អន្តរជាតិ
លោកស្រី​ការី ឡាំ​បោះបង់​សុន្ទរកថា​នៅ​សភា ក្រោយ​រង​ការរំខាន​ពី​សមាជិក​បក្សប្រឆាំង​
16, Oct 2019 , 10:39 pm        
រូបភាព
ដោយ:
​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បានសម្រេច​លុបចោល​កា​រ​ថ្លែង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ប្រចាំឆ្នាំ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែតុលា ក្រោយពី​លោកស្រី​ត្រូវបាន​រំខាន​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​។ ទន្ទឹមនឹង​ការរំខាន​រហូតដល់​បោះ​បង់​ចោល​បែបនេះ ក្រុម​សមាជិកសភា​គាំទ្រ​ប្រជាធិបតេយ្យ​ទាំងនេះ ថែមទាំង​បាន​ប្រាប់​ឲ្យ​លោកស្រី ឡាំ គោរព​តាម​ការទាមទារ​ដែល​នៅ​សេសសល់​របស់​ក្រុមអ្នកតវ៉ា​ហុងកុង និង​លាលែង​តំណែង​កំពូល​នេះ​។



​ការ​ថ្លែង​សុន្ទរកថា​នេះ ត្រូវបាន​មើលឃើញថា គឺជា​ឱកាស​សំខាន់​មួយ​សម្រាប់​លោកស្រី ឡាំ ស្អំ​ចិត្ត​ប្រជាជន​ហុងកុង​។ នោះ​គឺ​ការបញ្ចេញ​គោលនយោបាយ​ដើម្បី​ដោះស្រាយ​កត្តា​ខ្លះ​ដែលជា​ដើមចម​នៃ​ភាពវឹកវរ ដែល​គ្របដណ្តប់​ក្រុង​ហុងកុង​អស់​៤​ខែ​មកនេះ​។ បញ្ហា​ទាំងនោះ មានដូចជា វិសមភាព​សង្គម និង​វិបត្តិ​ផ្ទះសំបែង ជាដើម​។  ក៏ប៉ុន្តែ​មេដឹកនាំ​ហុងកុង​រូបនេះ ត្រូវបាន​បង្ខំ​ឲ្យ​បោះបង់​សុន្ទរកថា​នេះ​ចោល ក្រោយពី​រង​ការរំខាន​ជាច្រើន​ដង​ពី​សំណាក់​តំណាងរាស្ត្រ​បក្សប្រឆាំង​។

«​ការទាមទារ​ប្រាំ​យ៉ាង​, មិនមែន​តែមួយ​ឡើយ​»​។ សមាជិកសភា​បក្សប្រឆាំង ស្រែក​បែបនេះ ខណៈ​អ្នកខ្លះ​ពាក្យ​របាំងមុខ​រូបលោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ហើយ​ខ្លះ បញ្ចាំង​ពាក្យស្លោក​របស់​ក្រុមអ្នកតវ៉ា​នៅលើ​ជញ្ជាំង​នៃ​អគារ​សភា​ហុងកុង ក្រោយខ្នង​លោកស្រី ឡាំ ។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន សមាជិកសភា​បក្សប្រឆាំង​ម្នាក់​ឈ្មោះថា Tanya Chan និយាយថា លោកស្រី ឡាំ គឺជា​មនុស្ស​ដែល​ត្រូវ​ស្តី​បន្ទាស​ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង​ក្នុង​ទីក្រុង​ហុងកុង​។ តំណាងរាស្ត្រ​រូបនេះ និយាយ​បែបនេះ​៖«​ដៃ​លោកស្រី​ទាំងពីរ ប្រឡាក់​ជោកជាំ​ដោយ​ឈាម​។ យើង​សង្ឃឹមថា​លោកស្រី ការី ឡាំ ដក​[​សំណើ​ច្បាប់​បត្យាប័ន​] និង​ចុះ​ចេញពី​តំណែង […] លោកស្រី​មិន​សាក​សម​នឹង​ធ្វើជា​ប្រធាន​ប្រតិបត្តិ​ឡើយ​»​។

