៉ាក់ ក្នុង​លទ្ធផល ៤​ទល់​០ នៃ​វគ្គ​ជម្រុះ FIFA World Cup 2022 កាលពី​ថ្ងៃទី​១៥ តុលា ។ ដ្បិត​វា​ជា​លទ្ធផល​មួយ ដែល​អាចធ្វើឱ្យ​អ្នកគាំទ្រ​កម្ពុជា​ខកចិត្ត ប៉ុន្តែ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។



«​វា​ពិតជា​រឿង​ដែល​ល្អ ដែល​អាចឱ្យ​យើង​វាស់​ស្ទង់​សមត្ថភាព​ជាមួយ​ក្រុម​ខ្លាំ​ង​បែបនេះ​។ ហើយ​ក្រុម​ខ្លាំង​ទាំងនេះ វា​ធ្វើឱ្យ​ក្រុម​យើង​រីកចម្រើន​ទៅមុខទៀត​»​។ លោក Felix Dalmas ថ្លែង​នៅក្នុង​សន្និសីទកាសែត ក្រោយ​ការប្រកួត​រវាង​កម្ពុជា និង​អ៊ីរ៉ាក់​។​

​សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ លទ្ធផល​ចាញ់​អ៊ីរ៉ាក់​៤​ទល់​០ វា​បានបង្ហាញ​ពី​កម្រិត​លេង និង​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​។ ភាព​រីកចម្រើន ដែល​លោក Felix មើលឃើញ​នោះ គឺ​កម្ពុជា បាន​លេង​តាម​ទម្រង់ ដែល​លោក និង​លោក ហុងដា អ្នកចាត់ការ​ទូទៅ​បាន​កំណត់​កន្លងមក​។ នោះ​គឺ​ការលេង​ដោយ​មិន​ខ្លាច​ចាញ់ និង​មាន​ឆន្ទៈ ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​។​

«​ខ្ញុំ​មាន​មោទកភាព​ណាស់ សម្រាប់​កីឡាករ​ទាំងអស់ ដែល​បាន​លះបង់​សម្រាប់​ការប្រកួត​ថ្ងៃនេះ​។ វា​បង្ហាញ​ពី​ការរីកចម្រើន​របស់​យើង​ទៅមុខទៀត​។ ហើយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខទៀត យើង​នឹង​វិភាគ​ការប្រកួត ហើយ​យើង​នឹង​រក​វិធី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ក្រុម​របស់​យើង​រីកចម្រើន​ជាងនេះទៀត​…​។ កីឡាករ​របស់​យើង​បានធ្វើ​អ្វី​តាម​ទស្សនវិស័យ និង​ផែនការ​របស់​យើង​សម្រាប់​ការប្រកួត​៩០​នាទី​នេះ​»​។ នេះ​ជាការ​អះអាង​របស់​គ្រូបង្វឹក​កម្ពុជា​។​

​ដ្បិត​កម្ពុជា មានការ​រីកចម្រើន​ក្តី ប៉ុន្តែ​ចំណុច​ខ្វះខាត​នៅតែមាន ដូចជា​ការបញ្ជូន​បាល់ និង​កាយសម្បទា​ជាដើម​។ ប៉ុន្តែ​បញ្ហា​លោក Felix នឹង​ប្រឹង​ដោះស្រាយ ដើម្បីឱ្យ​វា​មាន​ភាពប្រសើ​ឡើង​ជាង​នេះ សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង និង​បា​រ៉ែ​ន នាពេលខាងមុខ​។​

អត្ថបទទាក់ទង

​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2022 នៅក្នុង​ពូ​ល​C នេះ កម្ពុជា មាន​១​ពិន្ទុ ស្មើ​ជាមួយ​ហុងកុង​។ ក្នុងការ​ប្រកួត​៤​លើក​របស់ខ្លួន កម្ពុជា បាន​រង​បរាជ័យ​៣​លើក ដោយ​ចាញ់​អ៊ីរ៉ាក់​៤​ទល់​០,​ចាញ់​អ៊ីរ៉ង់​១៤​ទល់​០ និង​បា​រ៉ែ​ន​១​ទល់​០ និង​លទ្ធផល​១​ស្មើ​ជាមួយ​ហុងកុង​៕

Tag:
 FIFA World Cup 2022
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com