កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund កាត់មុខ Man Utd ដណ្តើមបាន Haaland ពី Salzburg
31, Dec 2019 , 11:16 am        
រូបភាព
Borussia Dortmund ជោគជ័យ​ក្នុងការ​ទិញយក​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Erling Braut Haaland ពី​ក្រុម Red Bull Salzburg ក្នុងតម្លៃ ២២,៣៩​លាន​ដុល្លារ​អាមេរិក​។ Haaland ដំបូង​ឡើយ​ជា​គោលដៅ​សំខាន់​របស់​អ្នកចាត់ការ Ole Gunnar Solskjaer ដើម្បី​ទិញ​ចូល​ក្រុម Manchester United ផងដែរ​។​


 
​ខ្សែប្រយុទ្ធ​វ័យ​១៩​ឆ្នាំ សញ្ជាតិ​ន័​រ​វែ​សរូប​នេះ នឹង​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​របស់​អាល្លឺម៉ង់ រយៈពេល​៤​ឆ្នាំ​។​
Haaland ដែលមាន​កំណើត​នៅក្នុង​ក្រុង Leeds ចក្រភព​អង់គ្លេស គឺជា​កូនប្រុស​របស់​អតីត​កីឡាករ Leeds United និង Manchester City លោក Alf-Inge Haaland​។ រូបគេ ក៏​ទើបតែ​ផ្លាស់​ពី​ក្រុម Molde នៃ​លី​គ​កំពូល​ន័​រ​វែ​ស ទៅកាន់​ក្រុម Salzburg កាលពី​ខែមករា ឆ្នាំ​២០១៩​។​
 
​រយៈពេល​ជិត​មួយឆ្នាំ​ជាមួយ​ក្រុម​នៅ​អូទ្រីស Haaland បានបង្ហាញ​ទម្រង់​លេង​ដ៏​លេចធ្លោ ជាពិសេស​ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​៨​គ្រាប់ នា​ការប្រកួត​វគ្គ​ចែក​ពូ​ល​។ ដោយសារ​ទេពកោសល្យ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឲ្យ​រូបគេ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុម​ធំៗ​នៅ​តំបន់​អឺរ៉ុប ដូចជា Juventus និង Man Utd ជាដើម​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ Dortmund ឯណោះ​ទេ​ដែល​អាច​ទទួលបាន Haaland ទៅ​រួម​ក្រុម​។ Haaland ដែល​នឹងធ្វើ​ដំណើរ​ទៅ​រួម​ក្រុម​អាល្លឺម៉ង់​នៅ​ថ្ងៃទី​៣ ខែមករា​ខាងមុខ បាន​រៀបរាប់​ពី​អារម្មណ៍​ខ្លួន​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រឹមត្រូវ​ហើយ​ដែល​ខ្ញុំ​ចង់​ប្តូរ​ទៅ​ក្លិប​ថ្មី ដោយ​ជ្រើស​រើសយក Dortmund ដែលជា​ក្រុម​ដ៏​អស្ចារ្យ និង​មាន​អ្នកគាំទ្រ​ទស្សនា​ដ៏​ច្រើន​រហូត​ជាង​៨​ម៉ឺន​នាក់​នេះ​»​។ 
 
Haaland ថែមទាំង​សន្យាថា នឹង​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន ឲ្យ​កាន់តែ​លេចធ្លោ​ថែមទៀត​ក្នុង​វិស័យ​កីឡាបាល់ទាត់​នេះ​៕
 

Tag:
 Borussia Dortmund
  Erling Braut Haaland
© រក្សាសិទ្ធិដោយ thmeythmey.com