ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ បង្កើត​យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​សាលា ដើម្បី​ធានា​សុខភាព​សិស្ស
07, Jan 2020 , 7:39 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ ដែលមាន​វត្តមាននៅ​ក្នុង​យុទ្ធនាការ ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារនៅ​ក្នុងសាលារៀន នៅ​ឯ​សាលាបឋមសិក្សា ព្រះនរោត្តម នាថ្ងៃទី៦ ខែមករា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ ដែលមាន​វត្តមាននៅ​ក្នុង​យុទ្ធនាការ ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារនៅ​ក្នុងសាលារៀន នៅ​ឯ​សាលាបឋមសិក្សា ព្រះនរោត្តម នាថ្ងៃទី៦ ខែមករា
ដោយ:
​ភ្នំពេញ​៖ «​កុមារ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង ហាត់ប្រាណ​» គឺជា​ពាក្យស្លោក​មួយ ដែល​ក្រសួង​អប់រំ បង្កើតឡើង ដើម្បី​ណែនាំ​ដល់​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស ឲ្យ​ប្រកាន់ខ្ជាប់ ដើម្បី​ធានា​ពី​សុខភាព​របស់​សិស្សានុសិស្ស​។ ពាក្យស្លោក​នេះ ត្រូវបាន​លើកឡើង​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​សាលារៀន នា​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​។ 


 
​លោក រស់ សុ​វាចា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៧ ខែមករា ដូច្នេះ​ថា​៖«​អាហារូបត្ថម្ភ​ល្អ និង អនាម័យ​បុគ្គល​ល្អ ទ្រទ្រង់​ជីវិត​កុមារ និង​មនុស្ស​គ្រប់​វ័យ​។ អាហារូបត្ថម្ភ​ល្អ និង អនាម័យ​បុគ្គល​ល្អ ចូលរួម​លើកកម្ពស់​គុណភាព​រៀន និង​បង្រៀន ថែមទាំង​បណ្តាល​ឲ្យ​ជីវិត​រឹត​តែមាន​គុណភាព​»​។​
 
​បឋមសិក្សា​ព្រះ​នរោត្តម ត្រូវបាន​ក្រសួង​អប់រំ ចាត់ទុកជា​សាលា​មួយ ដែល​ផ្តល់​គំរូ​ដល់​សាលាដ​ទៃទៀត ក្នុងការ​រៀបចំ​បរិវេណ​សាលា​ស្អាត និង​មាន​អនាម័យ ជាពិសេស ធ្វើជា​គំរូ ក្នុងការ​គ្រប់គ្រង និង​ហាមប្រាម​ការលក់ដូរ​នំចំណី ដែល​ហួស​កាលបរិច្ឆេទ នំចំណី​ដែល​ភាព​ជាតិ​ផ្អែម និង​គ្រឿង​ស្រវឹង​។  បឋមសិក្សា​ព្រះ​នរោត្តម បាន​ជាប់​ជ័យលាភី​លេខ​មួយ​ទូទាំងប្រទេស​កម្ពុជា ខាង​ផ្នែក​បរិស្ថាន​ស្អាត ហើយ​ត្រូវបាន​លោក ហង់ ជួន ណា​រ៉ុ​ន ជ្រើសរើស​ធ្វើ​កន្លែង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​សាលារៀន​។​


កុមារា និង​កុមារី ដែល​សិក្សា​នៅ​ក្នុង​សាលាបឋមសិក្សា ព្រះនរោត្តម ស្ថិតនៅ​ក្នុងខណ្ឌដូនពេញ ​រាជធានីភ្នំពេញ
 
​ក្រសួង​អប់រំ បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​សាលារៀន​នេះ ក្នុង​គោលបំណង ធានាបាន​ថា ចំណីអាហារ​នៅក្នុង​សាលារៀន​ទូទាំង​រាជធានី​-​ខេត្ត និង​តំបន់​ដាច់ស្រយាល មិនមាន​សារធាតុ​គីមី និង​មាន​អនាម័យ​ល្អ​។  
 
