កីឡាអន្តរជាតិ
អន្តរជាតិ
ហ្គេម PES នៅ​ចិន​ដក​ឈ្មោះ Ozil ខណៈ​ក្លិប Cologne លុប​គម្រោង​បើក​សាលា​បាល់ទាត់​នៅ​ចិន​
20, Dec 2019 , 9:19 pm        
រូបភាព
Mesut Ozil ត្រូវបាន​ដកចេញ​ពី​វីដេអូ​ហ្គេម​បាល់ទាត់ Pro Evolution Soccer 2020 របស់​ចិន ក្រោយ​ខ្សែបម្រើ Arsenal រិះគន់​ចិន​ជុំវិញ​ការបង្ក្រាប​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​។ ក្នុងករណី​វី​ហ្គ័​រ​ដដែល​នេះ ក្លិប FC Cologne នៃ​លី​គ​កំពូល​អាល្លឺម៉ង់ បានសម្រេច​លុបចោល​គ​ម្រោ​ង​បើក​សាលា​បាល់ទាត់​ថ្នាល​នៅ​ប្រទេស​ចិន​វិញ​។​


 
Ozil ដែលមាន​ដើមកំណើត​តួ​ក​គី និង​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ផង បាន​ហៅ​ជនជាតិភាគតិច​វី​ហ្គ័​រ ថា​ជា​អ្នក​ចម្បាំង​ក្រោយ​ពួកគេ​ប្រឆាំងនឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ក្រុង​ប៉េកាំង និង​បាន​ថ្កោលទោស​ការបង្ក្រាប​របស់​ចិន​ទៅលើ​ជនជាតិភាគតិច​ដទៃទៀត ក្នុង​ខេត្ត​ស៊ីន​ជាំ​ង​ផង​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ឆ្លើយតប​ទៅកាន់ Ozil ដែល​រិះគន់​ចិន​ខាងលើ​វិញ​ថា ខ្សែបម្រើ Arsenal រូបនេះ​ទទួល​បានតែ​ព័ត៌មាន​ក្លែងក្លាយ (Fake News) ប៉ុណ្ណោះ​។​
 
​លើសពីនេះ​ទៀត​នោះ ក្រុមហ៊ុន NetEase ដែល​ទទួលបាន​សិទ្ធិ​ផ្សព្វផ្សាយ​ហ្គេម PES ក្នុងប្រទេស​ចិន​បានចេញ​សេចក្តីប្រកាស ថា​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិរ​អាល្លឺម៉ង់​រូបនេះ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​ហ្គេម​បាល់ទាត់​របស់ខ្លួន ដោយសារតែ​ការរិះគន់​របស់គេ​។​
 
​បើ​ទោះ​ការរិះគន់​នេះ បានធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​ក្តី ប៉ុន្តែ Ozil នៅតែ​ទទួល​បានការ​សារ​ទរ​ពី​សំណាក់​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​។ លោក ប៉ុ​ម​ប៉េ​អូ គាំទ្រ​សម្តី​របស់​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ​វ័យ​៣១​ឆ្នាំ​រូបនេះ ហើយ​ថ្កោលទោស​ចិន​សាជាថ្មី​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន​។​
 
​ក្រៅពីនេះ ក្លិប​កីឡាបាល់ទាត់ FC Cologne ឬ FC Köln ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ Bundesliga ហាក់​បង្ហាញ​ការគាំទ្រ Ozil ផងដែរ​។ Cologne កំពុង​លុបចោល​គម្រោង​បើក​សាលា​បាល់ទាត់​ថ្នាល​របស់ខ្លួន​នៅ​ប្រទេស​ចិន ដែល​ទទួលបាន​តម្លៃ​កិច្ចព្រមព្រៀង​ជិត​២​លាន​ដុល្លារ​អាមេរិក​។​
 
​លោក Stefan Müller-Römer សមាជិក​ក្រុមប្រឹក្សា​ក្លិប Cologne បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ Kolner Stadt-Anzeiger ថា​៖«​ខ្ញុំ​យល់ថា អាល្លឺម៉ង់​មិនអាច​សម្រេច​អ្វី​ទាំងស្រុង​ដោយ​គ្មាន​ចិន​នោះទេ ហើយ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​ទាំងពីរ​រិត​តែ​មិនអាច​អត់​គ្នា​បាន ប៉ុន្តែ​យ៉ាងណាក៏ដោយ​យើង​មិន​ត្រូវការ​ចិន​ក្នុង​វិស័យ​កីឡា​របស់​យើង​ទេ​។ បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​»​។ 
 
​លោក Müller បន្ថែមថា បញ្ហា​ទាំងអស់​នេះហើយ​ជា​មូល​ហេតុដែល​នាំ​ឲ្យ​លោក​ផ្តល់យោបល់​ថា Cologne មិនគួរ​មាន​សកម្មភាព​កីឡា​នៅ​ទីនោះ​ឡើយ​។ 
Cologne សព្វថ្ងៃ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៥ ក្នុង​តារាង Bundesliga ក្បែរ​តំបន់​ត្រូវ​កាត់ចោល ដោយ​ទទួលបាន​១៤​ពិន្ទុ ពី​ការប្រកួត​១៦​លើក​រដូវ​កាល​នេះ​៕

Tag:
 Mesut Ozil
  វី​ហ្គ័​រ​
© រក្សាសិទ្ធិដោយ thmeythmey.com