កីឡាជាតិ
ការយក​កម្លាំង​លើកទឹកចិត្ត​គេ ធ្វើជា​កម្លាំង​ខ្លួន​ជួយ​ឲ្យ អ៊ុន ស្រី​យ៉ា ឈ្នះ​ពាន Trophee L’Equipe
20, Oct 2019 , 9:59 am        
រូបភាព
ដោយ:
​ភាព​ឆ្លាត​វៃ​រួមផ្សំ​ជាមួយ​ទេពកោសល្យ និង​សមត្ថភាព​ជួយ​ឲ្យ​កីឡាការិនី អ៊ុន ស្រី​យ៉ា ឈ្នះ​ពាន Trophee L’Equipe ដែល​រៀបចំ​ដោយ​ប្រទេស​បារាំង​ជា​លើក​ទី​២​។ ស្រី​យ៉ា បង្ហាញ​មោទកភាព និង​រំភើប​យ៉ាងខ្លាំង​ចំពោះ​ជ័យជម្នះ ពិសេស​នៅពេល​លឺ​ពាក្យ​គេ​ប្រកាសថា ម្ចាស់​មេដាយមាស​បានមក​លើ​កម្ពុជា​នៅមុខ​ថ្នាក់ដឹកនាំ ប្រតិភូ កីឡាករ​កីឡាការិនី​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​។

 

​ទោះបី​គ្មាន​អ្នកគាំទ្រ​ខ្លួន​លើកទឹកចិត្ត​ផ្ទាល់​នៅ​ប្រទេស​បារាំង តែ​កីឡាការិនី អ៊ុន ស្រី​យ៉ា មាន​ភាព​ឆ្លាត​វៃ​មួយ តាមរយៈ​ប្រើ​កម្លាំង​លើកទឹកចិត្ត​របស់​អ្នកគាំទ្រ​គេ ធ្វើជា​កម្លាំង​លើកទឹកចិត្ត​សម្រាប់​ខ្លួនឯង​។ ភាព​ច្នៃប្រឌិត រួមផ្សំ​ទេពកោសល្យ និង​សមត្ថភាព​ជួយ​ឲ្យ អ៊ុន ស្រី​យ៉ា យកឈ្នះ​កីឡាការិនី​ទុយ​នី​ស៊ី ១៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​ពាន Trophee L’Equipe 2019​។​



«​ធម្មតា​គ្នា​គេ​តែងតែ​លើកទឹកចិត្ត​គ្នា​គេ តែ​យើង​ត្រូវយក​កម្លាំង​លើកទឹកចិត្ត​គេ​ធ្វើជា​កម្លាំង​របស់​យើង​តស៊ូ​ដើម្បី​ជ័យជម្នះ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី អ៊ុន ស្រី​យ៉ា ដែល​បាន​បន្ថែមថា ការថែរក្សា​សុខភាព និង​កម្លាំង​ស្មារតី​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ និង​ពេលវេលា​ខុសគ្នា​រវាង​កម្ពុជា​និង​បារាំង ក៏​ជា​កត្តា​រួមចំណែក​ក្នុង​ភាពជោគជ័យ​របស់​នាង​ផងដែរ​។ 



​សម្រាប់ ស្រី​យ៉ា ការ​ឈ្នះពាន​អន្តរជាតិ​នៅលើ​ក​នេះ មិនមែន​ជោគជ័យ​សម្រាប់តែ​នាង​នោះទេ តែ​វា​បាន​ជួយ​លើក​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ពិសេស​វិស័យ​កីឡា​ប៉េតង់​។ នាង បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​ខ្មែរ​មាន​មោទកភាព​ណាស់​នៅពេល​គេ​ប្រកាសថា Cambodia ហើយ​ក៏មាន​កិត្តិយស​ផងដែរ ដែល​បាន​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​លំដាប់​អន្តរជាតិ​មួយ​នេះ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​ចំពោះ​ជ័យជម្នះ​លើក​នេះ​»​។



