កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ ជប៉ុន ឡើងឈរកំពូលតារាងនៅអាស៊ី ឯវៀតណាមឡើងទៅលេខ១អាស៊ាន
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន បានទម្លាក់អ៊ីរ៉ង់ដើម្បីឡើងទៅកាន់កំពូលតារាងចំណាត់ថ្នាក់ពិភពលោករបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA World Ranking) ប្រចាំតំបន់អាស៊ី (AFC) គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។ វៀតណាមដែលជាក្រុមកំពុងឡើងជើងខ្លាំង ក៏ហក់ឡើងទៅឈរលើគេក្នុងតារាងសម្រាប់តំបន់អាស៊ាន (Asian) ផងដែរ។
តាមរយៈការឈ្នះគ្រប់ការប្រកួតក្នុងវគ្គជម្រុះតាមពូល World Cup 2022 ប្រចាំតំបន់អាស៊ី សាំមូរ៉ៃជប៉ុនបានកើនចំនួនពីរពិន្ទុ ស្របពេលដែលអ៊ីរ៉ង់ដែលធ្វើមិនបានល្អក្នុងវគ្គជម្រុះដូចគ្នាបានថយចំនួន៦ពិន្ទុ ហើយត្រូវធ្លាក់ទៅលេខរៀងទី២វិញ។
ជប៉ុនបានឡើងទៅកាន់ចំណាត់ថ្នាក់ទី២៨ពិភពលោក និងទី១នៅតំបន់អាស៊ី រីឯអ៊ីរ៉ង់ធ្លាក់ទៅលេខ៣៣ពិភពលោក និងលេខ២ប្រចាំតំបន់អាស៊ីវិញ។
កូរ៉េខាងត្បូងនៅរក្សាចំណាត់ថ្នាក់ទី៤១ពិភពលោក និងទី៣នៅតំបន់អាស៊ីដដែល ហើយអូស្ត្រាលីក៏នៅចំណាត់ថ្នាក់ដដែលដូចគ្នា។
ដោយឡែក វៀតណាមឯណោះវិញក៏មិនធម្មតាដែរ ពួកគេបានឡើងទៅឈរកំពូលតារាងសម្រាប់ចំណាត់ថ្នាក់ទី៩៤ពិភពលោក និងទី១ប្រចាំតំបន់អាស៊ាន។ ក្រុមរហស្សនាមផ្កាយមាសបានធ្វើព្យុះភ្លៀងក្នុងវគ្គជម្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនៅកាតាដោយឈរនៅកំពូលតារាងពូល G ជាមួយលទ្ធផលប្រកួតមិនស្គាល់ចាញ់សោះ ក្នុងនោះ៥ប្រកួត ឈ្នះ៣ និងស្មើ២ មាន១១ពិន្ទុ។
ចំណែកកម្ពុជា ដែលធ្វើមិនបានល្អក្នុងវគ្គជម្រុះ World Cup នោះ បានធ្លាក់ពីលេខ១៦៩ ទៅ១៧៣ ស្មើគ្នាជាមួយឥណ្ឌូណេស៊ីវិញ។
សម្រាប់ក្រុមលេខ១ពិភពលោក ប៊ែលហ្ស៊ិកនៅរក្សាចំណាត់ថ្នាក់នេះដដែល ដែលតាមពីក្រោយដោយតាមពីក្រោយដោយបារាំង ប្រេស៊ីល អង់គ្លេស អ៊ុយរ៉ូហ្គាយ ក្រូអាស៊ី ព័រទុយហ្គាល់ អេស្ប៉ាញ អាហ្សង់ទីន និងកូឡុំប៊ីដែលក្នុងចំណោម Top10៕
Tag:
FIFA Ranking
ជប៉ុន
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com