ជាតិ
​ដៃគូ​អភិវឌ្ឍន៍​ជួយ​១០​លាន​ដុល្លារ បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ក្នុង​១៦០០​ភូមិ​
24, Nov 2019 , 9:19 pm        
រូបភាព
អ្នកស្រី ជិន ស៊ុនលី និងលោក ជ័យ វណ្ណា ម្ចាស់អាជីវកម្មផលិតកម្មបេតុងខ្នាតមធ្យម នៅខេត្តស្វាយរៀង។ រូបថតដោយលោក ធីលឡឺកូហ្សូល នៃiDE
អ្នកស្រី ជិន ស៊ុនលី និងលោក ជ័យ វណ្ណា ម្ចាស់អាជីវកម្មផលិតកម្មបេតុងខ្នាតមធ្យម នៅខេត្តស្វាយរៀង។ រូបថតដោយលោក ធីលឡឺកូហ្សូល នៃiDE
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គម្រោង​ចំណង​អភិវឌ្ឍន៍​ផលប៉ះពាល់​អនាម័យ ដែលមាន​ទឹកប្រាក់​១០​លាន​ដុល្លារ បាន​បើក​ដំណើរការ នៅ​កម្ពុជា ក្រោម​ការគាំទ្រ​មូលនិធិ​ពី​អង្គការ​អាយ​ឌី​អ៊ី​កម្ពុជា​(IDE), Stone Family និង​ទីភ្នាក់ងារ​អាមេរិក USAID​។ គម្រោង​នេះ មាន​គោលដៅ បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ក្នុងភូមិ​ចំនួន ១៦០០ ក្នុង​ខេត្ត​ចំនួន​៦​របស់​កម្ពុជា រួមមាន​ខេត្តស្វាយរៀង​,​កណ្ដាល​,​ព្រៃវែង​,​កំពង់ធំ​,​សៀមរាប និង​ខេត្តឧត្ដរមានជ័យ នៅក្នុង​ឆ្នាំ ២០២៥​។​

 
​គម្រោង​ចំណង​អភិឌ្ឍន៍​ផលប៉ះពាល់​អនាម័យ (IDB) ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​។ តាម​ប្រកាស​ព័ត៌មាន​រួម​របស់​គម្រោង IDE , Stone Family និង USAID គម្រោង​នេះ មាន​ទឹកប្រាក់ ១០​លាន​ដុល្លារ មាន​គោលដៅ​ប្រែក្លាយ​ភូមិ​ចំនួន ១,៦០០ ក្នុង​ខេត្តស្វាយរៀង​,​កណ្ដាល​,​ព្រៃវែង​,​កំពង់ធំ​,​សៀមរាប និង​ខេត្តឧត្ដរមានជ័យ ឲ្យ​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាស​ពាសកាល សុវត្ថិភាព​អនាម័យ និង​លើកកម្ពស់​សុខុមាលភាព​សហគមន៍​ជនបទ ជាពិសេស​សម្រាប់​កុមារ​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក ផល ហ្កា​ន់​ស្តិ​ន​សិន (Paul Gunstensen) នាយក​គម្រោង​អភិវឌ្ឍន៍​ទឹកស្អាត និង​អនាម័យ​ជនបទ (WASH) បានចាត់ទុក​គំនិត​ផ្តួចផ្តើម​នេះ ថា​ជា​ជំហាន​ដ៏​ខ្ពស់​ក្នុង​ភាពជា​ដៃគូ​រយៈពេល​៦​ឆ្នាំ ដើម្បី​គាំទ្រ​កម្មវិធី​ទីផ្សារ​អនាម័យ របស់​អង្គការ​អាយ​ឌី​អ៊ី​កម្ពុជា ឲ្យ​បានទទួល​ជោគជ័យ​។ ហើយ​លោក Paul សង្ឃឹមថា វា​នឹង​ធ្វើជា​គំរូ​មួយ​ស្តីពី​ហិរញ្ញវត្ថុ​រយៈពេល​យូរ និង​ជាការ​គាំទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​សំខាន់ នៃ​អនាម័យ​សកល​។ បើតាម​នាយក​គម្រោង​អភិវឌ្ឍន៍​ទឹកស្អាត និង​អនាម័យ​ជនបទ (WASH) ដដែល គម្រោង DIB ជា​ចលករ​ផ្លាស់ប្ដូរ​មួយ ពី​អ្នកផ្ដល់​ជំនួញ​ទៅជា​អ្នកវិនិយោគ ដែល​អាចធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​សង្គម និង​ផលចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​។ 
 
​លោកស្រី លី​ស អែល​លី​ស (Llzz Ellls) ប្រធាន​នាយក​ប្រតិបត្តិ​អង្គការ IDE ក៏បាន​លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ថា ការ​ផ្ដោតលើ​លទ្ធផល​ការងារ នៃ​ចំណង​អភិវឌ្ឍន៍​លើក​ផលប៉ះពាល់ បានផ្ដល់​នូវ​ភាពបត់បែន​ក្នុងការ​វិវឌ្ឍន​នៃ​ប្រព័ន្ធ​បរិស្ថាន​ឥតឈប់ឈរ​។ លោកស្រី Llzz Ellls បន្ត​៖«​ភាពបត់បែន​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​អង្គការ IDE សាកល្បង​យុទ្ធសាស្ត្រ​ថ្មី​នេះ សម្រាប់​បង្កើន​សមត្ថភាព​របស់​យើង ក្នុងការ​ឈានទៅ​ជួយ​គ្រួសារ​ក្រីក្រ​ជាងគេ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​អនាម័យ ដើម្បី​ធានា​មនុស្ស​ទាំងអស់ ទទួលបាន​អត្ថប្រយោជន៍ ឆ្ពោះទៅ​សម្រេច​អនាម័យ​ល្អ​ទាំងស្រុង​»​។​
 
​សម្រាប់ លោកស្រី វី​ណា រ៉េដ​ឌី (Veena Reddy) នាយក​បេសកកម្ម​របស់ USAID បានចាត់ទុក គម្រោង DIB​នេះ ថា​ជា​គំរូ​នៃ​ភាពជា​អ្នកដឹកនាំ រវាង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ និង​ការផ្ដល់​ហិរញ្ញប្បទាន ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាស​កល ដើម្បី​ទទួល បាន​លទ្ធផល​នៃ​ការអភិវឌ្ឍន៍​ល្អ​បំផុត​។ 
 
DIB មាន​គោលបំណង​បង្កើត​ដំណោះស្រាយ​លើ​ទីផ្សារ​អនាម័យ និង​រួមចំណែក​បង្កើន​អត្រា​គ្របដណ្តប់​អ​នា​មួយ​សកល ក្នុង​បណ្តា​ខេត្ត​ទាំង​៦ ជួយ​កាត់បន្ថយ​ជំងឺ​ក្រិន​កុមារ និង​ការការពារ​ការ​រាលដាល​ជំងឺឆ្លង និង​ការចម្លង​តាម​ទឹក​។ ការងារ​ទាំងនេះ គឺ​ជួយ​គាំទ្រ​ដល់​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បញ្ឈប់​ការ​បន្ទោបង់​ពាល​វាល​ពាសកាល នា​ឆ្នាំ​២០២៥ ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០៕
 

Tag:
 អនាម័យ
 បន្ទោបង់​
  IDB
© រក្សាសិទ្ធិដោយ thmeythmey.com