ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Qasem Soleimani ទំនងជាមិនបង្កឲ្យសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងដូចគ្រប់គ្នាភ័យបារម្ភទេ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចមិនប្រើកម្លាំងតបត មីស៊ីលអ៊ីរ៉ង់ដែលបាញ់ផ្លោងលើមូលដ្ឋានទ័ពខ្លួននៅអ៊ីរ៉ាក់ ដោយលើកហេតុផលថា គ្មានខូចខាតច្រើន ឬមានអ្នកស្លាប់ទេ។ ស្ថានការណ៍អាក្រក់ ហាក់ឈានត្រឡប់ទៅរកភាពប្រសើរវិញបន្តិច ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយនោះ គឺ ទ្វារការទូតភ្ជាប់ទំនាក់ទំនងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទំនងជាត្រូវបិទពីអំណឹះនេះតទៅ ហើយគ្រោះថ្នាក់បំផុតនោះគឺ ជម្លោះឬការវាយប្រហារប្រដាប់អាវុធទ្រង់ទ្រាយតូចៗប្រឆាំងប្រយោជន៍អាមេរិកបង្កឲ្យក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ក្នុងតំបន់ទំនងជាកើនឡើងខ្លាំងផង។
«វ៉ៃឬមិនវ៉ៃ? សង្គ្រាមផ្ទុះឬអត់?» ជាប្រធានបទពេញនិយមនាពេលបច្ចុប្បន្ន ខណៈដែលអាមេរិក និងអ៊ីរ៉ង់សង្គ្រឺតធ្មេញរៀបនឹងច្បាំងគ្នានោះ។ ប៉ុន្តែការវិវត្តចុងក្រោយ ហាក់បីដូចជាបង្ហាញឲ្យឃើញថា ភាគីទាំងពីរកំពុងដកថយម្នាក់មួយជំហានពីផ្លូវធ្វើសង្គ្រាមហើយ។ ហេតុអ្វីសង្គ្រាមទំនងជាមិនផ្ទុះឡើងពេលនេះ?
ចលនាបាតុកម្មប្រឆាំងនឹងសង្គ្រាមដែលអាចផ្ទុះឡើងរវាងអាមេរិក និងអ៊ីរ៉ង់
មុននឹងឈានចូលទៅសាច់រឿងស៊ីជម្រៅនៃការប្រឈមមុខគ្នារវាងអាមេរិក និងអ៊ីរ៉ង់ឲ្យបានលម្អិត ស្មេរសូមទាញអារម្មណ៍ប្រិយមិត្តអ្នកអានទៅស្វែងយល់បន្តិចពីសាវតានៃទំនាក់ទំនងភាគីទាំងពីរបន្តិចសិន។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិកចាប់ផ្តើមឡើងយូរយារណាស់មកហើយ ប៉ុន្តែកម្រិតទំនាក់ទំនងផ្លូវការដោយមានការតែងតាំងមន្ត្រីទូតទើបតែចាប់ផ្តើមឡើងក្នុងឆ្នាំ ១៩៤៤ប៉ណ្ណោះ។ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះទំនាក់ទំនងនេះ ចាប់ផ្តើមរង្គោះរង្គើរ នៅពេលដែលអ្នកនយោបាយជាតិនិយមជ្រុលលោក Mohammad Mosaddegh ក្លាយជានាយករដ្ឋមន្ត្រីទី ៣៥របស់អ៊ីរ៉ង់ក្នុងឆ្នាំ ១៩៥១។ ឡើងកាន់តំណែងភ្លាម លោក Mosaddegh ធ្វើឲ្យលោកខាងលិចខ្នើសចិត្តតាមរយៈការធ្វើជាតូបនីយកម្មរោងចក្របូមប្រេង ដោយបណ្តេញអង់គ្លេសដែលជាម្ចាស់កម្មសិទ្ធិលើរោងចក្របូមប្រេងពីលើទឹកដីខ្លួន។
ដោយបារម្ភពីវត្តមានសហភាពសូវៀតនៅមជ្ឈិមបូព៌ា និងខឹងសម្បារដែលមេដឹកនាំអ៊ីរ៉ង់រូបនេះធ្វើឲ្យខូចប្រយោជន៍លោកខាងលិច អាមេរិកចាត់តាំងភ្នាក់ងារ CIA សហការគ្នាជាមួយក្រុមចារកម្មអង់គ្លេសផង រៀបចំរដ្ឋប្រហារទម្លាក់លោកពីតំណែងឆ្នាំ១៩៥៣។ ក្រោយទម្លាក់រដ្ឋាភិបាលស្របច្បាប់ អាមេរិកពង្រឹងការគាំទ្ររបបរាជានិយមក្រោមការដឹកនាំព្រះចៅ Mohammed Reza Pahlavi ទាំងហិរញ្ញវត្ថុ និងយោធា ដើម្បីធានាយ៉ាងណាទប់ស្កាត់ការសាយភាយរបបកុម្មុយនីស្តជ្រៀតចូលឈូងសមុទ្រពែក្យ និងមជ្ឈិមបូព៌ាទាំងមូលផង។
