កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ សិង្ហបុរី បង្ហាញកីឡាករ U22 ដែលលួចដើរលេងយប់ និងគ្រោងដាក់ពិន័យតឹងរឹង
× សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) នៅថ្ងៃទី៦ធ្នូនេះបានបង្ហាញឈ្មោះកីឡាករបាល់ទាត់ទាំង៦រូបដែលលួចដើរលេងដល់យប់ជ្រៅ រំលោភបម្រាមគោចរ អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។ អ្នកទាំង៦ ប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះសកម្មភាពរបស់ពួកគេ។
កីឡាករទាំង៦រូបនោះ មានដូចជា Tajeli Salamat, Joshua Pereira, Zulqarnaen Suzliman, Zharfan Rohaizad, Kenji Rusydi និង Lionel Tan។ ពួកគេនឹងត្រូវប្រឈមមុខការពិន័យដោយគណៈកម្មាធិការវិន័យរបស់ FAS នៅពេលវិលត្រឡប់ទៅប្រទេសសិង្ហបុរីវិញ ក្រោយចប់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ានលើកទី៣០ (SEA Games2019)។
FAS បានលើកឡើងពីកំហុសរបស់អត្តពលិកទាំង៦ថា៖«ពួកគេត្រូវបានគេរកឃើញថាល្មើសនឹងច្បាប់គោចរ អំឡុងកំពុងបំពេញភារកិច្ចជាតិនៅស៊ីហ្គេមនាទីក្រុងម៉ានីល។ សកម្មភាពរបស់ពួកគេផ្ទុយនឹងក្រមសីលធម៌ដែលកីឡាករជាតិទាំងអស់ត្រូវគោរព ហើយពួកគេក៏ត្រូវចូលខ្លួនដោះស្រាយជាមួយ FAS ផងដែរ»។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់សិង្ហបុរីបន្ថែមថា ពួកគេនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងពី FAS ប្រសិនមិនបានបង្ហាញភាពត្រឹមត្រូវ ឬបកស្រាយដែលគួរទទួលយកបានទេនោះ។
ជុំវិញករណីនេះ គ្រូបង្វឹក U22 សិង្ហបុរីលោក Fandi Ahmad ក៏បានសម្តែងការខកចិត្តទៅលើកូនក្រុមខ្លួនយ៉ាងខ្លាំងដែរ។ លោក Ahmad ថាទង្វើរបស់កីឡាករបែបនេះគឺជា «ការដើរថយក្រោយរបស់ក្រុម»។
បើតាមប្រភពច្បាស់ការចំនួនពីរដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍ Channel NewsAsia ថាហេតុការដែលផ្ទុយនឹងច្បាប់របស់កីឡាករទាំង៦រូប បានកើតឡើងនៅយប់ថ្ងៃទី១ធ្នូ ពោលគឺក្រោយក្រុមសិង្ហបុរីចាញ់ថៃ ៣-០ ក្នុងជំនួបវគ្គជម្រុះពូល B។
ក្រុមកីឡាបាល់ទាត់សិង្ហបុរីបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល ក្រោយរកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ដោយក្នុងនោះឈ្នះព្រុយណេក្នុងជំនួបចុងក្រោយក្នុងលទ្ធផល ៧-០៕
Tag:
SEA Games
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com