វៀតណាម​បញ្ជា​ឲ្យ​ស៊ើបអង្កេត​រឿង​សាកសព​ក្នុង​ទូ​កុងតឺន័រ​នៅ​អង់គ្លេស ក្រោយ​សង្ស័យថា​មាន ជនជាតិ​វៀតណាម​ច្រើន​នាក់​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម​បញ្ជា​ឲ្យ​ស៊ើបអង្កេត​រឿង​សាកសព​ក្នុង​ទូ​កុងតឺន័រ​នៅ​អង់គ្លេស ក្រោយ​សង្ស័យថា​មាន ជនជាតិ​វៀតណាម​ច្រើន​នាក់​
27, Oct 2019 , 10:49 am        
រូបភាព
​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc នៅ​ថ្ងៃទី​២៦ ខែតុលា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្នុងស្រុក​បើក​ការស៊ើបអង្កេត​មួយ ដើម្បី​រក​ចម្លើយ ថា​តើ​មាន​ជនជាតិ​វៀតណាម​ស្លាប់​នៅក្នុង​ទូ​កុងតឺន័រ​នៅអង់គ្លេស ​ឬក៏​អត់​។ បទបញ្ជា​នេះ​កើតឡើង បន្ទាប់ពី​មានការ​សង្ស័យថា មាន​ជនជាតិ​វៀតណាម​ច្រើន​នាក់​ដែល​ស្លាប់​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។

​ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម Nguyen Xuan Phuc បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​មួយ ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ​មនុស្ស​ខុសច្បាប់ បន្ទាប់ពី​សង្ស័យថា​មាន​សាកសព​ប្រជាជន​វៀតណាម​មួយចំនួន​នៅក្នុង​ទូ​កុងតឺន័រ​ប្រទេស​អង់គ្លេស​។​
 
​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​បង្ហោះ​នៅក្នុង​គេហទំព័រ​រដ្ឋាភិបាល​វៀ​ត​ណា​ម លោក Phuc បានលើកឡើង​យ៉ាងច្បាស់ៗ​ថា​៖« ការរំលោភបំពាន​ច្បាប់​ទាំងឡាយ នឹងត្រូវ​ដោះស្រាយ​យ៉ាង​តឹងរ៉ឹង​បំផុត​»​។ អ្វីដែល​សំខាន់​នោះ​គឺ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បានបញ្ជាក់​ហើយ​ថា របាយការណ៍​នឹងត្រូវ​មក​ដល់ដៃ​របស់លោក​ផ្ទាល់​ត្រឹម​ថ្ងៃទី​៥ ខែវិច្ឆិកា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​។ 
 
​ចំណែក​ក្រសួងការបរទេស​វៀត​ណា​ម ក៏​មិននៅ​ស្ងៀម​ដែរ​ក្នុង​កិច្ចការ​នេះ​។ ជាក់ស្តែង​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការបរទេស បាន​អះអាងថា ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ឡុង​ដ៍ ក៏​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​អង់គ្លេសក្នុងការស្រាវជ្រាវ និង​ពិនិត្យមើល​សាកសព ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​។ ប៉ុន្តែ​មកទល់ពេលនេះ​មន្ត្រី​ប៉ូលិស​អង់គ្លេស មិនទាន់​អាច​បញ្ជាក់​សញ្ជាតិ​របស់​សាកសព​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា មាន​ជនរងគ្រោះ​មួយចំនួន មាន​ដើមកំណើត​ចេញពី​អាស៊ី​អាគេ្នយ៍​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ VietHome ដែលជា​អង្គការ​សម្រាប់​សហគម​ន៍​វៀតណាម បានទទួល​ព័ត៌មាន​ពី​គ្រួសារ​ចំនួន​១០ កំពុង​បាត់​សមាជិក​ជាទី​ស្រលាញ់​របស់​ពួកគេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) ។ 
 
​ពិតណាស់ថា មាន​សារ​ប្លែកៗ​មួយចំនួន ត្រូវបាន​ផ្ញើមក​ក្រុមគ្រួសារ​ជនសង្ស័យ​។ តួយ៉ាង​ដូចជា​កញ្ញា Pham Thi Tra My ជាដើម​។ ក្នុង​អត្ថន័យ​បញ្ជាក់​ពី​ក្តី​ស្រលាញ់ និង​ក្តី​អស់សង្ឃឹម ដែល​បាន​ផ្ញើ​ទៅ​ម្តាយ​របស់ខ្លួន យុវតី​វ័យ ២៦​ឆ្នាំ​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា ផ្លូវ​ធ្វើដំណើរ​ទៅ​បរទេស គឺ​មិន​ជោគជ័យ​ឡើយ  ការណ៍​នេះ​ត្រូវបាន​គេ​ជឿថា នាង​ក៏បាន​ស្លាប់​នៅក្នុង​ទូ​កុងតឺន័រ​នេះដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី Hoa Nghiem ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​វៀតណាម​។ 
 