ដោយសារតម្លៃប្រេងឡើងថ្លៃ របបដឹកនាំអ៊ីរ៉ង់ចាយលុយច្រើនសន្ធឹកនាំចូលសព្វាវុធពីអាមេរិក និងពង្រឹងអំណាចយោធារបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ របបដឹកនាំពីមុនបែបប្រជាធិបតេយ្យប្រែក្លាយជារាជានិយមផ្តាច់ការ។ ងាកទៅមើលម្ខាងទៀត អំពើពុករលួយកើនឡើង អតិផរណាខ្ពស់ហួសថ្លែង ហើយប្រជាជនស្រុកស្អែកចម្ការសម្រុកមករស់នៅទីក្រុង។ លើសពីនេះ ចលនាប្រជាជនស្អប់របបរាជានិយមកើនឡើងកាន់តែខ្លាំង ដោយសារការបន្តរឹតត្បិត និងធ្វើទុក្ខបុកម្នេញអ្នកតវ៉ា និងប្រឆាំងជាហូរហែ។
ដល់ឆ្នាំ ១៩៧៩ ចំណុចរបត់ថ្មីមួយកើតឡើង ដោយផ្ទុះឡើងចលនាបាតុកម្មធំសម្បើមមួយពាសពេញប្រទេសអ៊ីរ៉ង់ដើម្បីបង្ខំឲ្យមហាក្សត្រ Mohammed Reza Pahlavi ចុះដាក់រាជ្យ។ ក្សត្រអង្គនេះ និងសាច់សាលោហិតបានបង្ខំចិត្តភៀសព្រះកាយចេញទៅសហរដ្ឋអាមេរិកនាពេលនោះដែរ។ ពេលនោះហើយដែល
បដិវត្តឥស្លាមចាប់កំណើតឡើង និងផ្លាស់ប្តូរអ៊ីរ៉ង់ជាផ្លូវការទៅជា «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់» ដែលប្រកាន់យករបបដឹកនាំរដ្ឋតាមបែបសាសនា។ សូមបញ្ជាក់បន្តិចដែរ ត្រង់នេះថា ប្រព័ន្ធដឹកនាំសាសនាបែបនេះ អ្នកមានអំណាចជាងគេទាំងនយោបាយក្នុងស្រុក និងការបរទេស គឺ មេដឹកនាំកំពូល Ayatollah ខណៈដែលប្រធានាធិបតីដែលឡើងកាន់អំណាចតាមការបោះឆ្នោតសាកលនោះស្ថិតនៅលេខរៀងទីពីរប៉ុណ្ណោះ។
ក្រៅតែមានការផ្លាស់ប្តូររបបដឹកនាំ អរិភាពរវាងភាគីកើនឡើងខ្លាំងនៅពេលដែល បាតុករអ៊ីរ៉ង់វាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងតេអ៊ីរ៉ង់ និងចាប់ជនជាតិអាមេរិកជាចំណាត់ខ្មាំងអស់រយៈពេល ៤៤៤ថ្ងៃ ជាការសងសឹកនឹងក្រុងវ៉ាស៊ីនតោនដែលបដិសេធប្រគល់ព្រះកាយក្សត្រ Mohammed Reza Pahlavi មកកាត់ទោសផង។
មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានចំណែកជួយគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ដឹកនាំដោយលោក សាដាម ហ៊ូសេនក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ក្នុងរយៈពេលប្រាំបីឆ្នាំ (១៩៨០ ដល់ ១៩៨៨) និងចេតនារបស់អ៊ីរ៉ងក្នុងការផលិតអាវុធប្រល័យលោកផងនោះបន្តធ្វើឲ្យទំនាក់ទំនងភាគីទាំងពីរកាន់តែដុនដាបជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយចុះ ចំណងទំនាក់ទំនងអាមេរិកនិងអ៊ីរ៉ង់ដែលក្បែរនឹងស្លាប់នោះចាប់ផ្តើមមានសង្ឃឹមឡើងវិញ ពេលដែលមេដឹកនាំដែលមាននិន្នាការកែទម្រង់និយម ហាសាន់ រូហានី ឈ្នះឆ្នោតឆ្នាំ ២០១៣ ក្លាយជាប្រធានាធិបតី។ សត្រូវចាស់ដែលមើលមុខគ្នាមិនចំ ចាប់ផ្តើមឈានជើងចូលតុចរចាជាបន្តបន្ទាប់រហូតសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JPCOA) ជាប្រវត្តិសាស្ត្រមួយដែលកម្រិតលទ្ធភាពអ៊ីរ៉ង់ ឆ្នាំ ២០១៥ ក្នុងការឈានទៅផលិតអាវុធនុយក្លេអ៊ែរផង និងជាទ្វារសម្រេចឈានទៅស្តារចំណងការទូតទាំងស្រុងឡើងវិញផង។
