អន្តរជាតិ
តុលាការថៃ កាត់ក្តីបក្សលោក Thanathorn គ្មានទោសរឿងចង់ផ្តួលរាជានិយម មេដឹកនាំបក្សអនាគតឆ្ពោះទៅមុខ លោក Thanathorn អំឡុងពេលជួបជាមួយអ្នកគាំទ្រ (AFP)
× តុលាការធម្មនុញ្ញថៃ នៅថ្ងៃ ២១ ខែមករា បានរកឃើញថា គណបក្សអនាគតឆ្ពោះទៅមុខរបស់សេដ្ឋីវ័យក្មេងថៃ Thanathorn Juangroongruangkit គ្មានទោសកំហុសជុំវិញបណ្ដឹងចង់ផ្តួលរំលំរាជានិយម។ សេចក្តីសម្រេចនេះ ក៏ជាការបន្ធូរបន្ថយសម្រាប់ក្រុមប្រឆាំងផងដែរ។
តុលាការ បានច្រានចោលការអះអាងថា គណបក្សប្រឆាំងដ៏ធំមួយនេះប៉ុនប៉ងផ្តួលរំលំរាជានិយមថៃ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Taweekiat Meenakanit ចៅក្រមម្នាក់ក្នុងចំណោម ៩ នាក់ ដែលកាត់ក្តីសំណុំរឿងនេះ បញ្ជាក់ថា បក្សដែលត្រូវចោទប្រកាន់នេះ មិនបានប្រព្រឹត្តិក្នុងសិទ្ធិ និងសេរីភាពដើម្បីផ្តួលរំលំរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ។
យ៉ាងណាមិញ ចៅក្រមរូបនេះ សង្កត់ធ្ងន់ថា គណបក្សនេះ គួរកែប្រែពាក្យពេចន៍ក្នុងគោលនយោបាយបក្ស ដែលចែងថាខ្លួនគោរពតាម «គោលការណ៍ប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ» ទៅជា «ប្រព័ន្ធប្រជាធិបតេយ្យដោយមានស្តេចជាប្រមុខរដ្ឋ»។
សេចក្តីសម្រេចនេះ គឺជាការបន្ធូរបន្ថយសម្រាប់ក្រុមប្រឆាំង ដែលបាននិយាយថាការចោទប្រកាន់លើពួកគេនេះ គឺជាមានចរិតនយោបាយក្នុងគោលដៅបង្ក្រាបការប្រឆាំងរដ្ឋាភិបាលថៃ ដែលដឹកនាំដោយអតីតមេដឹកនាំយោធា។
ស្តេចថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) ព្រះជន្ម ៦៧ វស្សា គឺជារាជាអាស្រ័យរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែក្នុងវប្បធម៌ជាប្រពៃណី ព្រះមហាក្សត្រ ត្រូវបានគោរពជាអ្នកការពាររបស់ប្រទេស ហើយការប្រមាថស្តេច គឺជាបទល្មើសឧក្រិដ្ឋកម្មដែលអាចទទួលទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ ការប៉ុនប៉ងផ្តួលរំលំរាជានិយម គឺចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរបំផុត។
សូមបញ្ជាក់ថា បង្កើតឡើងកាលពី២ឆ្នាំមុន គណបក្សអនាគតឆ្ពោះទៅមុខ ទទួលបានកៅអីច្រើនលំដាប់ទី៣ ក្នុងការបោះឆ្នោតទូទៅក្នុងខែមីនា ឆ្នាំ២០១៩ ។ មេដឹកនាំរបស់បក្សនេះ គឺលោក Thanathorn អាយុ ៤១ ឆ្នាំ បានក្លាយជាអ្នកប្រឆាំងដ៏មានឥទ្ធិពលមួយចំពោះរដ្ឋាភិបាល ដែលកាលពីឆ្នាំមុន បានបន្ដុបអតីតមេដឹកនាំសឹក លោកប្រាយុទ្ធ ចន្ទអូចា ជានាយករដ្ឋមន្ត្រី៕
Tag:
ថៃ
Thanathorn
បក្សអនាគតឆ្ពោះទៅមុខ
© រក្សាសិទ្ធិដោយ thmeythmey.com