អន្តរជាតិ
រង​ការរិះគន់​ខ្លាំង​រឿង​ស៊ី​ហ្គេម​, លោក ឌូ​ទើ​តេ ចង់​ឲ្យ​កងទ័ព​រៀបចំ​ព្រឹ​ត្ត​ការណ៍​អន្តរជាតិ​វិញ​ម្ដង​
29, Nov 2019 , 9:50 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាជំនួបមួយនៅវិមានប្រធានាធិបតី។ រូបថតពីវិមានប្រធានាធិបតីហ្វីលីពីន Malacanang
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាជំនួបមួយនៅវិមានប្រធានាធិបតី។ រូបថតពីវិមានប្រធានាធិបតីហ្វីលីពីន Malacanang
​ហ្វីលីពីន​ដែល​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣០ រង​ការរិះគន់​យ៉ាងខ្លាំង​ទាក់ទង​ការរៀបចំ ពិសេស​បញ្ហា​បដិសណ្ឋារកិច្ច​អត្ត​ព​លិ​ក​ដែលជា​ភ្ញៀវ​។ ការ​ទុក​ឲ្យ​កីឡាករ​បរទេស​រង់ចាំ​យូរ​នៅ​ព្រលានយន្តហោះ និង​នៅ​សណ្ឋាគារ ក៏ដូចជា​ឡាន​ដឹកជញ្ជូន​ទំហំ​តូច បានកើត​ឡើង​ព្រមៗ​គ្នា​។ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិន​សប្បាយ​ចិត្តនឹង​រឿង​បែបនេះ​ឡើយ ហើយ​ចង់​ឲ្យ​កងទ័ព​ជា​អ្នករៀបចំ​ព្រឹ​ត្ត​ការណ៍​ធំៗ​លើក​ក្រោយៗ​វិញ​ម្ដង​។​

 
​ព្រឹ​ត្ត​ការណ៍​កីឡា​អន្តរជាតិ​លើក​ក្រោយ​ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ កងទ័ព​អាច​នឹង​ជា​អ្នកចាត់ចែង​វិញ​ម្ដង​។ នេះ​ជា​បំណង​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​កំពុង​មិន​សប្បាយ​ចិត្តនឹង​បញ្ហា​ដែល​ផ្ទុះឡើង​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣០ ដែល​ហ្វីលីពីន​កំពុង​រៀបចំ​។ ព្រឹ​ត្ត​ការណ៍​កីឡា​ធ្វើឡើង​រៀងរាល់​ពីរ​ឆ្នាំនេះ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ហើយ​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែធ្នូ​ខាងមុខ​។ 
 
​ប៉ុន្តែ​បញ្ហា​បាន​កើតឡើង​តាំងពី​សប្ដាហ៍​មុន ពេល​អត្ត​ព​លិ​ក​កីឡាបាល់ទាត់​មកពី​ប្រទេស​អាស៊ាន​ដែល​ចូលរួម ចាប់ផ្ដើម​ធ្វើដំណើរ​ទៅដល់​ហ្វីលីពីន​។ ក្រុម​កម្ពុជា បាន​ចំណាយពេល​ជាច្រើន​ម៉ោង ដើម្បី​រង់ចាំ Check In នៅ​សណ្ឋាគារ​មុន​បាន​ចូល​បន្ទប់​គេង​។​ក្រុមទី​ម័​រ​ខាងកើត ត្រូវ​រង់ចាំ​ឡាន​ដឹក​ពួកគេ​យ៉ាងយូរ​ពេល​ពួកគេ​ទៅដល់​ព្រលានយន្តហោះ​។ កាន់តែ​ហួសចិត្ត​ឡាន​ដឹក​ពួកគេ​ទៅ​ហុ​ស​សណ្ឋាគារ​ទៀត ដែល​ធ្វើ​ឲ្យ​កាលវិភាគ​នៃ​ការមកដល់ និង​ហ្វឹកហាត់​មាន​ភាព​រញ៉េរញ៉ៃ​។​
 