ប៉ុន្តែក្តីរំពឹងជុំវិញការ ស្តារចំណងការទូតឡើងវិញនោះរលាយអស់ ក្រោយអាមេរិកប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីខែមករាឆ្នាំ ២០១៧ ពោលគឺពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។ ពេលនោះហើយដែល គេអាចប៉ាន់ស្មានបានថា ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់កំពុងដើរដល់ចំណុចរបត់មួយដែលពិបាកត្រឡប់ក្រោយវិញផង។
ក្រោយប្រិយមិត្តអ្នកអានបានជ្រាបត្រួសៗរួចហើយពីការវិវត្តនៃទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ ស្មេរសូមចាប់ផ្តើមឈានដល់ការបកស្រាយពីដើមហេតុនៃការប្រទូស្តរ៉ាយគ្នាចុងក្រោយនេះម្តង។
និយាយដល់បញ្ហាប្រឈមមុខដាក់គ្នាចុងក្រោយ គេមិនគួរភ្លេចទេថា ដើមហេតុមួយផ្នែកគឺ ការសម្រេចចិត្តរបស់លោក ត្រាំ នាខែឧសភាឆ្នាំ ២០១៨ ដែលប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលពិភពលោកសាទរ និងមានហត្ថលេខាលោក បារ៉ាក់ អូបាម៉ា នេះអាក្រក់បំផុត ហើយលោកវាយតម្លៃថា វាមិនអាចទប់ស្កាត់អ៊ីរ៉ង់មិនឲ្យផលិតនុយក្លេអ៊ែរ និងពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់បានឡើយ។
ត្រាំ ប្រហែលជានិយាយត្រូវ ដ្បិតកិច្ចព្រមព្រៀងនេះមានកម្រិតពិតមែន ដោយសារសុពលភាពនៃកិច្ចព្រមព្រៀងមានកំណត់ និងមិនមានចំណុចជាក់លាក់ដែលកម្រិតសមត្ថភាពអ៊ីរ៉ង់ក្នុងការអភិវឌ្ឍមីស៊ីល និងទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់ក្នុងតំបន់ឡើយ។ អ៊ីរ៉ង់នៅមានលទ្ធភាពពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់ ដូចជាបញ្ជូនទ័ពទៅគាំទ្ររបបដឹកនាំស៊ីរី និងគាំទ្រកម្លាំងឧទ្ទាមនិកាយស៊ីអ៊ីតនៅយេម៉ែនជាដើម។ ប៉ុន្តែគេមិនគួរភ្លេចថា កិច្ចព្រមព្រៀងដែលត្រាំចាត់ទុកថា អាក្រក់ផុតលេខនេះ យ៉ាងហោចណាស់ក៏ធ្វើឲ្យអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបថ រក្សាភាពស្ងប់ស្ងាត់ និងជាផ្លូវការទូតចុងក្រោយសម្រាប់ ចរចាគ្នាបន្តទៅមុខជាមួយអ៊ីរ៉ង់ដែរ។
ដូច្នេះហើយ ពេលអាមេរិកប្រកាសដើរចេញ មហាអំណាចផ្សេងទៀតមាន បារាំង អង់គ្លេស ចិន រុស្ស៊ី និងសហភាពអឺរ៉ុបជំទាស់ដាច់ណាត់ និងសន្យាបន្តអនុវត្តកិច្ចព្រមព្រៀងនេះដដែល។ ប៉ុន្តែស្ថានការណ៍ចាប់ផ្តើមអាក្រក់ពេលលោក ត្រាំ បញ្ជាឲ្យមានការដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញនៅខែកញ្ញាឆ្នាំ ២០១៨ ដែលទង្វើនេះធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់កាន់តែខឹងសម្បារខ្លាំង។