​ចំណីអាហារ​ដែល​ក្រសួង ហាម​មិន​ឲ្យ​លក់​ក្នុង​សាលា និង​ហាម​សិស្ស​មិន​ឲ្យ​បរិភោគ​នោះ មានដូចជា ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម កាហ្វេ ការ៉េម  ទឹក​ស៊ីរ៉ូប៍ ស្ករ​សូកូឡា ស្ករ​គ្រាប់ ស្ករ​កៅស៊ូ ចាហួយ នំ​ដូ​ណាត់ គ្រឿង​ស្រវឹង និង ថ្នាំជក់ ជាដើម​។ ចំណាត់ការ​នេះ ក្រសួង​មានការ​រឹតបន្តឹង​ក្នុង​បរិវេណ​សាលារៀន បាន​តឹងរ៉ឹង​ហើយ តែ​ក្រសួង នៅមាន​ក្តីបារម្ភ​ចំពោះ​ការលក់​នំ​ណី​នៅក្រៅ​បរិវេណ​សាលា​។ 
 
​ក្រសួង​អប់រំ មាន​គោលការណ៍​បង្ការ​ជំងឺឆ្លង និង​លើកកម្ពស់​គុណភាព​ចំណីអាហារ បរិស្ថាន​អនាម័យ នៅតាម​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​។ រដ្ឋមន្ត្រី​អប់រំ បាន​បញ្ជាក់ថា ក្រសួង​អប់រំ​បង្កើត​ឲ្យ​មាន​សាលារៀន​គំរូ សាលារៀន​ស្អាត និង សាលារៀន​ជំនាន់​ថ្មី ដើម្បី​ឆ្លើយតប​នឹង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប និង​ដើម្បី​ធានាបាន​នូវ​គុណភាព​សិក្សា​។ 
 
​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ដើម្បី​រុញច្រាន​ឲ្យ​កុមារ​មាន​សុខុមាលភាព ក្រសួង​អប់រំ បាន​ពង្រឹង​គណៈ​គ្រប់គ្រង​សាលារៀន ដែល​គ្រប់គ្រង​លើ​បរិស្ថាន និង​អនាម័យ​ក្នុង​សាលារៀន និង​ពង្រឹង​គ្រូបង្រៀន ទៅលើ​វិធីសាស្ត្រ​ក្នុងការ​បង្រៀន និង កត្តា​ឪពុកម្តាយ ដែលមាន​តួនាទី​ណែនាំ​កូន​ខ្លួនឯង​។​
 
​រដ្ឋមន្ត្រី​រូបនេះ បន្តថា ក្នុងករណី​មាន​អាហារ​ដែល​ដាក់លក់​មាន​បញ្ហា គណៈ​គ្រប់គ្រង​សាលា​នឹង​បញ្ឈប់​ការលក់​។ បើតាម​លោក​រដ្ឋមន្ត្រី អគារសិក្សា​នានា​ដែលមាន​លក្ខណៈ​ទ្រុឌទ្រោម ក្រសួង​មិន​អនុញ្ញាត​ឲ្យ​សិក្សា​ឡើយ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង​ណាមួយ​ជាយថាហេតុ​។ 
 
​ក្រសួង​អប់រំ នឹង​បន្ត​ប្រារព្ធ​យុទ្ធនាការ​នេះ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ដូចជា​សាលាបឋមសិក្សា​ផ្សារ ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១៥ ខែមករា រួច​បន្តទៅ​សាលាបឋមសិក្សា​ឃ្លាំង​លើ​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​១៧ ខែមករា ហើយ​នៅ​ថ្ងៃទី​២០ ខែមករា ក្រសួង នឹង​ប្រារព្ធ​នៅ​សាលាបឋមសិក្សា​បា​គូរ ក្នុង​ខេត្តកណ្តាល​។ 
 
​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ​ជោគជ័យ​ទៅបាន ក្រសួង​អប់រំ នឹង​អនុវត្ត​តាមរយៈ​ការបិទ​ខិត្តប័ណ្ណ ផ្ទាំង​រូបភាព បដា​វែង និង បង្កើតជា​វីដេអូ ស្តីពី​អាហារ​ដែល​ហាម​លក់ ឬ​បរិភោគ​នៅក្នុង​សាលារៀន​៕ 

Tag:
 ក្រសួង​អប់រំ​
 ​ចំណីអាហារ​
 ​កុមារ​
  សុខភាព​
  សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com