ជាតិ
បញ្ហា​នាំ​អង្ករ​ចេញ​មិន​ស្របតាម​ផែនការ ធ្វើឱ្យ​សម្ដេច ហ៊ុន សែន រអ៊ូ​ថា កម្ពុជា «​មាន​មាស​តែ​ខ្វះ​ក្រដាស​ខ្ចប់​»
26, Dec 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ជាថ្មី​ថា កសិកម្ម​កម្ពុជា ប្រៀបបាន​ដូចជា​មាស ប៉ុន្តែ​ខ្វះ​ក្រដាស​ខ្ចប់​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​ចង់​សំដៅ​ទៅលើ​ការផលិត​បាន​នូវ​ទិន្នផល​កសិកម្ម​ស្រូវ​ច្រើន ប៉ុន្តែ​ការនាំចេញអង្ករ​វិញ វា​ធ្វើ​មិនបាន​ល្អ​តាម​ផែនការ​គ្រោងទុក​។​


 
«​រឿង​យើង គឺ​រឿង​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់​។ គោលនយោបាយ​យើង គឺ​ដាក់ចេញ​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ពន្យល់ថា គោលដៅ​ទាំងពីរ​របស់​កម្ពុជា​នេះ សម្រេចបាន​តែមួយ​ទេ នោះ​គឺ​ផលិត​ស្រូវ​បាន​ច្រើន រហូតដល់​អតិរេក​(​ទិន្នផល​លើស ឬ​នៅសល់​)​ជិត​៦​លាន​តោន ប៉ុន្តែ​ការនាំចេញ​អង្ករ​វិញ គឺ​បានតែ​៥៨​ម៉ឺន​តោន ដែល​ផ្ទុយ​ពី​ផែនការ​នាំចេញ​១​លាន​តោន​ក្នុង​មួយឆ្នាំ​។​



 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បញ្ហា​ដែលនាំឱ្យ​កម្ពុជា មិនអាច​នាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន​នេះ ដោយសារ​កម្ពុជា នៅ​ខ្វះ​អ្នកវិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ និង​ខ្វះ​បច្ចេកទេស​កែច្នៃ​ជាដើម​។​
 
«​អ៊ីចឹង​ទេ បានជា​ឥឡូវនេះ យើង​កំពុង​ខិតខំ​ទាញ​អ្នកវិនិយោគ ដើម្បី​ឱ្យមក​វិនិយោគ​ក្នុងស្រុក​(​លើ​វិស័យ​ស្រូវ​អង្ករ​)​តែម្ដង​។ យើង​កន្លងទៅនេះ ខ្វះ​ឡ​រស​ម្ងួ​ត ខ្វះ​ម៉ាស៊ីនកិនស្រូវ ខ្វះ​ឃ្លាំង ដូច្នេះ​ជម្រើស​ដែល​នៅសល់ គឺ​លក់​(​ស្រូវ ដែល​នៅសល់​ជិត​៦​លាន​តោន​) ទៅឱ្យ​ប្រទេសជិតខាង​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បន្ថែមថា ស្រូវ​ដែល​នៅសល់​នេះ គឺ​លក់​ឱ្យទៅ​វៀតណាម​៧០​ភាគរយ និង​ថៃ ៣០​ភាគរយ​។​
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នកវិនិយោគ​បរទេស​ទាំងអស់ មក​ដាក់ទុន​រកស៊ី​នៅ​កម្ពុជា លើ​ការកែច្នៃ​ផលិតផល​កសិកម្ម សម្រាប់​នាំចេញ ទាំង​ផ្នែក​ឧ​ស្សហកម្ម​-​កសិកម្ម និង​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​
 
​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហាក់​មិនសូវ​កើនឡើង​នោះ ដោយសារ​អង្ករ​កម្ពុជា​ត្រូវ​ប្រកួតប្រជែង​ជាមួយ​អង្ករ​ប្រទេសជិតខាង​។ ម្យ៉ាងវិញទៀត​កម្ពុជា នៅ​ជួប​បញ្ហាសំខាន់​ផ្សេងទៀត ដូច​កង្វះ​ទំនើបកម្ម​កសិកម្ម និង​ការចំណាយ​ថ្លៃដើម​ខ្ពស់​។ ជាពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទឹក និង​ពូជស្រូវ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF)​។​
 
​ត្រង់ចំណុច​នេះ​លោក សុង សារ៉ន ពន្យល់ថា គ្រឿង​បរិក្ខារ​សម្រាប់ធ្វើ​កសិក​ម្ម ដូចជា​គ្រឿងយន្ត​ជាដើម ត្រូវ​នាំចូល​ក្នុងតម្លៃ​ថ្លៃ ដែល​ធ្វើ​ឲ្យ​ចំណាយ​ការ​ភ្ជួរ​រាស់ ច្រូតកាត់ ការដឹកជញ្ជូន​ថ្លៃ​។ លោក​បន្ថែម រីឯ​ការកែច្នៃ​នាំចេញ​របស់​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ចំណាយ​ខ្ពស់​លើ​ការដឹកជញ្ជូន​ជាដើម​។ លោក​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ ការដឹកជញ្ជូន និង​ជួយ​សម្របសម្រួល​បញ្ហា​ឃ្លាំង​ស្តុក​ឡស​ម្ងួ​ត​ជាដើម​។​
 
​តែ​យ៉ាងណា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​នេះ ប្ដេជ្ញា​ឲ្យ​ការនាំចេញ​អង្ករ​នឹង​សម្រេចបាន ១​លាន​តោន ក្នុង​រយៈពេល​៣​ឆ្នាំ ពោលគឺ​ក្នុង​អាណត្តិ​ទី​៣ ដែល​លោក​ធ្វើជា​ប្រធាន​សហព័ន្ធ​នេះ​៕

Tag:
 ហ៊ុន សែន​
  កសិកម្ម​
  ស្រូវ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com