ត្រាំ សង្ឃឹមថា ទណ្ឌកម្មថ្មីនឹងច្របាច់អ៊ីរ៉ង់ឲ្យត្រដរខ្យល់ និងព្រមលុតជង្គង់ចូលតុចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មីផង។ គ្រប់យ៉ាងខុសពីការរំពឹងទុក ដ្បិតអ៊ីរ៉ង់ជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ និងជាសត្រូវសួពូជរបស់អាមេរិកនោះ ទ្រាំខាំស្មៅស៊ីអត់ស៊ីឃ្លានរាប់ទសវត្សរ៍ ហើយតតាំងនឹងគំនាបសេដ្ឋកិច្ច និងនយោបាយពីសំណាក់លោកខាងលិច មិនទោរទន់ងាយៗឡើយ។
តាំងពីពេលនោះមក ភាពតានតឹងរវាងភាគីកាន់តែកើនឡើង។ រដ្ឋបាលអាមេរិកបន្តយុទ្ធនាការដាក់សម្ពាធលើអ៊ីរ៉ង់គ្រប់រូបភាពប្រឆាំងអ៊ីរ៉ង់ ហើយជាការឆ្លើយតប ទាំងអ៊ីរ៉ង់ និងកងកម្លាំងជីវពលដែលគាំទ្រខ្លួនបន្តយុទ្ធនាការវាយប្រហារ និងរឹបអូសនាវាដឹកប្រេងដែលឆ្លងកាត់ ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺ អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក នៅខែមិថុនាឆ្នាំ ២០១៩, រឹបអូសនាវាដឹកប្រេងអង់គ្លេសក្នុងខែសីហា និងបាញ់ផ្លោងមីស៊ីលកម្ទេចរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតក្នុងខែកញ្ញាផង។
ស្ថានការណ៍ខាងលើមិនទាន់រុញច្រានភាគីឲ្យទាល់ច្រក និងងាកទៅរើសយកសង្គ្រាមប្រឆាំងគ្នាទេ ប៉ុន្តែព្រឹត្តិការណ៍ថ្ងៃ ៣ ខែមករា ធ្វើឲ្យគ្រប់គ្នាគិតថាសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ជារឿងចៀសមិនរួច។ ព្រឹត្តិការណ៍នោះគឺ ការវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូនធ្វើឃាតមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោក Qasem Soleimani ដែលកំពុងស្ថិតក្នុងក្បួនរថយន្តធ្វើដំណើរនៅក្បែរព្រលានយន្តហោះក្រុងបាដាដ ថ្ងៃ ៣ ខែមករាឆ្នាំ ២០២០។ ប្រតិបត្តិការនេះធ្វើឡើងដោយមានបញ្ជាផ្ទាល់ពី ប្រធានាធិបតី ត្រាំ។
សូមបើកវង់ក្រចកបន្តិចចុះ។ មានព័ត៌មានពីខាងរដ្ឋាភិបាលអ៊ីរ៉ាក់ដែរថា Soleimani ស្ថិតនៅអ៊ីរ៉ាក់ក្នុងនាមជាភ្ញៀវរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ផង។ ចង់មិនចង់ វាជាទំនួលខុសត្រូវរបស់ម្ចាស់ផ្ទះ នៅពេលភ្ញៀវត្រូវគេធ្វើឃាតស្រស់ៗបែបនេះ។ ដូច្នេះហើយបានជារដ្ឋាភិបាលក្រុងបាដាដ ស្នើទៅសភាយ៉ាងទាន់ហន់ឲ្យមានការបោះឆ្នោតបណ្តេញទ័ពអាមេរិកដែលឈរជើងលើទឹកដីខ្លួនអស់ ១៧ ឆ្នាំតាំងពីមានការផ្តួលរំលំរបបដឹកនាំលោក សាដាម ហ៊ូសេនមកនោះ។
ត្រឡប់មកវិញ ទោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ដែលមានឈ្មោះបោះសំឡេងខ្ទរខ្ទារនៅមជ្ឈិមបូព៌ារូបនេះ ត្រូវបានគេចាត់ទុកថា ជារឿងល្មើសច្បាប់អន្តរជាតិក៏ដោយ រដ្ឋបាលអាមេរិកអះអាងច្បាស់ថា គឺជាវិធានការទប់ស្កាត់គ្រោះថ្នាក់ធំដែលអាចកើតឡើងចំពោះប្រជាជនអាមេរិក។ ទាំងលោក ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោកសុទ្ធតែស្រង់របាយការណ៍ចារកម្មថា Soleimani មានផែនការរៀបវាយប្រហារផ្សេងទៀតនៅពេលខាងមុខ។ ប៉ុន្តែមកទល់ថ្ងៃនេះ គេមិនទាន់ឃើញសេតវិមានអាមេរិកបញ្ចេញរបាយការណ៍លម្អិតដែលជាអំណះអំណាងក្នុងការវាយប្រហារនេះទេ ហើយវាក៏ធ្វើឲ្យមានការចោទសួរ និងរិះគន់ខ្លាំងចំពោះការសម្រេចចិត្តទាំងប្រថុយប្រថាន និងគ្រោះថ្នាក់នេះ។
