កីឡាអន្តរជាតិ
អន្តរជាតិ
ឬសគល់ដ៏ចំណាស់នៃកីឡារត់ប្រណាំង «ម៉ារ៉ាតុន»
× កីឡា «ម៉ារ៉ាតុន» ប្រហែលមានឬសគល់ចំណាស់ ក៏ប៉ុន្តែការរត់ប្រណាំងជាផ្លូវការ ដែលមានរយៈចម្ងាយ ២៦,២ miles (៤២,១គីឡូម៉ែត្រ) ពុំទាន់ចាប់កំណើតឡើយ រហូតដល់សតវត្សរ៍ទី២០។ កីឡា ម៉ារ៉ាតុន លើកទីមួយ ត្រូវបានរៀបចំឡើងក្នុងទីក្រុងអាថែន (Athens) នៅកីឡាអូឡាំពិកឆ្នាំ១៨៩៦។ វិញ្ញាសាបុរាណនានាដែលបានរៀបចំឡើងក្នុងប្រទេសក្រិក ចន្លោះឆ្នាំ៧៧៤ មុនគ្រឹស្តសករាជដល់ ៣៩៣ គ.ស ពុំបានរាប់បញ្ចូលការរត់ប្រណាំងរយៈចម្ងាយវែងបែបនេះឡើយ។
គំនិតនៃកីឡា «ម៉ារ៉ាតុន» សម័យទំនើប ត្រូវបានបំផុសឡើងដោយដំណើររឿង (legend) របស់អ្នកនាំសារ ក្រិក បុរាណម្នាក់ ដែលបានរត់ពីតំបន់ ម៉ារ៉ាតុន ទៅកាន់ អាថែន (ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ឬជិត ២៥ miles) ។ គោលដៅគឺដើម្បីប្រកាសពីជោគជ័យដ៏សំខាន់មួយរបស់កងទ័ពក្រិកលើកងទ័ពឈ្លានពានរបស់ពែក្ស (Persians) ក្នុងឆ្នាំ ៤៩០ មុនគ.ស។
ក្រោយពីប្រកាសពីដំណឹងនេះ អ្នករត់នាំសាររូបនោះ ដោយហេតុថា អស់កម្លាំងខ្លាំងពេក បានដួល ហើយស្លាប់បាត់ទៅ។ ដើម្បីជាការចងចាំដល់ការរត់នេះ រយៈចម្ងាយរបស់កីឡា ម៉ារ៉ាតុន នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ១៨៩៦ បានកំណត់យក ៤០គីឡូម៉ែត្រ។ ក្នុងឆ្នាំ ១៩២១ កីឡា ម៉ារ៉ាតុន ត្រូវបានកំណត់បទដ្ឋានជាផ្លូវការ នៅរយៈចម្ងាយ ២៦,២ miles ឬស្មើនឹង ៤២,១៩៥គីឡូម៉ែត្រ។
សម្រាប់បច្ចុប្បន្ននេះ កីឡារត់ប្រណាំង «ម៉ារ៉ាតុន» ត្រូវបានគេរៀបចំឡើងគ្រប់ទិសទៅ ចាប់ពីតំបន់ប៉ូលខាងជើង ទៅ មហាកំពែងចិន។ ក្នុងសហរដ្ឋអាមេរិកតែឯកឯង វាមានព្រឹត្តិការណ៍នេះច្រើនជាង ១១០០លើក ជារៀងរាល់ឆ្នាំ។ ជាច្រើនទសវត្សរ៍ កីឡាម៉ារ៉ាតុន បានបើកឲ្យចូលរួមសម្រាប់តែអត្តពលិកភេទប្រុសប៉ុណ្ណោះ។ ហើយកីឡាម៉ារ៉ាតុនអូឡាំពិកលើកទី ១ សម្រាប់អត្តពលិកស្ត្រី ទើបតែត្រូវបានរៀបចំឡើង ក្នុងឆ្នាំ១៩៨៤៕
© រក្សាសិទ្ធិដោយ thmeythmey.com