​ក្រោយ​បរាជ័យ​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​នេះ លោកស្រី បាន​បញ្ចេញ​វីដេអូ​ថត​ទុកជាមុន ជំនួស​វិញ​លើ​វេ​ប​សាយ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ហុងកុង​។ នេះ​ជា​លើកទីមួយ​ដែល​មេដឹកនាំ​ហុងកុង មិនអាច​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំនេះ​ដោយផ្ទាល់​បាន គិត​ចាប់ពី​ប្រពៃណី​នេះ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៤៨​មក​។

​ក្នុង​វីដេអូ​នេះ លោកស្រី ការី ឡាំ បានប្រកាស​គម្រោង​បង្កើន​ការផ្គត់ផ្គង់​ដី​និង​ផ្ទះសំបែង​ក្នុង​ក្រុង​ហុងកុង​ដែលជា​ទីផ្សារ​អចលនទ្រព្យ​មានតម្លៃ​ថ្លៃ​កប់​ពពក​មួយ​លើ​ពិភពលោក​។ ត្រង់នេះ លោកស្រី និយាយថា បញ្ហា​ផ្ទះសំបែង​គឺជា​រឿង​បន្ទាន់​បំផុត​មួយ​ដែល​ទីក្រុង​នេះ​ជួបប្រទះ​។ ទន្ទឹមនេះ លោកស្រី សង្កត់ធ្ងន់ថា លោកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា ហុងកុង នឹង​អាចធ្វើ​ដំណើរ​ផុត​ព្យុះភ្លៀង​និង​ឆ្ពោះទៅមុខ​។

អត្ថបទទាក់ទង

សូមបញ្ជាក់ថា ការដាក់ចេញ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​នៅ​ហុងកុង ធ្វើឡើង​ក្រោយពី​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា រដ្ឋសភា​អាមេរិក បានអនុម័ត​សំណើ​ច្បាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហុងកុង​ឆ្នាំ​២០១៩​។ ប្រសិនបើ​ចូល​ជា​ធរមាន​មែន​នោះ ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នេះ នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ជាប្រចាំ​ឆ្នាំ​លើ​ការអភិវឌ្ឍ​នយោបាយ​ក្នុង​ទីក្រុង​នេះ​។ នោះ​គឺ​មើលថា ហុងកុង នៅតែ​អាច​រក្សា​លក្ខខណ្ឌ​ស្វ័យភាព​គ្រប់គ្រាន់ ដាច់ដោយឡែក​ពី​ចិនដីគោក ក្នុង​គោលដៅ​រក្សា​ការផ្តល់​ឲ្យ​ពិសេស​ពី​សហរដ្ឋអាមេរិក​។ ទន្ទឹមនេះ សំណើ​ច្បាប់​នេះ ក៏​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​សិទ្ធិមនុស្ស និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។​

​ក្រៅពី​សំណើ​ច្បាប់​នេះ រដ្ឋសភា​អាមេរិក នៅ​ថ្ងៃ​អង្គារ​ដដែល ក៏បាន​អនុម័ត​វិធានការ​ពាក់ព័ន្ធ​បញ្ហា​ហុងកុង​ពីរ​ផ្សេងទៀត រួមមាន សេចក្តីសម្រេច​គាំទ្រ​ក្រុមបាតុករ​ហុងកុង និង​សំណើ​ច្បាប់​ការពារ​ហុងកុង​។ សម្រាប់​សេចក្ដីស្នើច្បាប់​នេះ អាមេរិក​នឹង​ហាមឃាត់​ការនាំចេញ​សម្ភាៈ​យោធា​នានា ដែល​ប៉ូលិស​ហុងកុង​អាច​ប្រើ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​៕

Tag:
 ហុងកុង​
  សភា​
  សុន្ទរកថា​
  គោលនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com