ជាតិ
ក្រសួងអប់រំ ជ្រើសរើសកម្មសិក្សាការី៥រូប ទៅបម្រើការងារនាយកដ្ឋាន IT
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសកម្មសិក្សាការីចំនួន ០៥រូប ដើម្បីទៅបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដែលមានតួនាទីក្នុងការគ្រប់គ្រង ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគម៍ (ICT)ក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងការជ្រើសរើសនេះ នាយកដ្ឋានត្រូវការកម្មសិក្សាការី ចំនួន០៥រូប សម្រាប់បម្រើការងារក្នុងផ្នែករចនា (Graphic Design), ផ្នែកគ្រប់គ្រងមាតិការលើបណ្ដាញ, ផ្នែករៀបចំវគ្គបណ្ដុះបណ្ដាល, ផ្នែកគ្រប់គ្រងបណ្ដាញ (Network) និងផ្នែកសិក្សាតាមអេឡិចត្រូនិក។
សម្រាប់លក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី៣លើមុខជំនាញដែលត្រូវការ និងត្រូវចេះប្រើប្រាស់កាមេរ៉ាឌីជីថល។ បេក្ខជនក៏ត្រូវចេះលើផ្នែករចនា (Design) រួមទាំងកាត់តវីដេអូផងដែរ។ បេក្ខជនត្រូវចេះទាំងសរសេរ និងនិយាយភាសាអង់គ្លេស ព្រមទាំងកម្មវិធីកុំព្យូទ័រការិយាល័យ។ បេក្ខជនត្រូវមានមធ្យោបាយធ្វើដំណើរ ផ្ទាល់ខ្លួនក្នុងពេលដែលកំពុងបំពេញការងារ។ លើសពីនេះទៅទៀត សម្រាប់បេក្ខនារី និងជនពិការក៏អាចបម្រើការងារបានផងដែរ។
កម្មសិក្សាការីត្រូវបម្រើការងារ៤ម៉ោងក្នុងមួយថ្ងៃរយៈពេល៦ខែ ហើយពុំទទួលបានប្រាក់កម្រៃអ្វីនោះទេ។ បើបេក្ខជនចង់បន្តបម្រើការងារក្រោយរយៈពេល៦ខែនោះ ហើយស្របពេលដែលក្រសួងត្រូវការ បេក្ខជនត្រូវធ្វើលិខិតស្នើសុំបន្តដែលពិនិត្យសម្រេចដោយថ្នាក់ដឹកនាំ។ ក្នុងអំឡុងពេលបម្រើការងារនាយកដ្ឋាននឹងរៀបចំកន្លែង សម្ភារការិយាល័យ សម្រាប់ប្រើប្រាស់ក្នុងពេលធ្វើការ។ ក្រោយពីបញ្ចប់ការងារក្រសួងនឹងចេញលិខិតបញ្ជាក់ពីការបំពេញការងារជូនដល់កម្មសិក្សាការីទាំងអស់ផងដែរ។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ប្រវត្តិរូបសង្ខេប ដោយការ Scan លើQR Code រួចផ្ញើរទៅកាន់អ៊ីម៉ែល
[email protected] ឲ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com