​បញ្ហា​ខាងលើ​ក៏បាន​កើតឡើង​ចំពោះ​ក្រុមបាល់ទាត់​ថៃ ផងដែរ​។ បើតាម Rappler ក្រុម​ថៃ​ត្អូញត្អែរ​ពី​ការខ្វះខាត​បន្ទប់ ដែល​បង្ខំ​ឲ្យ​កីឡាករ​ពួកគេ​បីនាក់​ត្រូវ​សម្រាក​ក្នុង​បន្ទប់​សម្រាប់​មនុស្ស​ពីរ​នាក់​។ ថៃ ក៏ត្រូវ​បង្ខំចិត្ត​លុបចោល​ការហ្វឹកហាត់​រប​ស់​ខ្លួន​ផងដែរ ព្រោះ​ទីលាន​ហ្វឹកហាត់​នៅ​ឆ្ងាយ​ពី​សណ្ឋាគារ​។ ឯ​ក្រុម​មី​យ៉ាន់​ម៉ា​វិញ បាន​ត្អូញត្អែរ​ពី​ការរង់ចាំ​យូរ​នៅ​ព្រលានយន្តហោះ​។ មី​យ៉ាន់​ម៉ា ក៏​មិន​ពេញចិត្ត​រថយន្ត​ដឹក​កីឡាករ​ដែលមាន​ទំហំ​តូច ពិបាក​ដល់​កីឡាករ​ពួកគេ​ដែរ​។​
 
​ទាក់ទង​បញ្ហា​នេះ លោក ឌូ​ទើ​តេ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា និយាយថា លោក​ចង់​ឲ្យ​កងទ័ព​ហ្វីលីពីន រៀបចំ​ព្រឹ​ត្ត​ការណ៍​អន្តរជាតិ​លើក​ក្រោយ​វិញ ព្រោះ​ពួកគេ​មាន​រចនាសម្ព័ន្ធ​ល្អ​។ លោក​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា​៖ «​បញ្ហា​ទាំងនេះ គួរ​ដោះស្រាយ​ដោយ​កងទ័ព​។ ពួកគេ​ជា​អ្នករៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​ល្អ ព្រោះ​កងទ័ព​ទាំងមូល ជា​ស្ថាប័ន​ធំ​មួយ ហើយក៏​ទទួលបាន​ការហ្វឹកហាត់​ជា​រចនាសម្ព័ន្ធ​ទាក់ទង​ការគិត​ផងដែរ​។​»
 
​យ៉ាងណាមិញ មិនមែន​កងទ័ព​ជា​អ្នកទទួលខុសត្រូវ​លើ​ការងារ​ទាំងអស់​ឡើយ​។ លោក ឌូ​ទើ​តេ ពន្យល់ថា កងទ័ព នឹង​កាន់ការ​ផ្នែក​រៀបចំ​ផែនការ​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​ដែល​កើតឡើង​ដោយ​មិនបាន​រំពឹងទុក ហើយ​អាច​រក​ដំណោះស្រាយ​សមស្រប​ផងដែរ​។ 
 
​កងទ័ព ទាំង​កំពុង​បំពេញការងារ ទាំង​ចូលនិវត្តន៍ តែងតែ​ជា​ជម្រើស​ចុងក្រោយ​របស់លោក ឌូ​ទើ​តេ ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​។ កាលពី​ឆ្នាំ​២០១៨ លោក ឌូ​ទើ​តេ បានប្រកាស​ឲ្យ​កងទ័ព​គ្រប់គ្រង​ការិយាល័យ​គយ បន្ទាប់ពី​ផ្ទុះ​រឿង​នាំចូល​គ្រឿងញៀន​រាប់សិប​តោន​។ ចំណែក​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក​វិញ ក៏​សម្បូរ​រដ្ឋមន្ត្រី​ជា​មេទ័ព​ចូលនិវត្តន៍​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com