ជាការពិត ឧត្តមសេនីយ៍ Soleimani មានតួនាទីចម្បងដឹកនាំកងកម្លាំងក្រៅប្រទេស ដែលមានគោលដៅចម្បងឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់តាមរយៈការរៀបចំបង្វឹកទ័ព និងគាំទ្រចលនាជីវពលនិកាយស៊ីអ៊ីត (Shia) ក្នុងនោះមានទាំងចលនាជីវពលនៅអ៊ីរ៉ាក់, ក្រុមហេស្បូឡានៅលីបង់, ហ៊ូធី (Houthi) នៅយេម៉ែន ក៏ដូចជាកងកម្លាំងអាសាស្ម័គ្ររបស់ប្រធានាធិបតី បាសាអាល់ អាសាដ នៅស៊ីរីថែមទៀត។
Soleimani មានចំណែកនៅពីក្រោយចលនានវាយប្រហារនានាប្រឆាំងនឹងទីតាំង ប្រជាជននិងផលប្រយោជន៍អាមេរិកនៅក្នុងតំបន់ ហើយចលនាបាតកម្មហិង្សាប្រឆាំងស្ថានទូតរបស់ខ្លួនផង និងនៅពីក្រោយការវាយប្រហារដែលធ្វើឲ្យទាហានខ្លួនស្លាប់ថែមទៀតក៏ប្រហែលជាពាក់ព័ន្ធនឹងលោកដែរ។ ដូច្នេះហើយទើប ត្រាំ ម្តងជាពីរដងនិយាយថា បាតដៃលោក Soleimani ប្រឡាក់សុទ្ធតែឈាមប្រជាជនអាមេរិក និងសក្តិសមនឹងស្លាប់។
ប៉ុន្តែ ត្រង់នេះយើងអាចនិយាយឲ្យយុត្តិធម៌បន្តិចចុះ។ បើរដ្ឋបាល ត្រាំ ចោទថា Soleimani ជាមេឧក្រិដ្ឋជន ឬជាភេរវករដែលមានបាតដៃប្រឡាក់ឈាមនោះ អាមេរិកក៏មិនសូវខុសគ្នាប៉ុន្មានដែរ។ គេមិនភ្លេចទេថា ទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿងក្នុងខែកក្កដា ឆ្នាំ ១៩៨៨ ដោយសម្លាប់ប្រជាជនអ៊ីរ៉ង់ស្លូតត្រង់អស់ ២៩០នាក់។ អាមេរិកអះអាងថា វាជាការភាន់ច្រឡំ។ កន្លងទៅជាង ៣០ឆ្នាំហើយក៏ដោយ មិនមានការសូមអភ័យទោសណាមួយត្រូវបានធ្វើឡើងចំពោះប្រជាជាតិអ៊ីរ៉ង់ជាពិសេសអ្នកស្លាប់ និងក្រុមគ្រួសារជាផ្លូវការឡើយ។ទាំងនេះ ការសម្លាប់រង្គាល និងជារឿងដ៏ខ្លោចផ្សាជាប់ក្នុងចិត្តប្រជាជនអ៊ីរ៉ង់ដូចគ្នា។
និយាយដល់ការធ្វើឃាត Soleimani អ្នកជំនាញសន្តិសុខជាច្រើនបង្ហាញក្តីបារម្ភ ក្នុងនោះមានលោកស្រី ស៊ូសាន រ៉ាយ៍ (Susan Rice) អតីតទីប្រឹក្សាសន្តិសុខរដ្ឋបាលលោក អូបាម៉ា។ ក្នុង
សំណេរមួយលើកាសែត New York Times លោកស្រីបានទិតៀនការសម្រេចចិត្តយ៉ាងគឃ្លើនរបស់លោក ត្រាំ ដោយបន្តចាក់សាំងលើភ្លើងដែលកំពុងឆាបឆេះស្រាប់នៅមជ្ឈិមបូព៌ា។ លោកស្រីបញ្ជាក់ថា សម្លាប់ Soleimani មិនមែនជារឿងលំបាកទេ ហើយរដ្ឋបាលមុនៗក៏មានឱកាសបំផ្លាញឧត្តមសេនីយ៍រូបនេះចោលដែរ ប៉ុន្តែវាគ្មានហេតុផលណាមួយត្រូវធ្វើបែបនោះទេ ដ្បិតថា វាអាចគ្រោះថ្នាក់ធំទាំងសន្តិសុខ និងការទូតផង។ ជាធម្មតា ការសម្លាប់ភេរវជន ក្រោមលេសធានាសន្តិសុខជារឿងមួយ ប៉ុន្តែការសម្លាប់ឧត្តមសេនីយ៍យោធានៃប្រទេសមួយជារឿងដោយឡែក ដ្បិតថា វាមិនខុសអ្វីពីការប្រកាសសង្គ្រាមទេ។ បើងាកមកមើលផ្លូវការទូតវិញនោះ ទង្វើអាមេរិកហាក់បីដូចជួយផ្តាច់ដង្ហើមការទូតដែលនៅសេសល់ក្នុងការភ្ជាប់សកម្មភាព ឬចរចាជាមួយអ៊ីរ៉ង់នៅពេលនេះដូចគ្នា។
