មន្ត្រីជាន់ខ្ពស់​កសិកម្ម​៖ កម្ពុជា​មិនទាន់​អាច​នាំ​ស្វាយ​ទៅ​ចិន​បាន ព្រោះ​ខ្វះ​រោងចក្រ​សម្លាប់​មេរោគ
ជាតិ
មន្ត្រីជាន់ខ្ពស់​កសិកម្ម​៖ កម្ពុជា​មិនទាន់​អាច​នាំ​ស្វាយ​ទៅ​ចិន​បាន ព្រោះ​ខ្វះ​រោងចក្រ​សម្លាប់​មេរោគ
06, Dec 2019 , 4:37 pm        
រូបភាព
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងថ្លែង ក្នុងសន្និសីទសារព័ត៌មាន «ស្តីពីប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៥ ធ្នូ ឆ្នាំ២០១៩។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងថ្លែង ក្នុងសន្និសីទសារព័ត៌មាន «ស្តីពីប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៥ ធ្នូ ឆ្នាំ២០១៩។
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ កម្ពុជា​មិនទាន់បាន​នាំ​ស្វាយ​ទៅ​ចិន​ឡើយ ដោយសារ​ខ្វះ​រោងចក្រ​សម្លាប់​មេរោគ ។ ចិន​គឺជា​ទីផ្សារ​ធំ​របស់​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ឆាយ អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


 
​លោក ងិន ឆាយ បាន​បញ្ជាក់ថា កម្ពុជា​គ្រោង​នាំ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន ឱ្យបាន​៣០០០​តោន ទៅ​៤០០០​តោន​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​ករណី​នាំចេញ​បាន​នោះ លុះត្រា​តែមាន​រោងចក្រ​វេច​ខ្ចប់ អនាម័យ  ពិសេស​រោងចក្រ​សម្លាប់​មេរោគ​ពពួក​ដង្កូវ​រុយ​។ បើតាម​លោក ងិន ឆាយ  សព្វថ្ងៃនេះ​ចិន​មិនទាន់​បើក​ការ​នាំចូល​ស្វាយ​ពី​កម្ពុជា​ទេ ព្រោះ​ចិន​ទាមទារ​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ដ៏​តឹងតែង ដើម្បី​ធានា​សុវត្ថិភាព និង​អនាម័យ​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន «​ស្តីពី​ប្រភេទ​ពូជ​ស្វាយ និង​ទីផ្សារ​អន្តរជាតិ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​កសិក​ម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« នៅ​ជំហាន​បន្ទាប់​គេ​(​ចិន​) នឹង​ចុះ​វាយតម្លៃ កសិក​ដ្ឋា​ន​ស្វាយ​យើង​មួយ​សារ​ទៀត ស្តីពី​សុវត្ថិភាព​។ អ៊ីចឹង​មុននឹង​យើង​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​នៅ​ចិន​បាន យើង​ត្រូវបង្កើត​រោងចក្រ​ឬ​ទីតាំង​សម្រាប់​វេច​ខ្ចប់ និង​សម្លាប់​មេរោគ ពិសេស​សម្លាប់​មេរោគ​ពពួក​ដង្កូវ​រុយ​។ ប្រសិនបើ​យើង មិនបង្កើត​រោងចក្រ ឬ​កន្លែង​សម្រាប់​មេរោគ​ហ្នឹង​ទេ យើង​គឺ​មិនអាច​នាំ​ផ្លែស្វាយ​ស្រស់​នៅ​ប្រទេស​ចិន​បានទេ​»​។  
 
​បើតាម​លោក ងិន ឆាយ បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​តែមួយគត់ ដែល​បង្កើត​រោងចក្រ​សម្លាប់​មេរោគ​ក្នុង​ផ្លែស្វាយ​នោះ គឺ​ក្រុមហ៊ុន Hyundai Agro​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​សម្លាប់​មេរោគ​ក្នុង​ផ្លែស្វាយ ដើម្បី​នាំចេញ​គឺមាន​កម្រិត​ទាប ដោយ​អាច​សម្លាប់​មេរោគ​ក្នុង​ស្វាយ បាន​ត្រឹម​២៥​ទៅ​៣០​តោន​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ 
 
