កីឡាជាតិ
ជាតិ
ហុងដា នឹង​លេង​ឱ្យ​ក្លិប Vitesse នៃ​ប្រទេស​ហូ​ឡង់
07, Nov 2019 , 5:41 pm        
រូបភាព
រូបពីហ្វេសប៊ុកកីឡាករ ហុងដា នៅគ្រាដែលលេងឱ្យក្លិប Melbourne Victory នៃប្រទេសអូស្ត្រាលី
រូបពីហ្វេសប៊ុកកីឡាករ ហុងដា នៅគ្រាដែលលេងឱ្យក្លិប Melbourne Victory នៃប្រទេសអូស្ត្រាលី
​ភ្នំពេញ​៖ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ហុងដា​( Keisuke Honda) បាន​ចូលរួម​ជាមួយ​ក្លិប​Vitesse Arnhem នៃ​ក្របខណ្ឌ​កីឡាបាល់ទាត់​កំពូល​ហូ​ឡង់ Eredivise  ។ ហុងដា នឹងត្រូវ​លេង​ឱ្យ​ក្លិប​មួយ​នេះ រហូតដល់​ផុត​រដូវ​កាល ២០១៩-២០២០​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Channel News Asia​។​

 
Channel News Asia បាន​ស្រង់​សម្តី​ពី​ភាគី​ក្លិប​Vitesse Arnhem ថា នៅពេលនេះ ហុងដា កំពុង​រង់ចាំ​លិខិតអនុញាត​ការងារ​សិន ប៉ុន្តែ​រូបគេ​ក៏​អាច​ចូលរួម​ជាមួយ​ក្រុម​បានដែរ បន្ទាប់ពី​សម្រាក​ការប្រកួត​អន្តរជាតិ ដែល ហុងដា ត្រូវ​ដឹកនាំ​កម្ពុជា ជួប​ជាមួយ​ហុងកុង នៅ​ជើង​ទី​២ នៃ​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 នា​ថ្ងៃទី​១៩ វិច្ឆិកា​។ ក្លិប Vitesse Arnhem ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៥ មាន​២៣​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ការប្រកួត​១២​លើក​នោះ ក៏​មិនបាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន ឬ​លក្ខខណ្ឌ​នៃ​ការចូលរួម​របស់ ហុងដា ឡើយ​។​
 
​តាមពិតទៅ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះ ធ្លាប់​លេង​ឱ្យ​ក្លិប VVV-Venlo នៃ​ក្របខណ្ឌ​កំពូល​ហូ​ឡង់​នេះ មួយ​រដូវ​កាល​ដែរ កាលពី​ឆ្នាំ​២០០៨-២០០៩​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្លិប Vitesse Arnhem ដែល​បាន​ស្រង់​សម្តី ហុងដា យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​លេង​នៅក្នុង​ក្របខណ្ឌ​ហូ​ឡង់​នេះ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា អ្នកគាំទ្រ​នៅ​ក្របខណ្ឌ​ហូ​ឡង់​ទាំងអស់ នឹង​នៅតែ​ចងចាំ​ខ្ញុំ​។ ហើយ​ម្យ៉ាងទៀត ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍ នៅក្នុង​ការ​តារាង​ប្រកួត​»​។​
 
​ក្រោយ​ចាក​ចេញពី​ក្លិប Melbourne Victory នៃ​ប្រទេស​អូស្ត្រាលី កាលពី​ខែ មិថុនា​កន្លងមក អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា វ័យ​៣៣​ឆ្នាំ​រូបនេះ ក៏​ធ្លាប់​បានបង្ហាញ​បំណង​ចង់​លេង​ឱ្យ​ក្លិប​យក្ស​នៅ​អ៊ីតាលី គឺ AC Milan និង​ក្លិប Manchester United នៅ​ក្របខណ្ឌ​អង់គ្លេស តាមរយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​ដែរ​។ ប៉ុន្តែ​មិន​ការឆ្លើយតប​ពី​ក្លិប​ទាំងពីរ​នេះឡើយ​។​
 
​ហុងដា ធ្លាប់​រកបាន​៣៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៩៨​លើក ឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន មុននឹង​ចូល​និវត្ត​ក្រោយ​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ២០១៨​។ បច្ចុប្បន្ន ហុងដា បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ជាង​១​ឆ្នាំ​ហើយ ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៨​មក​៕  
 

Tag:
 ហុងដា​
  បាលទាត់​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com