អ៊ីរ៉ង់ និងអាមេរិកសុទ្ធប្រុងប្រយ័ត្នរៀងខ្លួនរឿងសងសឹកគ្នា
ក្រោយការស្លាប់របស់ Soleimani រដ្ឋាភិបាលអ៊ីរ៉ង់សន្យាសងសឹកវិញជាទីគាប់ចិត្ត។ ស្ថានការណ៍បែបនេះ យើងមិនដែលបានឃើញឡើយពីមុន ហើយលទ្ធភាពនៃការផ្ទុះសង្គ្រាមកាន់តែស្រួចស្រាល់។
តាមស្ថានភាពជាក់ស្តែង ភាគីទាំងពីរតាំងពីពេលកើតហេតុសុទ្ធតែរង់ចាំមើលគ្នាទៅវិញទៅមក។ ប៉ុន្តែលោក ត្រាំ ប្រញាប់ប្រញាល់សរសេរសារតាមគណនី Twitter របស់ខ្លួនដោយគំរាមអ៊ីរ៉ង់ខ្លាំងៗ ក្នុងនោះមានទាំងការដាក់គោលដៅ កម្ទេចទីតាំងបេតិកភណ្ឌអ៊ីរ៉ង់ទៀត បើសិនសាធារណរដ្ឋឥស្លាមនេះហ៊ានតបត។ ក្រោយមានការរិះគន់ថា ការបំផ្លិចបំផ្លាញទីតាំងបេតិកភណ្ឌជាបទឧក្រិដ្ឋសង្គ្រាមក្រោមច្បាប់អន្តរជាតិ ទើបប្រធានាធិបតី ត្រាំប្តូរជំហរ។
ថ្វីបើមានការព្រមានជាមុនដូច្នេះក្តី អ៊ីរ៉ង់មិនអាចបណ្តោយឲ្យរឿងចប់ដោយមិនធ្វើសកម្មភាពបន្តិចសោះទេ។ ការបាត់បង់មេបញ្ជាការជាន់ខ្ពស់ក្រោមស្នាដៃសត្រូវជារឿងដ៏អាក្រក់មួយ ប៉ុន្តែការណ៍ដែលមិនតបតវិញនោះគឺជារឿងដ៏អាម៉ាសសម្រាប់ប្រជាជាតិទាំងមូល។ ដូច្នេះហើយបានជាអ៊ីរ៉ង់សម្រេចបាញ់ផ្លោងមីស៊ីលពីរលើកអស់ជាង ១០គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅថ្ងៃអង្គារនៅលើទឹកដីអ៊ីរ៉ាក់ ហើយវាទំនងជាធ្វើឡើងក្រោយការវាយតម្លៃល្អិតល្អន់និងប្រុងប្រយ័ត្នជាពិសេសពីលទ្ធផលដែលអាចកើតមានផង។
បើក្រឡេកមើលឲ្យជិតបន្តិច អ៊ីរ៉ង់បានជូនព័ត៌មានទៅកាន់ភាគីអ៊ីរ៉ាក់មុនពាក់ព័ន្ធនឹងការ បាញ់ផ្លោងមីស៊ីលនេះ។ ការផ្តល់ដំណឹងមុនបែបនេះ បង្ហាញឲ្យឃើញច្បាស់ថា អ៊ីរ៉ង់គ្មានចេតនាបញ្ឆេះបញ្ហាឲ្យកាន់តែធំទេ។ មិនចង់ត្រង់ថា វាហាក់បីដូចជាទុកពេលឲ្យមានការត្រៀមខ្លួន និងបញ្ចៀសការស្លាប់ និងខូចខាតធ្ងន់ធ្ងរដែរ។ ទោះជាបែបនេះក្តី មេដឹកនាំអ៊ីរ៉ង់ប្រកាសជាចំហរថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងបណ្តេញអាមេរិកចេញពីមជ្ឈិមបូព៌ាឲ្យខាងតែបាន។
ភ្លាមៗក្រោយការសងសឹកពីសំណាក់អ៊ីរ៉ង់ គ្រប់គ្នាទន្ទឹងរង់ចាំទាំងតក់ក្រហល់ថា តើប្រធានាធិបតីអាមេរិក នឹងធ្វើដូចម្តេច បន្ទាប់ពីលោកសន្យាថា នឹងចេញមុខប្រកាសពីចំណាត់អាមេរិកតបតនឹងអ៊ីរ៉ង់វិញតាមកញ្ចក់ទូរទស្សន៍នាថ្ងៃពុធ។
ត្រឹមនេះ សេណារីយ៉ូមានពីរធំៗគឺ សន្តិភាព និងសង្គ្រាម។ បើសិនជាលោក ត្រាំ ជ្រើសរើសយកតបតតាមបែបយោធាប្រឆាំងអ៊ីរ៉ង់ ដូចជាការបាញ់ផ្លោងមីស៊ីលសងសឹកជាដើមនោះ សង្គ្រាមនឹងកើតឡើងចៀសមិនផុតឡើយ។ គួរឲ្យត្រេកអរ ប្រធានាធិបតី ត្រាំ សម្រេចមិនបន្តតបតដើម្បីសម្រួលស្ថានការណ៍ដែលកំពុងតានតឹងរៀបនឹងផ្ទុះស្រាប់នោះ។ ប៉ុន្តែទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់នឹងត្រូវដាក់ចេញជាបន្តបន្ទាប់ទៀត។
សំណួរលេចឡើងពេលនេះ ហេតុអ្វីបានជា ត្រាំ មិនឆ្លើយតបវិញដោយប្រើប្រាស់កម្លាំង ឬវាយសំពោងអ៊ីរ៉ង់?
