កីឡាជាតិ
ជាតិ
ប្រតិភូគុនល្បុក្កតោ បានជួបស្តេចប្រដាល់ Manny Pacquiao ក្នុងអំឡុងពេលហ្វឹកហាត់នៅហ្វីលីពីន ប្រតិភូ គ្រូបង្វឹក និងកីឡាករ គុនល្បុក្កតោថតរូបជាមួយស្តេចប្រដាល់ Manny Pacquiao ក្នុងអំឡុងទស្សនកិច្ចអគារព្រឹទ្ធសភាហ្វីលីពីន
× ប្រតិភូកីឡាករជម្រើសជាតិគុនល្បុក្កតោ បានជួបស្តេចប្រដាល់ ម៉ានី ប៉ាគីអាវ (Manny Pacquiao) ក្នុងអំឡុងពេលពួកគេធ្វើទស្សនកិច្ចនៅអគារព្រឹទ្ធសភានៅប្រទេសហ្វីលីពីន។ នេះបើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលបានបង្ហោះរូបថត១៤សន្លឹក នៅថ្ងៃទី១២ វិច្ឆិកា។
ប្រតិភូកីឡាគុនល្បុក្កតោ ដែលដឹកនាំដោយលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ត្រូវបានថ្នាក់ដឹកនាំប្រទេសហ្វីលីពីនអញ្ជើញទៅធ្វើទស្សនកិច្ចអគារព្រឹទ្ធសភារបស់ហ្វីលីពីន។ ក្នុងអំឡុងទស្សនកិច្ចនេះ ប្រតិភូគុនល្បុក្កតោបានជួបសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភាមួយចំនួនដែលចូលរួមក្នុងសកម្មភាពកីឡា។ ជាពិសេសពួកគេបានជួប និងថតរូបជាមួយកីឡាករក្នុងចិត្ត(Idol) គឺស្តេចប្រដាល់សកល Manny Pacquiao ដែលជាសភាជិកព្រឹទ្ធសភាហ្វីលីពីន។
«ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជា ត្រូវបានអញ្ជើញទស្សនៈកិច្ចនៅអាគារព្រឹទ្ធសភាហ្វីលីពីននិងជួបសម្តែងការគួរសម ជាមួយសមាជិកព្រឹទ្ធសភា ដែលចូលរួមជាមួយសកម្មភាពកីឡា ជាពិសេស ឯកឧត្តម ម៉ានី ប៉ាគីអាវ»។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសរសេរដូច្នេះពេលបង្ហោះរូបថត១៤សន្លឹកបង្ហាញពីសកម្មភាពទស្សនកិច្ចរបស់ប្រតិភូកីឡាគុនល្បុក្កតោនៅអគារព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
កីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជា កំពុងបោះជំរំហ្វឹកហាត់នៅប្រទេសហ្វីលីពីន ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន លើប្រភេទកីឡាដំបងខ្លីArnis ដែលជាកីឡាវប្បធម៌របស់ម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខណៈសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជូនកីឡាករកីឡាការិនីចំនួន១០រូបឲ្យចូលរួម៕
Tag:
គុនល្បុក្កតោ
Manny Pacquiao
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com