ជាតិ
សង្គមជាតិ
ILO បង្ហាញ​ឆន្ទៈ​ធ្វើការ​ជាមួយ​គ្រប់ភាគី «​បង្ការ​កុំ​ឲ្យ​មាន​សោកនាដកម្ម​បាក់​អគារ​ទៀត​»
07, Jan 2020 , 4:48 pm        
រូបភាព
អគារកម្ពស់៦ជាន់នៅក្រុងកែប បាក់រលំកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ (រូបពី ឆេង ប៊ុនថង)
អគារកម្ពស់៦ជាន់នៅក្រុងកែប បាក់រលំកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ (រូបពី ឆេង ប៊ុនថង)
​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បង្ហាញ​ជំហរ​ថា នឹង​បន្តធ្វើ​ការងារ​ជាមួយ​ត្រីភាគី រួមមាន រដ្ឋាភិបាល សមាគម​និយោជក និង អង្គការ​ពលករ ដើម្បី​កែលម្អ​សុវត្ថិភាព​កម្មករ រួមទាំង​អនុវត្ត​វិធានការ «​ជួយ​បង្ការ​គ្រោះថ្នាក់​និង​សោកនាដកម្ម ដូច​ករណី​បាក់​អគារ​នៅ​ក្រុងកែប​និង​ក្រុងព្រះសីហនុ កុំ​ឲ្យ​កើតមាន​ទៀត »​។


 
​ជំហរ​នេះ ត្រូវបាន​បង្ហាញ​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ការិយាល័យ​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​នៅ​ថៃ កម្ពុជា និង ឡាវ បានចេញ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​។ អង្គការ​ពលកម្ម​អន្តរជាតិ ចាត់ទុក ករណី​បាក់​អគារ​នៅ​ក្រុងកែប ថា​ជា​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ច្រើន​បំផុត​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​ជា​សោកនាដកម្ម​ធំ​១​ទៀត បន្ទាប់ពី​សោកនាដកម្ម​នៃ​ការបាក់​អគារ​នៅ​ក្រុងព្រះសីហនុ​។ សេចក្តីថ្លែងការណ៍ សរសេរ​ដូច្នេះ​ថា​៖«​អង្គការ​ពលកម្ម​អន្តរជាតិ សូម​សម្តែង​សមានចិត្ត​អាណិតអាសូរ​យ៉ាង​ក្រៃលែង​ចំពោះ​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់​អ្នកស្លាប់ និង​អ្នករបួស​»​។    
 
​អង្គការ​ពលកម្ម​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត ចំពោះ​កម្មករសំណង់​រាប់ពាន់នាក់ ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​និង​ហានិភ័យ​រាល់ថ្ងៃ​។ លើសពីនេះ អង្គការ​ពលកម្ម​អន្តរជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល មាន​វិធានការ​បន្ទាន់ ដើម្បី​ធ្វើ​ឲ្យ​សុវត្ថិភាព​នៅ​កន្លែងធ្វើការ កាន់តែ​ប្រសើរឡើង​។ 
 
​អង្គការ​ពលកម្ម​អន្តរជាតិ សង្កត់ធ្ងន់ថា ហានិភ័យ​បែបនេះ ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ និង​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​ទៀត​។ អង្គការ​ពលកម្ម​អន្តរជាតិ យល់ថា ការដោះស្រាយ​បញ្ហា​នេះ គឺ​ទាមទារ​ឲ្យ​ដាក់ចេញ​វិធានការ​គ្រប់​ជ្រុងជ្រោយ ដោយ​រួមទាំង​ការពិនិត្យ​ឡើងវិញ​នូវ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់​ផងដែរ​។ 
 
​ម្យ៉ាងទៀត អង្គការ​ពលកម្ម​អន្តរជាតិ ចង់​ឲ្យ​មានការ​អនុវត្ត​បទដ្ឋាន​កម្រិតស្តង់ដារ ទាក់ទង​នឹង​សុវត្ថិភាព​សាងសង់​នៅ​គ្រប់​ការដ្ឋាន​។ លើសពីនេះ អង្គការ​ពលកម្ម​អន្តរជាតិ ជំរុញ​ឲ្យ​ពង្រឹង​អធិការកិច្ច​ការងារ​ឲ្យ​កាន់តែខ្លាំង និង​ធ្វើ​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ឲ្យ​ដល់​កម្រិត​សូន្យ នៅ​កន្លែង​ការងារ​។  
 
​ក្រោយ​បាក់​អគារ​នៅ​ក្រុងកែប អង្គការអន្តរជាតិខាងការងារ​ប្រចាំ​កម្ពុជា ក៏បាន​បង្ហាញ​ឆន្ទៈ​រួម​ដៃ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ លើ​ការពង្រឹង​វិស័យ​សំណង់​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​ប្រព័ន្ធ (​ស្ថាប័ន​ពាក់ព័ន្ធ​នានា​) របស់​អង្គការសហប្រជាជាតិ ត្រៀមខ្លួន​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ទាំងអស់ ដើម្បី​កែលម្អ​ស្តង់ដារ​សំណង់​ដែល​ប្រកបដោយ​សុវត្ថិភាព​»​។​
 
​ក្នុង​រយៈពេល​ប្រមាណ​៧​ខែ កម្ពុជា មាន​ករណី​បាក់​អគារ​៣​លើក​។ អគារ​ទាំង​៣ ដែល​បាក់​រលំ​នេះ សុទ្ធតែ​ស្ថិតក្នុង​ដំណើរការ​សាងសង់ ហើយ​អ្នកស្លាប់​និង​អ្នករបួស​ភាគច្រើន ជា​កម្មករសំណង់ និង​ជា​កូន​-​ប្រពន្ធ​របស់​កម្មករ​សំណង់​។  
 
​ករណី​ទី​១ បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​២៨​នាក់ និង​មាន​អ្នករបួស​២៦​នាក់​។ ករណី​ទី​២ បាក់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅ​ក្រុង​សៀមរាប កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។ ករណី​ទី​៣ បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប នា​ដើមខែ​មករា ឆ្នាំ​២០២០​នេះ ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ​៣៦​នាក់ និង​មាន​អ្នករបួស​២៣​នាក់​៕  
 
អត្ថបទទាក់ទង
 

Tag:
 បាក់​អគារ​នៅ​កែប​
  ILO
© រក្សាសិទ្ធិដោយ thmeythmey.com