មានហេតុផលបួនធំៗដែលជំរុញឲ្យលោក ត្រាំ សម្រេចមិនបន្តតបតដោយប្រើប្រាស់កម្លាំងយោធា។ ហេតផលទីមួយ គឺទាក់ទងនឹងការឆ្លើយតបរបស់អ៊ីរ៉ង់។ ដូចបានបញ្ជាក់ខាងលើស្រាប់ មីស៊ីលបាញ់ចេញពីទឹកដីអ៊ីរ៉ង់មិនបានបង្កគ្រោះថ្នាក់ ឬការខូចខាតធ្ងន់ធ្ងរសម្រាប់អាមេរិកទេ។ ជម្រើសនេះទុកផ្លូវឲ្យរដ្ឋបាលលោក ត្រាំ ដើរ ដោយមិនចាំបាច់ជ្រើសរើសយកសង្គ្រាម។
ហេតុផលទីពីរ គឺខាតបង់ធំធេងទាំងអស់គ្នា បើសង្គ្រាមផ្ទុះឡើង។ នៅពេលមានការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ វាតែងតែមានការប្រៀបធៀបកម្លាំងយោធា និងសព្វាវុធ រវាងភាគីជម្លោះ។ វាមានទាំងការវាយតម្លៃជាមុនថា អ៊ីរ៉ង់អាចនឹងត្រូវអាមេរិកវាយខ្ទេចរាបដល់ដីផង។
ប៉ុន្តែខ្ញុំយល់ឃើញដោយឡែកថា រាល់សង្គ្រាមទាំងអស់សុទ្ធតែជាគ្រោះមហន្តរាយ។ ទោះអាមេរិកមានយោធាខ្លាំងមហិមាក៏ដោយ វានៅតែជាការបាចសាចទឹកដាក់គ្នា។ បើសង្គ្រាមផ្ទុះឡើងមែននោះ ទាំងសងខាង ឬអាចមានភាគីដទៃទៀតផងនឹងក្លាយជាជនរងគ្រោះ។ គ្រប់យ៉ាងមានតែអ្នកស្លាប់ ការខាតបង់ធំធេងក្នុងសេដ្ឋកិច្ច និងរងការបំផ្លិចបំផ្លាញដែលពិបាកពិពណ៌នាផង។
ហេតុផលទីបី គឺ កម្រិតនៃអំណាចប្រកាសសង្គ្រាម។ ត្រឹមការបញ្ជាពីសំណាក់ប្រធានាធិបតីឲ្យមានការវាយប្រហារសម្លាប់ឧត្តមសេនីយ៍ Soleimani ក្លាយជារឿងចម្រូងចម្រាសទៅហើយ បើផ្អែកលើលក្ខខណ្ឌច្បាប់។ ដូច្នេះហើយ ការឈានទៅធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់អាចនឹងក្លាយជាវិបត្តិ ឬគ្រោះថ្នាក់សម្រាប់រដ្ឋបាលលោក ត្រាំ ក៏ថាបាន។ ដូចឃើញស្រាប់ហើយ ប្រធានសភាតំណាងលោកស្រី ណាន់ស៊ី ផេឡូស៊ី ជំរុញឲ្យមានការចំបោះឆ្នោតអនុម័តបញ្ញត្តិដែលហាមប្រធានាធិបតីចេញចំណាត់ការយោធាណាមួយប្រឆាំងអ៊ីរ៉ង់ វាលែងតែមានការអនុញ្ញតពីសភាទាំងពីរជាន់ជាមុនសិន។ ថ្វីបើលោក ត្រាំ ដកថយមួយជំហានក៏ពិតមែន តំណាងរាស្ត្របក្សប្រជាធិបតេយ្យ ហាក់មិនទាន់ទុកចិត្តមួយរយភាគរយទេថា រដ្ឋបាលនេះនឹងមិនប្រើវិធានការយោធាប្រឆាំងអ៊ីរ៉ង់នោះ។
ចំណែកហេតុផលទីបួនគឺ ការបោះឆ្នោតជិតមកដល់។ ប្រជាប្រិយភាពប្រហែលជារឿងសំខាន់សម្រាប់លោក ត្រាំ ដោយសារការបោះឆ្នោតប្រធានាធិបតីនឹងមកដល់ក្នុងរយៈពេលជាង ១០ ខែប៉ុណ្ណោះ។ តើការសម្រេចចិត្តនេះទាក់ទងនឹងប្រជាប្រិយភាពរបស់លោក ត្រាំ យ៉ាងណា? វាទាក់ទងត្រង់ថា គោលនយោបាយចម្បងរបស់លោក ត្រាំ គឺដកទ័ពអាមេរិកចេញពីសង្គ្រាមដែលគ្មានថ្ងៃឈ្នះ ដូចជាសង្គ្រាមអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ជាដើម។ ការសន្យាបញ្ឈប់រាល់ការពាក់ព័ន្ធរបស់យោធាអាមេរិកក្នុងជម្លោះបរទេសនេះហើយដែលធ្វើឲ្យលោក ត្រាំ ទទួលបានការគាំទ្រច្រើន ហើយលោកក៏ត្រូវធ្វើយ៉ាងណាបញ្ចៀសរាល់ការអន្តរាគមន៍យោធាថ្មីទៀតនៅមជ្ឈិមបូព៌ាដែរ។ ដូច្នេះ ការទប់ស្កាត់សង្គ្រាមជាមួយអ៊ីរ៉ង់ប្រហែលជាជម្រើសដ៏ល្អបំផុតមួយ។
