អន្តរជាតិ
តួ​ក​គី​ព្រម​ផ្អាក​ប្រតិបត្តិការ​យោធា​៥​ថ្ងៃ ទុកពេល​ឲ្យ​កម្លាំង​ឃើ​ដ​ដកចេញ​
18, Oct 2019 , 2:42 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​សហរដ្ឋអាមេរិក​និង​តួ​ក​គី បានសម្រេច​កិច្ចព្រមព្រៀង​មួយ​ដោយ​ផ្អាក​ប្រតិបត្តិការ​នៅ​តំបន់​ភាគ​ខាងជើង​ស៊ី​រី​។ ការព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​មួយ​សបា្តហ៍​ប៉ុណ្ណោះ​ក្រោយ​ក្រុង​វ៉ាស៊ីនតោន​ដក​កងទ័ព​ចេញពី​តំបន់​ត្រួតត្រា​របស់​កងកម្លាំង​ឃើ​ដ ដែល​ក៏​ជាការ​បើកផ្លូវ​សម្រាប់​ប្រតិបត្តិការ​តួ​ក​គី​ប្រឆាំង​ពួក​ឃើ​ដ​។​



​ក្រោយ​ការចរចា​ដឹកនាំ​ដោយ​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និង​អនុ​ប្រធានាធិបតី​អាមេរិក មៃ ផេ​ន ភាគី​ទាំងពីរ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៧ តុលា ។ ភាគី​ទាំងពីរ យល់ព្រម​គ្នា​ថា តួ​ក​គី នឹង​ផ្អាក​ប្រតិបត្តិការ​យោធា​រយៈពេល​១២០​ម៉ោង (៥​ថ្ងៃ​) ដើម្បី​ទុកពេល​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ ដក​ចេញពី​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​ទំហំ​៣២​គីឡូម៉ែត្រ ដែល​ក្រុង​អង់កា​រ៉ា​ត្រៀម​យក​ធ្វើជា​តំបន់​សុវត្ថិភាព​។

​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោក អ៊ែរ​ដូ​ហ្កា​ន អំឡុង​ទស្សនកិច្ច​ក្នុងប្រទេស​តួ​ក​គី លោក​អនុ​ប្រធានាធិបតី ផេ​ន បញ្ជាក់ថា ប្រតិបត្តិការ​តួ​ក​គី នឹងត្រូវ​ផ្អាក​ទាំងស្រុង​រហូត​ដល់ក​ង​កម្លាំង​ឃើ​ដ​ដកចេញ​រួចរាល់ ហើយ​បន្ទាប់មក វ៉ាស៊ីនតោន​នឹង​ដកហូត​ទណ្ឌកម្ម​ខ្លួន​ប្រឆាំង​តួ​ក​គី​វិញ​។ បើតាម​លោក ផេ​ន សហរដ្ឋអាមេរិក​នឹង​ជួយ​សម្របសម្រួល​លើ​សកម្មភាព​ដក​កម្លាំង​ចេញ​របស់​ពួក​ឃើ​ដ​។

អត្ថបទទាក់ទង

​ខណៈ​លោក ផេ​ន បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា «​បទ​ឈប់​បាញ់​» លោក​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី Melvlut Cavusoglu អះអាងថា វា​គឺជា​ការផ្អាក​ប្រតិបត្តិការ​យោធា​បណ្តោះអាសន្ន ពុំមែន​ជាការ​បញ្ឈប់​វា​ឡើយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋមន្ត្រី និយាយ​បែបនេះ​៖«​នេះ​មិនមែនជា​បទ​ឈប់​បាញ់​ឡើយ​។ បទ​ឈប់​បាញ់​មួយ កើតឡើង​រវាង​ភាគី​ស្របច្បាប់​ចំនួន​ពីរ​»​។

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សាទរ​ចំពោះ​ការសម្រេច​កិច្ចព្រមព្រៀង​នេះ​។ ប្រាប់​អ្នកសារព័ត៌មាន អំឡុង​ទស្សនកិច្ច​នៅ​រដ្ឋ Texas លោក​ត្រាំ និយាយថា លោក​ចង់​អរគុណ​ដល់​ពួក​ឃើ​ដ ព្រោះតែ​ពួកគេ​ពិតជា​សប្បាយចិត្ត​ជាមួយ​ដំណោះស្រាយ​នេះ​។ នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​ជួយសង្គ្រោះ​ជីវិត​ពួកគេ​។

​គួរ​បញ្ជាក់ថា អង្គការ​ឃ្លាំមើល​ស៊ី​រី​ទទួលបន្ទុក​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ប្រជាជន​ស្លូតត្រង់​ជាង​៣០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពីផ្ទះ​សំបែង គិត​ចាប់ពី​តួ​ក​គី​បានចាប់ផ្តើម​វាយប្រហារ​ទៅក្នុង​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​មក​។ អង្គការ​នេះ បាន​ហៅ​ប្រតិបត្តិការ​យោធា​នេះ​ជាការ​បង្កចលាចល​ធំ​បំផុត​មួយ ចាប់តាំងពី​សង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១​មក​។ ម្យ៉ាងវិញទៀត ខ្លួន ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា មនុស្ស​៥០០​នាក់ បាន​បាត់​បង់ជីវិត ដែល​ក្នុងនោះ​ក៏មាន​ជន​ស៊ីវិល​ផងដែរ ហើយ​ភាគច្រើន គឺ​សុទ្ធសឹង​ជា​ពួក​ឃើ​ដ​៕

Tag:
 សហរដ្ឋអាមេរិក​
  តួ​ក​គី​
  ស៊ី​រី​
  ឃើ​ដ
© រក្សាសិទ្ធិដោយ thmeythmey.com