ជាតិ
​​​ន​យោ​បាយ​ជាតិ​
Reuters៖ ត្រាំ ជំរុញសម្តេច ហ៊ុន សែន ឲ្យនាំកម្ពុជាមករកប្រជាធិបតេយ្យវិញ
22, Nov 2019 , 3:49 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក ដូណាល់ ត្រាំ ជួបគ្នា ពេលទៅប្រជុំ​កំពូល​រម្លឹកខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនងអាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧
សម្តេច ហ៊ុន សែន និង លោក ដូណាល់ ត្រាំ ជួបគ្នា ពេលទៅប្រជុំ​កំពូល​រម្លឹកខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនងអាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧
មានការផ្សាយបន្ថែមទៀត ពីលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ខ្លឹមសារនៃលិខិតរបស់លោក ត្រាំ ដែលត្រូវបានចុះផ្សាយលើកក្រោយនេះ គឺមិនត្រូវបានបង្ហោះលើទំព័រហ្វេសបុករបស់សម្តេចនាយករដ្ឋមន្រ្តី។



ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នំា២០១៩នេះថា ក្នុងលិខិតនោះ លោក ត្រាំ បានជំរុញសម្តេចនាយករដ្ឋមន្រ្តី ឲ្យងាកទៅរកប្រជាធិបតេយ្យដូចមុន។ Reuters បានស្រង់ឃ្លាមួយចេញពីលិខិតរបស់លោក ត្រាំ ដែលផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី ទៅសរសេរដូច្នេះថា៖«វា សំខាន់ណាស់ សម្រាប់អនាគតនៃទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ដែលសម្តេចនាយករដ្ឋមន្រ្តី [គួរ] នាំកម្ពុជា ទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ»។

អត្ថបទទាក់ទង


កាលពីរសៀលទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព  ហើយបានប្រគល់លិខិតពីរច្បាប់របស់លោក ដូណាល់ ត្រាំ ជូនទៅសម្តេចនាយករដ្ឋមន្រ្តី។ 

លិខិតទីមួយ គឺនិយាយពីទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរថា អាមេរិក មានបំណងធ្វើឲ្យទំនាក់ទំនងជាមួយកម្ពុជា កាន់តែប្រសើរឡើង។ បើតាមសារលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី លោក ដូណាល់ ត្រាំ បានបញ្ជាក់ជំហររបស់អាមេរិក ក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់កម្ពុជា និង «មិនគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជានោះទេ»។

អាមេរិក ថែមទាំងអះអាងថា នឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ។ នេះបើតាមសំណេរលើលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តីដដែល ដោយបានសរសេរបន្ថែមថា អាមេរិក ក៏នឹងបន្តជួយកម្ពុជា ឲ្យមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកខ្វក់ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀត។

ចំណែកលិខិតទីពីរ គឺលោក ដូណាល់ ត្រាំ អញ្ជើញសម្តេចនាយករដ្ឋមន្រ្តី ទៅចូលរួមប្រជុំកំពូលរវាងអាមេរិក និងអាស៊ាន ដែលរៀបចំលើទឹកដីអាមេរិក នៅឆ្នាំ២០២០៕

Tag:
 ហ៊ុន សែន​
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com