បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក អាឡាំង វ័យ៨៥ឆ្នាំ ហាមយុវជនបើកក្រុមហ៊ុន និងធ្វើការតែម្នាក់ឯងដូចខ្លួន
×
ភ្នំពេញ៖ លោក អាឡាំង ហ្គាស្កុយអែល (Alain Gascuel) ជាអ្នកកាសែតជើងចាស់ជនជាតិបារាំង ដែលបានមកធ្វើការនៅកម្ពុជា ជាង២៥ឆ្នាំមកហើយ។ បុរសវ័យ៨៥ឆ្នាំរូបនេះ បានបោះបង់អាជីពអ្នកសារព័ត៌មាននៅប្រទេសបារាំងដែលជាស្រុកកំណើត ហើយមកបង្កើតក្រុមហ៊ុនកាសែតឈ្មោះថា The Voice of Cambodia នៅប្រទេសកម្ពុជា។ បង្កើតក្រុមហ៊ុន និងធ្វើការតែម្នាក់ឯង លោក អាឡាំង ទទួលបានជោគជ័យតែមួយរយៈប៉ុណ្ណោះ ហើយត្រូវក្ស័យធនទៅវិញ។ តាមរយៈបទសម្ភាសជាភាសាអង់គ្លេសជាមួយសារព័ត៌មានថ្មីៗ ជនជាតិបារាំងវ័យចំណាស់រូបនេះ បានផ្តាំយុវជនកុំឲ្យបង្កើតក្រុមហ៊ុន ហើយធ្វើការតែម្នាក់ឯងដូចខ្លួន។
សូមអញ្ជើញទស្សនាបទសម្ភាស រវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង លោក អេឡាំង ហ្គាស្កុយអែល ដូចតទៅ៖
លោក អាឡាំង ហ្គាស្កុយអែល គឺជាអ្នកកាសែតជនជាតិបារាំងដ៏ពូកែម្នាក់ ដែលបានធ្វើការ និងរស់នៅកម្ពុជាប្រមាណ២៥ឆ្នាំមកហើយ។ បុរសវ័យ៨៥ឆ្នាំរូបនេះ បានមកបង្កើតក្រុមហ៊ុនទស្សនាវដ្តីនៅកម្ពុជា ឈ្មោះថា The Voice of Cambodia ។ អ្វីដែលចម្លែកនោះ គឺលោក អាឡាំង ធ្វើការតែម្នាក់ឯងក្នុងការសរសេរអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តីរបស់ខ្លួន។ ធ្វើការតែម្នាក់ឯង ធ្វើឲ្យក្រុមហ៊ុនលោក អាឡាំង ហ្គាស្កុយអែល ជោគជ័យតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏ត្រូវក្ស័យធនទៅវិញ។
ក្រោយមកនៅក្នុងឆ្នាំ១៩៩៤ លោក អាឡាំង បានបង្កើតកាសែតមួយទៀតជាភាសាបារាំង ឈ្មោះថា Cambodge Nouveau ឬកម្ពុជាថ្មី។ ដំណើរការបាន១០ឆ្នាំ កាសែតបានបិទទ្វារទៅទៀត ដោយសារលោក មានវ័យកាន់តែចាស់ និងមិនអាចគ្រប់គ្រងក្រុមហ៊ុនម្នាក់ឯងដូចមុន។
តាមរយៈបទពិសោធន៍បរាជ័យនេះ លោក អាឡាំង បានហាមយុវជនជំនាន់ក្រោយ កុំឲ្យយកគំរូតាមខ្លួន ពោលគឺការបង្កើតក្រុមហ៊ុន ហើយសុខចិត្តធ្វើការម្នាក់ឯង។ លោក អាឡាំង រៀបរាប់ថា៖«កុំធ្វើអ្វី ដែលខ្ញុំបានធ្វើ! ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំខ្លាំងណាស់ ប៉ុន្តែសូមកុំយកតម្រាប់តាមខ្ញុំ។ ខ្ញុំធ្វើការងារម្នាក់ឯង ច្រើនពេក ហើយបច្ចុប្បន្ន គេមានវិធីសាស្ត្រធ្វើការងារបែបថ្មី ខុសពីមុន»។
ដ្បិតបរាជ័យក្នុងការបើកទស្សនាវដ្តី និងកាសែត ក៏ប៉ុន្តែបុរសវ័យ៨៥ឆ្នាំរូបនេះ មិនសោកស្តាយឡើយ។ សម្រាប់លោក អាឡាំង ចាត់ទុកថាវាជាបទពិសោធន៍ដ៏អស្ចារ្យ និងក៏ជាកត្តាដែលនាំឲ្យលោកបានស្គាល់មនុស្សជាច្រើន និងមានមិត្តភក្តិកម្ពុជាជាច្រើនផងដែរ។ លោក អាឡាំង អះអាងដូច្នេះថា៖ «ឥឡូវយើងមានវិធីជាច្រើន ដើម្បីទទួលបានព័ត៌មានគ្រប់ទី កន្លែង។ កាលពីខ្ញុំបើកក្រុមហ៊ុនកាសែត ខ្ញុំមានតែម្នាក់ឯងប៉ុណ្ណោះ ហើយវាជាកាសែតភាសា បារាំងដំបូងគេ នៅកម្ពុជា»។
មានផ្ទះ និងគ្រួសារនៅប្រទេសបារាំង លោក អាឡាំង មិនបានត្រឡប់ទៅធ្វើរស់នៅប្រទេសកំណើតវិញនោះទេ។ បន្តរស់នៅប្រទេសកម្ពុជា បច្ចុប្បន្ន លោក អាឡាំង ជាបុរាណវិទូ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com