អត្ថបទពាណិជ្ជកម្ម
សន្និសីទ​ធនាគារ​អាស៊ាន ចាប់ផ្តើម​សម័យប្រជុំ​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ​
26, Nov 2019 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ មន្ត្រី​ជំនាញ​កំពូលៗ​ក្នុង​សេវា​ហិរញ្ញវត្ថុ មកពី​ទូទាំងប្រទេស​ក្នុង​សហគមន៍​អាស៊ាន នឹង​មកជួប​ជុំគ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ប្រចាំ​តំបន់​ដ៏​សំខាន់​មួយ ដែល​ផ្តោតទៅលើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ និង​សេវា​ហិរញ្ញវត្ថុ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​២២ នឹង​ប្រព្រឹត្តទៅ​ក្រោម​ទស្សនទាន «​ការផ្សារភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ ពិភពលោក​ដ៏​ក្លៀវក្លា​ថ្មី​មួយ​នៃ​ន​វា​នុ​វត្ត​ភាព ប្រព័ន្ធ​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែមួយ (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector)» ដោយមាន​ការសហការ​រៀបចំឡើង ដោយ​សមាគម​ធនាគារ​កម្ពុជា (ABC) និង​សមាគម​ធនាគារិក​អាស៊ាន (ABA)​។ 
 
​គណៈអធិបតី​ជាន់ខ្ពស់​នៅក្នុង​សន្និសីទ​ដ៏​សំខាន់​មួយ​នេះ រួមមាន លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​លោក Dato Lim Kok Hoi អគ្គ​រដ្ឋលេខាធិការ​ស​ហគ​មន៍​អាស៊ាន​។ 


 
​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​សរសេរ​សារ​ស្វាគមន៍​ដល់​ប្រតិភូ​ក្នុង​សន្និសីទ​នេះ​ថា​៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​បានឃើញ​ដំណើ​រវិ​វ​ឌ្ឍ ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​វិស័យ​ធនាគារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​ស៊ាន ជាពិសេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ ការធ្វើ​ទំនើបកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ ទៅកាន់​ប្រជាពលរដ្ឋ​អាស៊ាន​ច្រើនជាង​៦០០​លាន​នាក់ ប្រកបដោយ​សុវត្ថិភាព និង​បរិ​យាប​ន្ន​»​។ 
 
​លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​មានប្រសាសន៍​ក្នុងពេល​បើក​សន្និសីទ​នេះ​ថា កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន មានន័យថា​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាច​សិក្សា​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក អនុវត្តតាម​គ្នា​ទៅវិញទៅមក និង​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ លោក អ៊ិន ចាន់នី បន្ត​ឡើង​ឡើង​ដូច្នេះ​ថា​៖«​យើង​មិន​ត្រឹមតែ​បានឃើញ ពី​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ធំៗ​ក្នុង​តំបន់ ដូចជា​Grab នៅ​សិង្ហ​បុរី ឬក៏​ក្រុមហ៊ុន​Go Jek នៅ​ឥណ្ឌូណេស៊ី ដែល​កំពុងតែ​ឈានមុខ​គេ ក្នុង​វិស័យនេះ ក្នុងការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ថ្មីៗ មាន​ភាពងាយស្រួល​ប៉ុណ្ណោះ​ទេ យើង​បាន​សិក្សា​រៀនសូត្រ​ពី​ក្រុមហ៊ុន​ទាំងនោះ ហើយ​យើង​កំពុងតែ​អភិវឌ្ឍ​ក្រុម​អ្នក​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​របស់​យើង ដូចជា​ក្រុមហ៊ុន PassApp ឬ Joonaak ដែល​កំពុងតែ​នាំយក​ចំណេះដឹង ក្នុង​តំបន់​របស់​ពួកគេ​នៅទីនេះ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពល​ដ្ឋ​របស់​យើង​»​។​


 
​លោក អ៊ិន ចាន់នី បាន​បន្តថា​៖«​យើង​បានទទួល​ស្វាគមន៍​ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត ដើម្បី​ប្រតិបត្តិ​នៅទីនេះ ប៉ុន្តែ​យើង​មាន​មោទនភាព​ណាស់ ដែល​យើង​មាន​ទេពកោសល្យ និង​មហិច្ឆតា ក្នុងការ​បង្កើត និង​បង្កើន​ការប្រកួតប្រជែង​ក្នុងស្រុក ជាមួយនឹង​ក្រុមហ៊ុន​ធំៗ ប្រចាំ​តំបន់​ទាំងនេះ​»​។ 
 
​ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​ផ្សេងទៀត ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​អនុសាសន៍​របស់ខ្លួន លើ​ប្រធានបទ​ដូចគ្នានេះ អំឡុងពេល​កិច្ចពិភាក្សា​ជា​ក្រុម ទៅលើ​ប្រព័ន្ធ​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) សន្តិសុខ​លើ​ការលួចចម្លង​ទិន្នន័យ (cybersecurity) និង​បញ្ជី​កំណត់ត្រា​ប្លុក (Blockchain) និង​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ និង​សេវា​ហិរញ្ញវត្ថុ​។ ប្រតិភូ​ចំនួន ៥០០​នាក់ ត្រូវបាន​រំពឹងទុក​ថា នឹងចូលរួម​ក្នុង​សន្និសីទ​រយៈពេល​១​ថ្ងៃ​ពេញ​នេះ នៅឯ​សណ្ឋាគារ​សុខា ស្ថិតនៅ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​មន្ត្រី​តំណាង​ជាច្រើន មកពី​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផ្សេងទៀត​ទូទាំង​តំបន់​។ 
 
​ថ្ងៃទី​២ នៃ​សន្និសីទ​ដ៏​សំខាន់​នេះ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ម្ចាស់​ឧបត្ថម​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង ធនាគារ អេស៊ីលីដា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB) ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​ភ្នំពេញ ពាណិជ្ជ ក្នុងនាម​ជា​ដៃគូ​ចម្បង គឺជា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​៤៩ ហើយ​និង​ត្រូវ​រៀបចំឡើង​សម្រាប់​សមាជិក​របស់​ស​មា​គម​ធនាគារិក​អាស៊ាន ប៉ុណ្ណោះ​។ 
 
​សន្និសីទ​នេះ បានចាប់ផ្តើម​ជាមួយនឹង​ការស្វាគមន៍​ដោយ​ការរៀបចំ​ពិធីជប់លៀង​សំណេះសំណាល​គ្នា​មួយ កាលពី​ថ្ងៃអាទិត្យ ហើយក៏​នឹងមាន​ការប្រកួត​កីឡាវាយកូនគោល និង​ដំណើរ ទស្សនកិច្ច​ក្នុង​ទីក្រុង ក្នុងនោះ​រាប់បញ្ចូល​ទាំង​ដំណើរ​ទស្សនកិច្ច ទៅកាន់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ ក្នុង​ខេត្តតាកែវ សម្រាប់​ប្រតិភូ និង​ដៃគូ​ផងដែរ ដើម្បី​ណែនាំ​ឲ្យ​ពួកគេ​ស្គាល់​ពី​ភាពទំនើប និង​ភាពរស់រវើក​នៃ​រាជធានី​ភ្នំពេញ និង​កម្ពុជា​ទាំងមូល​។ 
 
​នេះ​គឺជា​លើក​ទី​១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ធនាគារ​អាស៊ាន ដែល​សន្និសីទ​នេះ តម្រូវ​ឲ្យ​រាល់​ប្រទេស​ជា​សមាជិក​សហគមន៍​អាស៊ាន ប្តូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ រៀងរាល់ ២​ឆ្នាំ​ម្តង​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com