អន្តរជាតិ
ព្រះ​ចៅ​អធិរាជ​ជប៉ុន បួងសួង​ឲ្យ​ជប៉ុន​នឹង​គេច​ផុតពី​គ្រោះមហន្តរាយ​ក្នុង​ឆ្នាំ​២០២០
03, Jan 2020 , 8:29 am        
រូបភាព
ព្រះចៅអធិរាជជប៉ុន  Naruhito (ខាងឆ្វេង) និងព្រះអគ្គមហេសី Masako នាថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ រូបភាព៖ Reuters
ព្រះចៅអធិរាជជប៉ុន Naruhito (ខាងឆ្វេង) និងព្រះអគ្គមហេសី Masako នាថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito នៅ​ថ្ងៃទី​២ ខែមករា មាន​ព្រះរាជបន្ទូល​ក្នុង​ឆ្នាំ​ថ្មី​នេះ​ថា ជប៉ុន​នឹង​គេច​ផុតពី​មហន្តរាយ​ទាំងឡាយ​។ ព្រះរាជបន្ទូល​របស់​ទ្រង់​នៅពេលនេះ គឺ​ថ្លែង​នៅ​ចំពោះ​ប្រជាជន​ជប៉ុន​ចំនួន ១​ម៉ឺន​នាក់ ដែល​មក​ជូនពរ​ព្រះអង្គ​។


 
​នា​ថ្ងៃទី​២ នៃ​ឆ្នាំ​២០២០ ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito បានបង្ហាញ​ព្រះរាជ​វត្ត​មាននៅ​ចំពោះមុខ​មនុស្ស​ជាច្រើន​នាក់ នា​ព្រះរាជវាំង​ជប៉ុន​។ ក្នុងឱកាស​នេះ ព្រះ​ចៅ​អធិរាជ Naruhito បាន​មាន​ព្រះរាជបន្ទូល​ថា​៖ «​ខ្ញុំ​មាន​ព្រះទ័យ​សោមនស្ស ក្នុងការ​អបអរសាទ​រ​ឆ្នាំ​ថ្មី​ជាមួយ​អ្នក​ទាំងអស់គ្នា​»​។ 
 
​ដោយមាន​ព្រះរាជ​វត្តមាន​ព្រះ​មហេសី និង​សមាជិក​រាជវង្ស​ឯទៀត ព្រះ​ចៅ​អធិរាជ ក៏មាន​ព្រះទ័យ​ព្រួយបារម្ភ​ពី​ប្រជាជន​ជប៉ុន​ជាច្រើន​នាក់ ដែល​កំពុង​រស់នៅ​ស្ថានភាព​លំបាក ដោយសារតែ​គ្រោះធម្មជាតិ​ផងដែរ​។ ក្នុងនោះ​មានដូចជា ព្យុះ Hagibis និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជាដើម​។ នា​ឆ្នាំ​២០១៩ ព្យុះ Hagibis បានសម្លាប់​មនុស្ស​ច្រើនជាង ៨០​នាក់ និង​បាន​បំផ្លាញ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ ព្រះ​ចៅ​អធិរាជ​ជប៉ុន បាន​ជូនពរ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ឆ្នាំនេះ នឹង​ជា​ឆ្នាំ​ល្អ និង​ជា​ឆ្នាំ​សន្តិភាព ដោយ​គ្មាន​គ្រោះមហន្តរាយ​»​។ នេះ​ជា​ព្រះរាជសារ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ដើម្បី​ជូនពរ​ដល់​ប្រទេស​ជប៉ុន​កុំ​ឲ្យ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​។ 
 
​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ មាន​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់ បានមក​ជុំគ្នា ដើម្បី​ជូនពរ​ព្រះ​ចៅ​អធិរាជ​។ ក្នុង​ព្រឹត្តិការណ៍​នេះ ប្រជាជន បាន​គ្រវីទង់ជាតិ​ជប៉ុន និង​ស្រែក​ជូនពរ​ព្រះ​ចៅ​អធិរាជ​ថា «Banzai ឬ​សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​យឺនយូរ​»​។ 
 
​សូមបញ្ជាក់ថា ព្រះរាជវាំង​ដែល​នៅ​កណ្តាល​ទីក្រុង​តូ​ក្យូ គឺ​បើក​តែ​ចំនួន​ពីរលើក​តែប៉ុណ្ណោះ ក្នុង​មួយឆ្នាំ ដើម្បី​ឲ្យ​ប្រជាជន​ជប៉ុន​ចូលមក​ជូនពរ​ព្រះ​ចៅ​អធិរាជ​។ ក្នុងនោះ​មួយ​លើក គឺ​បើ​កនៅ​ចំ​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះ​ចៅ​អធិរាជ និង​មួយលើកទៀត នៅ​ថ្ងៃទី​ពីរ​នៃ​ឆ្នាំ​ថ្មី​៕ 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com