​ទន្ទឹម​ជាមួយគ្នានេះ បុរស​ម្នាក់ទៀត​ឈ្មោះ​​ Nguyen Dinh Gia បាន​សង្ស័យថា កូនប្រុស​របស់គាត់ ក៏បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ខាងលើ​ដែរ​។ នេះ​បើតាម​​​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​។ 
 
​លោក Gia បាន​បញ្ជាក់ថា នៅ​បួន ប្រាំ​ថ្ងៃមុន មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ទូរ​សព្ទ​មក​ប្រាប់ថា សូម​មាន​ក្តី​អាណិតអាសូរ​ខ្លះ​ផង មាន​អ្វីដែល​មិនបាន​រំពឹងទុក​កើតឡើង​ហើយ​។ អ្វី ដែល​សំខាន់​នោះ​គឺ ការនិយាយ​រប​ស់បុរ​សម្នាក់​នោះ គឺ​ប្រៀប​ដូចជា​នៅក្នុង​ទូ​កុងតឺន័រ​អ៊ីចឹង​។ 
 
​ក្នុង​ទឹកមុខ​ដ៏​កម្សត់ លោក Nguyen Dinh Gia បាន​រៀបរាប់ថា កូន​របស់គាត់​រស់នៅ​ប្រទេស​បា​រាំង​ដោយ​ខុសច្បាប់​​។ ប៉ុន្តែ​ពីរ​សប្តាហ៍​មុន កូន​របស់គាត់​ឈ្មោះ Nguyen Dinh Luong មាន​គម្រោង​ទៅលេង​ប្រទេស​អង់គ្លេស ដោយ​ត្រូវ​បង់ប្រាក់ ១៤០០០​ដុល្លារ​។ ប៉ុន្តែ​ស្រាប់តែ​បួន ប្រាំ​ថ្ងៃមុន លោក​ទទួល​ទូរ​សព្ទ​ដ៏​ចម្លែក​បែបនេះ​។ ដោយសារតែ​ភ័យ​ពេក គាត់​បាន​ដួល​ទៅលើ​ដី​ទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ។​
 
​ដោយឡែក​នៅក្នុង​តំបន់ Yen Thanh ប្រទេស​វៀតណាម​ឯណោះ​វិញ បព្វ​ជិត​សាសនា​គ្រិស្ត Anthony Dang Huu Nam បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា  លោក​កំពុង​ទាក់ទង និង​ប្រមូល​ព័ត៌មាន​ពី​គ្រួសារ​សព ដើម្បី​​ប្រារព្ធ​ពិធីបុណ្យ​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​។ ពេលនេះ​អ្នកភូមិ​ទាំងអស់ កំពុង​ពោរពេញ​ដោយ​ទុក្ខសោក​។ បព្វ​ជិ​ត​សាសនា​គ្រិស្ត​ដដែល​បាន​និយាយថា អ្វីដែល​កំពុងតែ​ធ្វើ​នេះ គឺ​ដើម្បី​បួងសួង​រក​យុត្តិធម៌ និង​សន្តិភាព​សម្រាប់​សាកសព​ទាំងនោះ។
 
​សូមបញ្ជាក់ថា បើតាម​ការអះអាង​រប​ស់​ប៉ូលិសអង់គ្លេស ក្រុមសង្រ្គោះបន្ទាន់ បាន​រកឃើញកុងតឺន័រ​នៅ​សួន Waterglade Industrial Park ក្នុង​ទីក្រុង​ហ្គ្រេ​ស ដែលមាន​ទីតាំងនៅក្បែរ River Thames ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ពី​កណ្តាល​ទីក្រុង​ឡុង​ដ៍ ហើយ​បាន​ជូនដំណឹង​ដល់​ប៉ូលីស​នៅ​ម៉ោង​ប្រហែល ១ និង​៤០ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​៕

Tag:
 វៀតណាម​
  ចក្រភព​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com