​សម្រាប់​ការប្រកួត​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាការិនី​៣​រូប និង​គ្រូបង្វឹក​១​រូប​ឲ្យ​ចូលរួម​។ ប៉ុន្តែ​កីឡាការិនី កែ ឡេង និង ស្រ៊ាង សុរ៉ា​ឃីម ដែល​ទៅ​ជំនួស​កីឡាការិនី អ៊ុក ស្រីមុំ មិន​ទទួលបាន​មេដាយ​នោះទេ​។ ទោះបី​យ៉ាងនេះ​ក្តី​លោក សុខ ប៉ុង ដែលជា​គ្រូបង្វឹក និង​ជា​ប្រធាន​ប្រតិភូ​បាន​អះអាងថា កីឡាការិនី​ទាំងពីរ​បានធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​មួយ​នេះ ពោលគឺ​ពួកគេ​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។



​បើតាម​គ្រូបង្វឹក​រូបនេះ ការប្រកួត​ពាន Trophee L’Equipe ឆ្នាំនេះ​មាន​១១​ប្រទេស​ចូលរួម និង​មាន​១៦​ក្រុម​(​បុរស​៨ ស្រី​៨)​។ ការប្រកួត​នេះ ត្រូវបាន​ប្រទេស​បារាំង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​យក​ខេត្ត​នីមួយៗ​របស់ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ម្តងម្នាក់​។ ការផ្លាស់ប្តូរ​ទីលាន​ប្រកួត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ វា​បាន​បង្ក​ផល​លំបាក​ដល់​កីឡាការិនី​ក្នុងការ​ស្វែងរក​ជ័យជម្នះ​។ «​យើង​បាន​ហ្វឹកហាត់​ដិតដល់​ពី​ប្រទេស​របស់​យើង​ដែរ តែ​ទីលាន​ប្រកួត​ហាក់​ប្លែក ព្រោះ​គេ​ធ្វើ​តម្រូវ​កីឡាករ​គេ​ដែរ​»​។ នេះ​ការបង្ហាញ​ផល​លំបាក​របស់លោក សុខ ប៉ុង​។​



​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​មានប្រសាសន៍ថា គ្រប់​ប្រទេស​ទាំងអស់​មិនមែន​សុទ្ធ​តែមាន​សិទ្ធិ​អាច​ចូលរួម​ការប្រកួត​នេះ​បានទេ ពោលគឺ​បារាំង​អញ្ជើញ​តែ​ប្រទេស​ខ្លាំងៗ ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​ពិភពលោក​តែប៉ុណ្ណោះ​។ កត្តា​នេះ ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ស្វិតស្វាញ​បំផុត​។



​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ បានចាត់ទុក​ជ័យជម្នះ​របស់​កីឡាការិនី អ៊ុន ស្រី​យ៉ា ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​វិស័យ​កីឡា​ប៉េតង់ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​។ តាមរយៈ​លទ្ធផល​នេះ លោក រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​អំឡុង​ខែវិច្ឆិកា ខាងមុខនេះ​។

​សម្រាប់​លោក ស សុខា ការធ្វើជា​ម្ចាស់ផ្ទះ​មិនមែន​ជាការ​មានប្រៀប​នោះទេ ផ្ទុយទៅវិញ​ជា​សម្ពាធ​មួយ​ដ៏​ធំ​សម្រាប់​កីឡាករ​ម្ចាស់ផ្ទះ ព្រោះ​ការខិតខំ​ប្រឹងប្រែង​ចង់​ស្វែងរក​ជ័យជម្នះ​ខ្លាំងពេក អាចបង្កើត​ឲ្យ​មាន​ជា​កំហុស ឬ​សម្ពាធ​ផ្លូវចិត្ត​ជាដើម​។ លោក​បន្ថែមថា ជា​ជំហាន​បន្ទាប់ សហព័ន្ធ នឹង​ពង្រឹង​ផ្នែក​សតិអារម្មណ៍​កីឡាករ និង​កម្លាំងកាយ​ជាដើម​។   


​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​បាន​ដល់​មាតុភូមិ​កាលពី​យប់​ថ្ងៃទី​១៦ តុលា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ស សុខា ប្រធាន​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជាច្រើនរូប​ទៀត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕


Tag:
 ប៉េតង់​
  អ៊ុន ស្រី​យ៉ា​
  Trophee L’Equipe
  សុខ ម៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com