អន្តរជាតិ
អាជ្ញាធរ​ចិន ថា ជំងឺ​រលាក​សួត​ដែល​កំពុង​ផ្ទុះឡើង​នៅ​ទីក្រុង Wuhan មិនមែនជា​ជំងឺ SARS
06, Jan 2020 , 10:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​អាជ្ញាធរ​ចិន នៅ​ថ្ងៃ​៥ ខែមករា បាន​បញ្ជាក់ថា ជំ​ងំ​រលាក​សួត​កម្រិតធ្ងន់ ដែល​បានកើត​ឡើងលើ​មនុស្ស​ចំនួន ៥៩​នាក់ នា​សប្តាហ៍​មុន​ទីក្រុង Wuhan មិនមែនជា​ជំងឺឆ្លង​ផ្លូវដង្ហើម​ប្រភេទ SARS ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់​កាលពី​ឆ្នាំ ២០០៣ នោះឡើយ​។


 
SARS គឺជា​ជំងឺ​រលាក​សួត​កម្រិតធ្ងន់​មួយ ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​ការ​ក្អក ឬ​កណ្តាស់​។ ប្រសិនបើ​មាន​នរណា​ផ្ទុក​ជំងឺ​នេះ អ្នកជំងឺ​នឹងមាន​បញ្ហា​ក្នុងការ​ដកដង្ហើម​ខ្លាំង និង​ពេលខ្លះ​បង្ក​ឲ្យ​បាត់បង់​ជីវិត​ទៀតផង​។ នៅក្នុង​ឆ្នាំ ២០០៣ ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ SARS បាន​បង្ក​ឲ្យ​ប្រជាជន​ចិន ៣៤៩​នាក់ និង​ប្រជាជន​ហុងកុង ២៩៩​នាក់ បាន​បាត់​បង់ជីវិត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​យ៉ាងណាមិញ ជំងឺឆ្លង​ប្រភេទ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅក្នុង​ទីក្រុង Wuhan ចិន នា​សប្តាហ៍​មុន​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ គណៈកម្មការ​សុខភាព​ទីក្រុង Wuhan បាន​ចេញមុខ​ទាត់ចោល​ថា ជំងឺ​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​មួយ​នេះ មិនមែនជា​ជំងឺ​រលាក​សួត SARS​ទេ ហើយ​ក៏មាន​មិនមែនជា​ជំងឺ​ផ្តាសាយ​, ជំងឺផ្តាសាយបក្សី និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងទៀត​ដែរ​។ គណៈកម្មាការ​ដដែល​នេះ បាន​បញ្ជាក់ថា អ្នកជំងឺ​ទាំង ៥៩​នាក់ មិនមែន​កើត​ជំងឺ​រលាក​ទងសួត SARS ទេ ហើយ​ពេលនេះ អ្នកជំងឺ​កំពុង​នៅក្នុង​បន្ទប់​ដាច់ដោយឡែក ដើម្បី​ព្យាបាល​។ 
 
​ក្នុងចំណោម​អ្នកជំងឺ​ចំនួន ៥៩​នាក់​នេះ មានតែ​មនុស្ស ៧​នាក់​តែប៉ុណ្ណោះ ដែល​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​អ្នក​ទាំងនោះ មិនបាន​បាត់បង់​ជីវិត​ឡើយ​។ ភាគច្រើន​នៃ​អ្នកជំងឺ គឺមាន​សភាព​គ្រុនក្តៅ និង​ពិបាក​ដកដង្ហើម​។ បើតាម​ការថត​កាំរស្មី​លើ​ទ្រូង គេ​ឃើញ​មាន​ដំបៅ​សួត​ទាំងសងខាង​។ 
 
​រហូតមកទល់​ពេលនេះ អ្នកជំនាញ​គឺ​មិនទាន់​រកឃើញ​ភស្តុតាង​ជាក់លាក់​ណាមួយ ជុំវិញ​បញ្ហា​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នៅឡើយ​ទេ​។ 
 
​ចំណែក​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​៥ ខែមករា ក៏បាន​វាយតម្លៃថា រោគសញ្ញា ដែល​បានកើត​ឡើងលើ​មនុស្ស​ចំនួន​៥៩​នាក់ គឺ​គ្រាន់តែ​ជា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​សួត​ធម្មតា នា​រដូវ​ត្រជាក់​តែប៉ុណ្ណោះ​។ បើទោះបីជា​មានការ​សន្និដ្ឋាន​បែបនេះ​ក្តី ក៏​អង្គការ​មួយ​នេះ នៅតែ​ទាមទារ​ឲ្យ​មានការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០០៣ ប្រជាជន​ប្រមាណ​ជា ៨០០០​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ឆ្លង​វីរុស​រលាក​សួត SARS​។ ការណ៍​នេះ ត្រូវបាន​គេ​ជឿថា វីរុស SARS គឺ​កើតចេញពី​ភាគខាងត្បូង​ប្រទេស​ចិន ក្នុង​ខេត្ត Guangdong​។ ទាក់ទង​ទៅនឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក បាន​រិះគន់​ចិន​យ៉ាង​ចាស់ដៃ​ថា ខ្វះ​ការយកចិត្តទុកដាក់​លើ​ការទប់ស្កាត់​ជំងឺ SARS ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com