កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជា​មិនទាន់បាន​កៅអី​ទៅ​វគ្គ​បន្ត​ឡើយ ដោយ​ចាំ​អ៊ុត​ពូ​ល A
11, Nov 2019 , 1:17 am        
រូបភាព
លោក Koji Gyotoku គ្រូបង្វឹកឈុត U19 កម្ពុជា។ រូបថត FFC
លោក Koji Gyotoku គ្រូបង្វឹកឈុត U19 កម្ពុជា។ រូបថត FFC
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ កម្ពុជា មិនទាន់​ទទួលបាន​កៅអី​ជា​ផ្លូវ​សម្រាប់​ព្រឹត្តិការណ៍ AFC U19 Championship 2020 នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ឡើយ​។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតក្នុង​ប្រអប់​ក្រុម​លេខ​២​ល្អ​បំផុត​លំដាប់​ទី​៥ ប៉ុន្តែ​រង់ចាំ​មើល​លទ្ធផល​នៃ​ក្រុម​លេខ​២​ពូ​ល A ដោយ​ពូ​ល​នេះ មិនទាន់មាន​ការប្រកួត​នោះឡើយ​។​



អត្ថបទទាក់ទង


U19 កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជម្រុះ​ពូ​ល G ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ម៉ាឡេស៊ី ដែល​ឈ្នះ​ទាំង​៤​ប្រកួត ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​។ ដោយសារ​ពូ​ល G មាន​៥​ក្រុម លទ្ធផល​នៃ​ជំនួប​ជាមួយ​កោះ​ម៉ា​រី​យ៉ាណា ដែលជា​ក្រុម​បាត​តារាង មិន​ត្រូវបាន​រាប់បញ្ចូល​ឡើយ សម្រាប់​ការប្រៀបធៀប​ក្រុម​លេខ​២​ល្អ​បំផុត​ជាមួយ​១០​ពូ​ល​ទៀត​។​

​ការប្រកួត​ចំនួន​៤​លើក​របស់​កម្ពុជា​នៅក្នុង​ពូ​ល G គឺ​ចាញ់​ម៉ាឡេស៊ី ៥-៤ ឈ្នះ​កោះ​ម៉ា​រី​យ៉ាណា ៩-០ ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​។ រីឯ​ការប្រៀបធៀប​ចំណាត់ថ្នាក់​លេខ​២​វិញ គឺ​កម្ពុជា មាន​៦​ពិន្ទុ (+៣) ផ្អែកលើ​លទ្ធផល​ឈ្នះ​ថៃ ព្រុយ​ណេ និង​ចាញ់​ម៉ាឡេស៊ី​។​

កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការប្រកួត​របស់​ហ្ស៊​កដា​នី និង​យ៉េ​មែន នៅក្នុង​ពូ​ល​រៀងៗ​ខ្លួន​របស់​ពួកគេ​។ ហ្ស៊​កដា​នី បាន​រង​នូវ​ការខកចិត្ត​ក្រោយ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ១-១ ជាមួយ​បា​រ៉ែ​ន ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​បាត់​ឱកាស​ប្រជែង​យក​កៅអី​លេខ​២​ល្អ​បំផុត តែ​យេ​ម៉ែន បាន​រារាំង​ឱកាស​របស់​កម្ពុជា ដោយ​ពួកគេ​បាន​យក​យក​ស្មើ​កាតា ១-១ ដើម្បី​រក្សា​ការ​មានប្រៀប​លើ​កម្ពុជា​។​

​ឡាវ វៀតណាម យេ​ម៉ែន និង​អ៊ូ​ស​បេ​គី​ស្ថាន ជា​ក្រុម​លេខ​២​ល្អ​បំផុត​ដែល​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត រីឯ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៥​ជា​បណ្តោះអាសន្ន ដោយ​រង់​ចាំមើល​លទ្ធផល​នៃ​ការប្រកួត​នៅក្នុង​ពូ​ល A ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ទីកន្លែង​ប្រកួត​ពី​អ៊ីរ៉ាក់ ទៅ​អូ​ម៉​ង់​។ ដំបូង​ឡើយ អ៊ីរ៉ាក់​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​តាម​កម្មវិធី​ប្រកួត​ដូច​ពូ​ល​ដទៃ ប៉ុន្តែ​ក្រោយ​ចលនា​បាតុកម្ម​នយោបាយ​នៅ​អ៊ីរ៉ាក់ ការប្រកួត​ត្រូវបាន​ប្តូរ​ទៅកាន់​ទឹកដី អូ​ម៉​ង់​វិញ ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​

​ក្រុម​នៅក្នុង​ពូ​ល A រួមមាន អ៊ីរ៉ាក់ អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន គូ​វ៉ែត និង​ប៉ា​គី​ស្ថាន​។ ក្រុម​លេខ​១ នឹង​ឡើងទៅ​វគ្គ​បន្ត ខណៈ​ក្រុម​លេខ​២ នឹងត្រូវ​យកទៅ​ប្រៀបធៀប​ជាមួយ​កម្ពុជា​។ ដោយសារ​ពូ​ល​នេះ មាន​៥​ក្រុម ដូច្នេះ​លទ្ធផល​ជាមួយ​ក្រុម​បាត​តារាង នឹងមិន​ត្រូវ​រាប់បញ្ចូល​ឡើយ​សម្រាប់​តំណែង​ក្រុម​លេខ​២​ល្អ​បំផុត​។​

ក្រុម​ដែល​ឡើងទៅ​រង់ចាំ​នៅ​ជុំ​ចុងក្រោយ​រួមមាន ក្រុម​លេខ​១​ក្នុង​ពូ​ល​នីមួយៗ ដូចជា កាតា (​ពូ​ល B), តា​ហ្ស៊ី​គី​ស្ថាន (​ពូ​ល C), អ៊ីរ៉ង់ (​ពូ​ល D), បា​រ៉ែ​ន (​ពូ​ល E), អា​រ៉ា​ប៊ី​សា​អូឌីត (​ពូ​ល F), ម៉ាឡេស៊ី (​ពូ​ល G), អូស្ត្រាលី (​ពូ​ល H), កូរ៉េខាងត្បូង (​ពូ​ល I), ជប៉ុន (​ពូ​ល J), ឥណ្ឌូណេស៊ី (​ពូ​ល K)​។ ឡាវ វៀតណាម យ៉េ​មែន និង​អ៊ូ​ស​បេ​គី​ស្ថាន ជា​ក្រុម​លេខ​២​ល្អ​បំផុត​។ ដោយសារ​អ៊ូ​ស​បេ​គី​ស្ថាន​ដែលជា​ម្ចាស់ផ្ទះ​ស្ថិតក្នុង​ចំណោម​ក្រុម​លេខ​ល្អ ទើប​ចំនួន​ក្រុម​ត្រូវ​តម្លើង​ទៅ​ចំនួន​៥ ហើយ​លំដាប់​ទី​៥​កំពុង​គ្រប់គ្រង​ដោយ​កម្ពុជា ជាមួយនឹង​៦​ពិន្ទុ (+៣)៕


© រក្សាសិទ្ធិដោយ thmeythmey.com