ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ពិភពលោក​គួរតែ​មើល​ឥរិយាបថ​ខ្លួន​ឱ្យ​ច្បាស់ ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​
19, Nov 2019 , 11:21 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ពី​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេស ក្រោយ​រួច​ផុតពី​សម័យ​សង្គ្រាម នៅ​ចំពោះមុខ​មេដឹកនាំ​បណ្ដា​ប្រទេស​នានា​។ សម្ដេច ក៏​ឆ្លៀត​ផ្លែផ្កា​ឱ្យ​ប្រទេស​មហាអំណាច​មួយចំនួន ដែល​បាន​ធ្វើទុក្ខបុកម្នេញ​លើ​ប្រទេស​តូចៗ ដោយសារ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ផងដែរ​។​

 
«​ពិភពលោក​គួរតែ​ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ឥរិយាបថ​ខ្លួន ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ ដែល​ខ្លួន​ធ្លាប់បាន​ប្រព្រឹត្ត​ទៅលើ​ប្រទេស​ទាំងនោះ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា កម្ពុជា​ធ្លាប់​រងគ្រោះ​រួចហើយ នៅ​គ្រា​ដែល​រដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ប្រទេស​ក្រោយ​សង្គ្រាម​នោះ បែរ​ជាមាន​ប្រទេស​មហាអំណាច ហ៊ុមព័ទ្ធ​ទណ្ឌកម្ម​សេដ្ឋកិច្ចកម្ពុជា និង​បន្ត​គាំទ្រ​អាសន​របប ប៉ុល ពត នៅក្នុង​អង្គការសហប្រជាជាតិ រហូតដល់​ឆ្នាំ​១៩៩១​ជាដើម ។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល ទង្វើរ​មហាអំណាច​គ្រានោះ មិនមែន​ជួយ​កម្ពុជា​ទេ ប៉ុន្តែ​វា​ជា​បន្ទុក​ដល់​រដ្ឋាភិបាល ដែល​ប្រឹង​ទប់ស្កាត់​សង្គ្រាម​ផង និង​រៀបចំ​ប្រទេស​ផង​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖ សន្តិភាព ការបង្រួបបង្រួម​ជាតិ ការពឹង​ពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​» លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ឆ្លៀត​រិះគន់​បណ្ដា​ប្រទេស​មហាអំណាច​ដូច្នេះ​ថា​៖«​កម្ពុជា​ធ្លាប់​ជួបប្រទះ​រួចហើយ នៅក្នុងពេល​ប្រទេស​តាំងខ្លួន​ប្រជាធិបតេយ្យ ប៉ុន្តែ​បែរជា​គាំទ្រ​រដ្ឋប្រហារ​យោធា​។ ប្រទេស​តាំងខ្លួន​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​បែរជា​គាំទ្រ​ឱ្យ​ពួក​កាប់សម្លាប់​មនុស្ស រំលោភសិទ្ធិ​មនុស្ស និង​ប្រល័យពូជសាសន៍ អង្គុយ​នៅ​អង្គការសហប្រជាជាតិ​»​។​
 
​នៅ​ចំពោះមុខ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក សម្ដេច ហ៊ុន សែន បាន​ប្រាប់​ពួកគេ​ថា បញ្ហា​របស់​កម្ពុជា ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ប្រទេស​មហាអំណាច​នេះ វា​អាចជា​មេរៀន​ការទូត​មួយ សម្រាប់​ពួកគេ​សិក្សា​ស្វែងយល់​ផងដែរ​។ «​សង្ឃឹមថា​បទពិសោធន៍​នៅ​កម្ពុជា គឺជា​មេរៀន​មួយ ដែល​មិន​គ្រាន់តែ​ប្រជាជន​កម្ពុជា​ខ្លួនឯង​ត្រូវ​រៀនសូត្រ​ទេ ក៏ប៉ុន្តែ​កិច្ច​នយោបាយ​ការបរទេស របស់​ប្រទេស​មួយចំនួន សម្រាប់​ឥរិយាបថ​ចំពោះ​ប្រទេស​ដទៃទៀត គួរតែ​ត្រូវបាន​ដក​ពិសោធន៍​»​។ នេះ​ជា​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល ។​
 
​បច្ចុប្បន្ន​ពិភពលោក​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាស​កល ក្នុងនោះ​រួមមាន​សង្គ្រាម​ពាណិជ្ជកម្ម ,​ភូមិសាស្ត្រ​នយោបាយ ,​ការប្រកួតប្រជែង​រប​ស់​ពួក​មហាអំណាច ,​សកម្មភាព​វិទ្ធង្សនា ,​សង្គ្រាម​អូសបន្លាយ​នៅ​មជ្ឈិមបូព៌ា ការប្រែប្រួល​អាកាសធាតុ និង​ភាពក្រីក្រ​រ៉ាំរ៉ៃ រួមទាំង​ភេ​វរ​កម្ម ដែល​កំពុង​គំរាមកំហែង​ដល់​ពាណិជ្ជកម្ម និង​សន្តិភាព​ពិភពលោក ។ ចំណែក​តំបន់​អឺរ៉ុប​វិញ ក៏​កំពុង​ជួប​បញ្ហា​វិបត្តិ​តានតឹង​ផ្នែក​នយោបាយ និង​ការធ្លាក់ចុះ​ទំនាក់ទំនង​ប្រទេស​និង​ប្រទេស ដែល​កំពុង​ត្រូវការ​ប្រទេស​នៅ​អាស៊ី រួមទាំង​សកលលោក​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​។ សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ មុននឹង​បន្ត​ថ្លែង​ដូច្នេះ​ថា​៖ «​ដើម្បីឱ្យ​ពិភពលោក​សន្តិភាព​យូរអង្វែង ត្រូវតែមាន​សន្តិភាព​គ្រួសារ សន្តិភាព​សហគមន៍ និង​សន្តិភាព​សង្គមជាតិ​ជាមុនសិន​»​។ 
 
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩ (Asia Pacific Summit Cambodia – 2019) នៅ​វិមាន​សន្តិភាព ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។ កិច្ចប្រជុំ​លើក​ទី​២ ដែល​សហការ​រៀបចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​សន្តិភាព​សកល (UPF) មាន​តំណាង​ចូលរួម​ប្រមាណ​៥០​ប្រទេស​។ ព្រឹ​តិ្ត​ការណ៍​នេះ មាន​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការកសាង​សន្តិភាព ដោយមាន​វាគ្មិន​ជាតិ និង​អន្តរជាតិ​ដែលជា​អតីត​មេដឹកនាំ និង​មេដឹកនាំ​បច្ចុប្បន្ន​នៃ​បណ្តា​ប្រទេស​មួយចំនួន​។​
 
​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​នេ​ប៉ាល់ កាលពី​ឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​នេះ រៀបចំឡើង​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែលមាន​ខ្លឹមសារ​ស្នូល​ភាគច្រើន ផ្ដោតទៅលើ​សន្តិភាព និង​ការអភិវឌ្ឍ ការប្រែប្រួល​អាកាសធាតុ និង​ដំណោះស្រាយ​ជម្លោះ​ជាដើម​៕

Tag:
 ហ៊ុន សែន​
  អាស៊ី​ប៉ាស៊ីហ្វិក​
  សេដ្ឋកិច្ច
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com