« ចំនួន​នេះ​យើង​ត្រូវ​នាំចេញ​យ៉ាងតិច ក្នុង​រដូវ​ដែល​យើង​ប្រមូល​ផល ពី​៣០០០​ទៅ​៤០០០​តោន ក្នុង​មួយថ្ងៃ ទៅ​ចិន​ដែលជា​ស្វាយ​មាន​សុវត្ថិភាព ដោយ​សម្លាប់​មេរោគ​រួចហើយ​។ ដូច្នេះ សមត្ថភាព​នៃ​ការសម្លាប់​មេរោគ​ក្នុង​ផ្លែស្វាយ​យើង គឺ​នូវជាប​ញ្ហា​ធំ​នៅឡើយ​»​។ នេះ​បើតាម​លោក ងិន ឆាយ ដែល​បាន​បន្ថែមថា ប្រទេស​ចិន​មាន​តម្រូវការ​ស្វាយ មិន​ក្រោម​៥០​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​ឡើយ​។ 
 
​យ៉ាងណាមិញ អគ្គនាយកដ្ឋាន​កសិក​ម្ម​រូបនេះ សង្ឃឹមថា ស្វាយ​របស់​កម្ពុជា​នឹង​អាច​នាំ​ចូលទៅ​ទីផ្សារ​ចិន  បាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ តាមរយៈ​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​នានា ដែលមាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ ឬ​ទីកន្លែង​សម្លាប់​មេរោគ​ក្នុង​ស្វាយ​នេះ​។ បច្ចុប្បន្ន​កម្ពុជា មាន​រោងចក្រ​កែច្នៃ​ស្វាយ​ចំនួន​៨​ទីតាំង​។ កម្ពុជា មាន​ផ្ទៃដី​ដាំ​ស្វាយ​ជាង​១០​ម៉ឺន​ហិកតា ដែល​អាច​ទទួលបាន​ទិន្នផល​ស្វាយ​ប្រមាណ​៤​លាន​តោន​ក្នុង​មួយឆ្នាំ​។​
 
​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ មន្ត្រី​កសិកម្ម​និង​គយ​ប្រទេស​ចិន បាន​ចុះមក​វាយតម្លៃ​កសិដ្ឋាន​ស្វាយ​នៅ​កម្ពុជា​ក្នុង​ជំហាន​ដំបូង ។ ភាគី​ចិន​បាន​ទទួលស្គាល់ថា កសិដ្ឋាន​ដាំ​ដុះ​ស្វាយ​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ ស្របតាម​ស្តង់ដារ ដែល​អាច​នាំ​ចេញទៅ​ចិន​បាន ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​មួយចំនួន ដែល​ភាគី​ចិន​នឹង​មក​វាយតម្លៃ​បន្ទាប់​ទៀត មុននឹង​សម្រេច​ផ្តល់​កូតា​នាំចូល​ផ្លែស្វាយ​ទៅ​ចិន​។ បញ្ហា​មួយចំនួន​ដែល​កើតឡើង​ក្នុង​កសិដ្ឋាន​ស្វាយ​កម្ពុជា មានដូចជា​កត្តា​អនាម័យ​នៅក្នុង​ចម្ការ​មិនទាន់​ស្អាត ម្ចាស់​កសិដ្ឋាន​មិនទាន់​ត្រួតពិនិត្យ​និង​កំណត់​សមាសភាព​ចង្រៃ ពិសេស​គឺ​សត្វ​ចង្រៃ​ទៅតាម​រដូវ​ការដាំដុះ និង​ការប្រើប្រាស់​ថ្នាំ​គីមីកសិកម្ម​មួយចំនួន​មិន​ត្រឹមត្រូវ​ជាដើម​។​
 
​កាលពី​ឆ្នាំ​២០១៨ កម្ពុជា បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​(​កែវ​រមៀត​) ជាង​១០​ម៉ឺន​តោន និង​ស្វាយ​កែច្នៃ​ជាង​៥​ម៉ឺន​តោន​។ ដោយឡែក ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៩ កម្ពុជា​បានចេញ​ផ្លែស្វាយ​ស្រស់ ចំនួន ៤៩,៨០២​តោន​។ ប្រទេស​ដែល​នាំចូល​ស្វាយ​ពី​កម្ពុជា មាន ប្រទេស​វៀតណាម​, ថៃ​,​សឹង្ហ​បុរី​, បារាំង និង​រុស្ស៊ី​ជាដើម​។  បច្ចុប្បន្ននេះ​កម្ពុជា បាន​ត្រៀម​នាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ខែមករា ឆ្នាំ​២០២០ ផងដែរ​៕

Tag:
 ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com