ជាតិ
ក្រោយមកពីអឺរ៉ុប សម្តេច ហ៊ុន សែន នឹងទៅចូលរួមពិធីស្បថកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នឹងចូលរួមក្នុងកម្មវិធីស្បថកាន់តំណែងរបស់លោក ចូកូ វីដូដូ (JoKo Widodo) ប្រធានាធិបតី និងលោក ម៉ារូហ្វ អាម៊ីន (Ma’ruf Amin) ជាអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលប្រារព្ធឡើងថ្ងៃទី២០តុលា ឆ្នាំ២០១៩ នៅក្រុងហ្សាការតា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ។
សម្ដេច ហ៊ុន សែន នឹងជួប លោក ចូកូ វីដូដូ (JoKo Widodo) ដោយឡែក ដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាទៀតផង។
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ និងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រី្តទទួលបន្ទុកបេសកកម្មពិសេស នឹងអមដំណើរសម្ដេច ហ៊ុន សែន ចូលរួមកម្មវិធីនេះ។ ជាមួយគ្នាដែរប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាសាន នឹងមានវត្តមានក្នុងកម្មវិធីស្បថកាន់តំណែងរបស់ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថា លោក ចូកូ វីដូដូ (JoKo Widodo) ជាប់ឆ្នោតជាប្រធានធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសាកល កាលពីថ្ងៃទី១៧មេសា ឆ្នាំ២០១៩ សម្រាប់អាណត្តិ២០១៩ ដល់២០២៤៕
Tag:
ឥណ្ឌូណេស៊ី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com