ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ អ្នកទើបរួចពីពន្ធនាគារ សូមកុំផ្តេសផ្តាស់ ហើយនិយាយថាសម្ពាធអន្តរជាតិ
× នាពិធីសម្ពោធផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់ អ្នកគាំទ្រអតីតគណបក្សប្រឆាំង ថា ពួកគេប្រឈមនឹងចាប់ខ្លួនវិញ ប្រសិនបើពួកគេបន្តធ្វើសកម្មភាពមិនគប្បី ហើយនិយាយថា រដ្ឋាភិបាលរងសម្ពាធអន្តរជាតិ។
កន្លងមក អ្នកគាំទ្រអតីតគណបក្សប្រឆាំងជាង៧០នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ត្រូវក្រោមការសង្ស័យថាបានចូលរួមធ្វើរដ្ឋប្រហារជាមួយក្រុមអ្នកប្រឆាំង ដែលមានលោក សម រង្សី ជាមេដឹកនាំ។ ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍នៅខេត្តកំពត កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យសហការជាមួយតុលាការ ពិសេសជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យដោះលែងរាល់អ្នកទាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្ស១៨នាក់ មិនត្រូវបានលើកលែងឡើយ ដោយសារតែពួកគេជាមេខ្លោង។ ទាក់ទងនឹងអ្នកដែលទើបទទួលបានការដោះលែងសម្តេចហ៊ុន សែន ព្រមានថា ពួកគេមិនត្រូវធ្វើសកម្មភាពដែលគួរឲ្យកត់សម្គាល់នោះឡើយ ជាពិសេសការនិយាយថា សម្តេចរងសម្ពាធអន្តរជាតិ។
«សម្រាប់បងប្អូនដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ រឿងក្តីអត់ទាន់បញ្ចប់ទេ អ្នកណាចូលរួមអ្នកនោះមានបញ្ហា»។នេះជាការព្រមានរបស់សម្តេច ហ៊ុន សែន អះអាងថា អ្នកទាំងនោះជាប់រឿងក្តីចំនួន២គឺ បទញុះញង់បង្ករឲ្យមានចលាចល ដែលប្រឈមជាប់គុកពី១ ទី៣ឆ្នាំ រីឯរឿងទីពីរ គឺទាក់ទងនឹងរដ្ឋប្រហារ ដែលប្រឈមជាប់ពី១០ទៅ៣០ឆ្នាំ។
បើពួកគេបន្តធ្វើសកម្មភាព ត្រឹម៣ថ្ងៃ សម្តេចអាចបញ្ជាឲ្យប្រមូលមកវិញទាំងអស់ ក្រោមហេតុផលសន្តិសុខជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com