ជាតិ
បច្ចុប្បន្ន កម្ពុជា​មិន​នាំចូល​ជ្រូក​ពី​វៀតណាម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ឡើយ​
17, Jan 2020 , 7:39 pm        
រូបភាព
ប្រភពរូប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។
ប្រភពរូប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។
​ភ្នំពេញ​៖ បច្ចុប្បន្ន​កម្ពុជា ពុំបាន​នាំចូល​សត្វ​ជ្រូក​ពី​វៀតណាម ដើម្បី​បំពេញតម្រូវការ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឡើយ​។ ការបិទ​នាំចូល​នេះ បាន​ធ្វើឡើង​បន្ទាប់ ពី​មានការ​ផ្ទុះ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នៅ​វៀតណាម ហើយ​បាន​ឆ្លង​រាលដាល​ដល់​ខេត្ត​មួយចំនួន​នៅ​កម្ពុជា កាលពីដើមឆ្នាំ​២០១៩ មក​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ  សត្វ​ជ្រូក​ដែល​ដឹក​នៅ​កម្ពុជា​នោះ គឺជា​ជ្រូក​របស់​ប្រទេស​ថៃ​ឆ្លងកាត់​ទៅ​វៀតណាម ប៉ុណ្ណោះ​។​


 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​របស់​អគ្គនាយក​ដ្ឋា​ន​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានចេញ​ផ្សាយ នា​ព្រឹក​ថ្ងៃទី​១៧​មករា​នេះ បាន​បញ្ជាក់ថា បច្ចុប្បន្ន​តម្លៃ​ជ្រូក​រស់នៅ​ប្រទេស​វៀតណាម មានតម្លៃ​ខ្ពស់ជាង​របស់​កម្ពុជា​។ ដោយ​ជ្រូក​វៀតណាម​មានតម្លៃ​ពី​១៤,០០០​ទៅ​១៦,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​ធៀប​នឹង​ជ្រូក​របស់​កម្ពុជា មានតម្លៃ​ត្រឹម​១១,០០០ ទៅ​១២,០០០​រៀល ប៉ុណ្ណោះ​។​
 
​កាលពី​ថ្ងៃទី​១៦​មករា ឆ្នាំ​២០២០ មាន​ជ្រូក​៤,៥០០​ក្បាល ត្រូវបាន​ឡាន​ដឹកជញ្ជូន​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត​នានា ទៅ​ប្រទេស​វៀតណាម​។ នេះ​ជាការ​អះអាង​របស់​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។  សូមបញ្ជាក់ថា កម្ពុ​ជាមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​លើកដំបូង ដោយ​ឆ្លង​ពី​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២២​មីនា ឆ្នាំ​២០១៩ នៅ​ខេត្តរតនគិរី រួច​បន្ត​មក​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល ដែល​បណ្តាល​ឲ្យ​ងាប់​ជ្រូក​សរុប​ប្រមាណ​២៥០០​ក្បាល​។ ទោះជា​យ៉ាងណា មិនទាន់​ដឹង​ពី​ចំនួន​ខាតបង់​ជា​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​ទេ គ្រាន់តែ​ដឹងថា​ជ្រូក​ក្នុង​មួយ​ក្បាល​អាច​លក់​ចេញ​ក្នុងតម្លៃ​២០០​ដុល្លារ​៕ 

Tag:
 ជ្រូក​
  ប៉េស្ត​
© រក្សាសិទ្ធិដោយ thmeythmey.com