ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល ប្តេជ្ញា​ជួសជុល​ផ្លូវ​សំបុកមាន់​យ៉ាងតិច​ឲ្យ​បាន​៥០%​ក្នុង​១​ខែ ក្រោយ​ពលរដ្ឋ​រាយការណ៍​
08, Jan 2020 , 7:19 pm        
រូបភាព
សកម្មភាពសកម្មភាពជួសជុលផ្លូវសំបុកមាន់ មួយកន្លែង នៅរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ។
សកម្មភាពសកម្មភាពជួសជុលផ្លូវសំបុកមាន់ មួយកន្លែង នៅរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ។
​ភ្នំពេញ​៖ ឆ្នាំ​២០២០  លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្តេជ្ញាចិត្ត​ជួសជុល​ផ្លូវ​ជង្ហុក​សំបុកមាន់​ឬ​ផ្លូវ​ខូច យ៉ាងតិច​ឱ្យបាន​៥០​ភាគរយ ក្នុង​រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​មានការ​រាយការណ៍​ពី​ប្រជាជន​ពលរដ្ឋ តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ​(ROAD CARE mobile app)​។ នេះ​ជា​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ដោយបាន​អះអាងថា ពេល​ឃើញ​ពលរដ្ឋ​រាយ​កាណ៍​ពី​ផ្លូវ​សំបុកមាន់ មន្ត្រី​ជំនាញ​គឺ​ត្រូវ​ជុះ​ជុល​ភ្លាម កុំ​ទុកឱ្យ​លើសពី​៣០​ថ្ងៃ​។

  

 
​បើតាម​លោក ស៊ុន ចាន់ថុល  សព្វថ្ងៃ​មាន​មនុស្ស​ចំនួន​១៧,០០០​នាក់ ដែល​បាន​ទាញយក​កម្មវិធី​Road Care ដាក់​ក្នុង​ទូរ​សព្ទ​ទំនើប​របស់ខ្លួន សម្រាប់​ប្រើប្រាស់​។ តាមរយៈ​អ្នកប្រើប្រាស់​នៃ​កម្មវិធី​Road Care នេះ បាន​រាយការណ៍​ពី​ផ្លូវ​សំបុក​ដល់​ក្រសួង ជាង​២០០០​ករណី​។  
 
​រដ្ឋមន្ត្រី​ដឹកជញ្ជូន​រូបនេះ​បាន​និយាយ​ដូច្នេះ​៖« ជាង​២០០០​ករណី អំពី​ផ្លូវ​សំបុកមាន់​ដែល​ត្រូវ​ជួសជុល​។ ប៉ុន្តែ​ក្នុង​២០០០​ករណី​នោះ យើង​ជួសជុល​បានតែ​១៩​ភាគរយ​ទេ ដោយមាន​មួយចំនួន​បញ្ជូនទៅ​អង្គភាព​ផ្សេង មួយចំនួនទៀត​រៀបចំ​ដាក់​ក្នុង​ផែនការ​...​ជាដើម​»​។ 


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកដំណើរការជាផ្លូវការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។ រូបថត៖ ក្រសួងសាធារណការ។
 
​ក្នុង​ពិធី​សន្និបាត​បូកសរុប​របាយការណ៍​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​៨ មករា លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា កម្មវិធី Road Care mobile app ក្រៅពី​អាចឱ្យ​ពលរដ្ឋ​ថត​ផ្លូវ​សំបុកមាន់​បញ្ជូន​ឬ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ដើម្បី​ជួសជុល​ឲ្យ​បាន​ទាន់ពេលវេលា​ហើយ​នោះ ក្រសួង​នឹង​ពង្រីក​កម្មវិធី​នេះ​បន្ថែមទៀត ដើម្បីឱ្យ​ពលរដ្ឋ​ថត​រថយន្ត​ដែល​ដឹកទំនិញ​លើស​ទម្ងន់ រថយន្ត​ដឹកទំនិញ​សំ​ពេញ​សំពោង និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​
 
​សូមជម្រាបថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE) នេះ កាលពី​ថ្ងៃទី​១៣​ធ្នូ ឆ្នាំ​២០១៨​។ ROAD CARE នេះ បង្កើតឡើង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពលរដ្ឋ អាច​រាយការណ៍​ពី​ផ្លូវ​ដែល​ត្រូវ​ជួសជុល មាន​ជង្ហុក​សំបុក​មាន់បាន​ទាន់ពេលវេលា​និង​ងាយស្រួល ព្រមទាំង​បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់​៕ 


ផ្លូវសំបុកមាន់មួយកន្លែង នៅខេត្តព្រះសីហុន។ រូបថត៖ ទូច សុវណ្ណឌី។


Tag:
 ផ្លូវ​សំបុកមាន់​
  Road Care
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com