ជាតិ
ក្រុមហ៊ុន​ចិន​មួយ គ្រោង​កែច្នៃ​សំរាម បំ​លែង​ជា​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ​
22, Nov 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd គ្រោង​វិនិយោគ​លើ​ការកែច្នៃ​សំរាម បំ​លែង​ជា​ថាមពល​អគ្គិ​ស​នៅ​ខេត្ត​ព្រះសីហនុ​។​លោក YANG HONG HAO ប្រធាន​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ប្រាប់​ពី​បំណង​ខ្លួន​ទៅ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២១ វិច្ឆិកា​។​


 
​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​១០​រោជ ខែ​ក​ក្តិ​ក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក YANG HONG HAO ប្រធាន​ក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​មាន​គោលបំណង​ធ្វើការ​វិនិយោគ​កែច្នៃ​សំរាម បំ​លែង​ជា​ថាមពល​អគ្គិ​ស​នៅ​ខេត្ត​ព្រះសីហនុ​។​
 
​ក្រៅពី​ការវិនិយោគ​កែច្នៃ​សំរាម​ទៅជា​អគ្គិសនី​នេះ ក្រុមហ៊ុន​របស់លោក YANG HONG HAO ក៏​ចង់​វិនិយោគ​លើ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ទៀតផង​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្តី​ប្រធាន​ក្រុមហ៊ុន​ចិន​រូបនេះ សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន​មាន​ជំនាញ បច្ចេកវិទ្យា​ក្នុងការ​កែច្នៃ​សំរាម មកជា​ថាមពល​អគ្គិសនី ទន្ទឹមនឹងនោះ ក៏មាន​គម្រោង​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​»​។​
 
​ប្រសិនបើ​ក្រុមហ៊ុន​នេះ សិក្សា​មាន​ផល​វិជ្ជមាន​លើ​ការវិនិយោគ​សំរាម​នៅ​ខេត្ត​ព្រះសីហនុ​នោះ រដ្ឋបាលខេត្ត​នឹង​ជួយ​រក​ទីតាំង​បង្កើត​រោងចក្រ រួមទាំង​ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ក្នុងការ​សុំច្បាប់​វិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC )​និង​ក្រសួងបរិស្ថាន​ទៀតផង​។ នេះ​ជាការ​សន្យា​របស់លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​
 
​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​លើង​ឡើងវិញ​ដូច្នេះ​ថា ៖«​កន្លងមក​មាន​អ្នកវិនិយោគ​បាន​ចូលជួប​ពិភាក្សាគ្នា ក្នុង​គោលបំណង​វិនិយោគ​សំរាម ដោយ​កែច្នៃ​ជា​ថាមពល​អគ្គិសនី ក៍​ប៉ុន្តែ​មិនបាន​ឆ្លើយតប​តាម​តម្រូវ​ការដែល​រដ្ឋបាល​ខេត្ត​ចង់បាន​នោះទេ គឺ​គ្រាន់តែ​មកហើយ បាត់​ស្ងាត់​ទៅវិញ ។​ប្រសិនបើ​ក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd មានបំណង​មក​វិនិយោគ​ពិតប្រាកដ ត្រូវ​សិក្សា​លម្អិត ហើយ​រដ្ឋាភិបាល​ខេត្ត​នឹងចូលរួម​សហការ ដើម្បី​ដំណើរការ​បង្កើត​រោងចក្រ ឡ​ដុត​សំរាម​ទទួលបាន​ផ្លែផ្កា​នាពេលខាងមុខ​»​។​
​ការរីកចម្រើន​រយៈពេល ២​ឆ្នាំនេះ បានធ្វើឱ្យ​សំរាម​មានការ​កើនឡើង ពី ១០​ទៅ ១៥​ភាគរយ​ក្នុង​មួយឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ មាន​សំរាម​ចន្លោះ​ពី ១០០​ទៅ ២០០​តោន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន​សំរាម​ក្នុង​ខេត្ត​នេះ មាន​រហូត ១,០០០​តោន​ក្នុង​មួយថ្ងៃ​។ 
 
​បញ្ហា​សំរាម​កើនឡើង​នេះ បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​បញ្ហា​បរិស្ថាន អនាម័យ និង​បាត់បង់​សោ​ភណ្ឌ​ភាព​។ នោះ​ក៏​ព្រោះតែ​ការប្រមូល​សំរាម​បច្ចុប្បន្ន មិនទាន់​សភាពការណ៍ ដែល​ធ្វើឱ្យ​សំរាម​គរ​នៅ​ពាសពេញ​ផ្លូវ​សាធារណៈ ហើយ​មាន​ក្លិនស្អុយ​ទៀតផង​។ បញ្ហា​ប្រឈម​ដ៏​ធំ​មួយទៀត​នោះ គឺ​នៅពេល​សំរាម​គរ​ច្រើន​នោះ វា​បាន​ហូរ​តាម​ទឹកភ្លៀង ចូល​លូទឹកកខ្វក់ និង​ធ្លាក់ចូល​សមុទ្រ ។ មូលហេតុ​ដែលនាំឱ្យ​សំរាម​បំផ្លាញ​សម្រស់​ខេត្ត​ទេសចរណ៍​មួយ​នេះ ដោយសារតែ​ក្រុមហ៊ុន​ប្រមូល​សំរាម​ជួប​វិបត្តិ​ខ្វះ​កម្មករ រួមទាំង​កត្តា​គួបផ្សំ​ផ្សេងទៀត ដូចជា​បញ្ហា​ផ្លូវ និង​ចរាចរណ៍​ជាដើម​។​នេះ​បើតាម​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន​៕

Tag:
 គួច ចំរើន​
 ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com