ក្រុមឧទ្ទាម ហ៊ូធី នៅយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់
ដោយឡែក ថ្វីបើត្រាំ ត្រូវគោរពសម្តីខ្លួនសន្យាពេលឃោសនាបោះឆ្នោត និងដើម្បីទាញប្រជាប្រិយភាពសម្រាប់អាណត្តិថ្មីក៏ដោយចុះ ការចាកចេញពីមជ្ឈិមបូព៌ាទាំងស្រុងមិនមែនជាយុទ្ធសាស្ត្ររបស់អាមេរិកទេ។ ជារឿងធម្មតាទេ កាលណាបើតម្រួតពិភពលោកដោះដៃចេញពីមជ្ឈិមបូព៌ា បញ្ហានឹងកើតឡើងកាន់តែច្រើន។ នេះក៏ដ្បិតថា ទីមួយអាមេរិកត្រូវរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ ដោយមិនឲ្យមហាអំណាចតំបន់ដូចជាអ៊ីរ៉ង់ឡើងអុងអាត់ពង្រីកឥទ្ធិពលរបស់ខ្លួនលើសផុតគេក្នុងតំបន់ឡើយ។ ហើយទីពីរទៀត អាមេរិកក៏មិនអាចអនុញ្ញាតឲ្យសន្តិសុខថាមពលរបស់ខ្លួន (ប្រេង) រងការគំរាមកំហែងដូចគ្នា។
សង្គ្រាមមិនផ្ទុះឡើង តែចលនាប្រដាប់អាវុធប្រឆាំងអាមេរិកអាចនឹងកើនឡើង
ស្លេះរឿងមូលហេតុអាមេរិកមិនជ្រើសយកសង្គ្រាមត្រឹមប៉ុណ្ណេះសិនចុះ។ រឿងដែលគេត្រូវគិតគូរនៅពេលនេះគឺ អ្វីដែលនឹងអាចកើតឡើងបន្តទៀត បើសិនជាពេលនេះសង្គ្រាមមិនផ្ទុះឡើង។ វាទំនង ជាពិបាក ប៉ាន់ស្មាន ប៉ុន្តែអ៊ីរ៉ង់ ឬអ្នកគាំទ្រ ឧត្តមសេនីយ៍ Soleimani មិន បញ្ចប់ ការសងសឹកត្រឹមប៉ុណ្ណេះទេ។
មានការព្រមានជាមុនរួចទៅហើយថា អាមេរិកមិនសុខសាន្តជាងមុនឡើយ ក្រោយការស្លាប់របស់ Soleimani ដ្បិតថា ការវាយប្រហារទ្រង់ទ្រាយតូចនឹងកើតឡើងប្រឆាំងប្រជាជនអាមេរិក និងផលប្រយោជន៍អាមេរិក ទាំងនៅមជ្ឈិមបូព៌ា និងទូទាំងពិភពលោក។
ក្នុងនោះមានដូចជា ចលនាប្រដាប់អាវុធដែលគាំទ្រអ៊ីរ៉ង់ចាប់ផ្តើមបង្កើនសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងក្លា ប្រឆាំងនឹងអាមេរិក។ ដូចឃើញស្រាប់ការរឹបអូស និងវាយប្រហារលើនាវាដឹកប្រេងបរទេសដែលឆ្លងកាត់តាមជ្រោយ Hormuz កន្លងមក។
ផែនទីដែលបង្ហាញពីជ្រោយ Hormuz
ចំណែកបណ្តាញក្រុមភេរវជនដែលមាននិន្នាការគាំទ្រអ៊ីរ៉ង់ស្ថិតនៅទឹកដីអាមេរិក និងមិនសកម្ម (Sleeper cells) កន្លងមក នឹងអាចចាប់ផ្តើមសកម្មភាពឡើងវិញ ដោយរៀបចំការវាយ ប្រហារជា ដើមផង។ វាជាគ្រោះថ្នាក់ធំ និងអាចបង្កផលប៉ះពាល់ កាន់តែខ្លាំងដល់ សន្តិសុខអាមេរិក។
ចុងក្រោយគឺ កំណើនការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyber attack) ។ នេះជារឿងសាមញ្ញ និងកើតឡើងញឹកញាប់បំផុតមួយ។ គេស្គាល់ច្បាស់ថា អ៊ីរ៉ង់ស្ថិតក្នុងចំណោមប្រទេសធំដែលត្រូវបានគេចាត់ទុករដ្ឋដែលមានសមត្ថភាពខ្ពស់ និងគ្រោះថ្នាក់បំផុតក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតនេះ បន្ទាប់ពី រុស្ស៊ី ចិន និងកូរ៉េខាងជើង៕