ភ្នំពេញ៖ មេធាវីការពារក្តីរដ្ឋាភិបាល អះអាងថា ខ្លួនមានភស្តុតាងថ្មីទៀត សម្រាប់ដាក់បន្ទុកលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ នោះគឺសារលោក សម រង្ស៊ី ដែលបានអះអាងថា លោក កឹម សុខា ជាប់ពាក់ព័ន្ធ«ឧក្រិដ្ឋកម្ម សន្ទិដ្ឋិភាព គឺសមគំនិតជាមួយបរទេស»។ មេធាវីរដ្ឋាភិបាល ថា សាររបស់លោក សម រង្ស៊ី នេះនឹងក្លាយជាភស្តុតាងរឹងមាំថែមទៀត ដែលធ្វើឱ្យលោក កឹម សុខា មិនអាចគេចផុតពីទោសបានទេ។
«ខ្ញុំអរគុណ សម រង្ស៊ី ចំពោះការបង្ហាញភស្តុតាងដាក់បន្ទុក សម្រាប់ខ្លួនឯង ក៏ដូចជាភស្តុតាងដាក់បន្ទុកជនជាប់ចោទ កឹម សុខា»។ នេះជាការលើកឡើងរបស់លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាល ដែលបានថ្លែងបែបចំអកថា លោក សម រង្ស៊ី បានផ្តល់ភស្តុតាងឱ្យតុលាការយ៉ាងងាយស្រួល ដោយមិនចាំបាច់ស្រាវជ្រាវរកបន្ថែម តាមរយៈការបង្ហោះសារទទួលស្គាល់ពីសកម្មភាពក្បត់ជាតិខ្លួន រួមទាំងលោក កឹម សុខា។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា លោក និងលោក កឹម សុខា ពាក់ព័ន្ធនឹងការគប់គិតជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋាភិបាល។ «កឹម សុខា ពាក់ព័ន្ធតិចជាង សម រង្ស៊ី ឆ្ងាយណាស់ ក្នុងឧក្រិដ្ឋកម្ម សន្ទិដ្ឋិភាព គឺសមគំនិតជាមួយបរទេស ដើម្បីរៀបចំឲ្យមានបដិវត្តន៍ពណ៌ ផ្តួលរំលំរបប ហ៊ុន សែន តាមការចោទប្រកាន់ពីតុលាការទីក្រុងភ្នំពេញ»។ នេះជាការសំណេរបស់លោក សម រង្ស៊ី។
លោក សម រង្ស៊ី ដែលបានបង្ហោះរូបលោក និងលោក កឹម សុខា ជួបជាមួយបរទេសជាង២០សន្លឹកនោះ បានបញ្ជាក់បន្ថែមថា៖ «នេះជាសំណុំឯកសារទី ២ ដែលខ្ញុំ សម រង្ស៊ី ផ្ញើជូនតុលាការទីក្រុងភ្នំពេញ ដើម្បីបញ្ជាក់ជាភស្តុតាងថាខ្ញុំបានសហការជាមួយអង្គការបរទេសជាច្រើន ក្នុងគោលបំណងរៀបចំឲ្យមានការផ្លាស់ប្តូររបបនយោបាយ នៅប្រទេសកម្ពុជា គឺផ្លាស់ប្តូរពីរបបផ្តាច់ការ មករបបប្រជាធិបតេយ្យ»។
ដោយសារឃើញសំណេររបស់លោក សម រង្ស៊ី ខាងលើនេះ មេធាវីការពារក្តីរដ្ឋាភិបាល លោក គី តិច ហ៊ានអះអាងថា លោក កឹម សុខា ទំនងជាមិនអាចឈ្នះក្តីនេះបានឡើយ។ «ខ្ញុំអរគុណចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ ទី១ គឺខ្ញុំសង្ឃឹមថា តំណាងអយ្យការ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមស៊ើបសួរច្បាស់ជាប្រមូលភស្តុតាងដែលសម រង្ស៉ី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែមទាំងទណ្ឌិត សម រង្ស៉ី ទាំងជនជាប់ចោទ កឹម សុខា»។ នេះជាការបញ្ជាក់របស់លោក គី តិច ដែលបានសង្កត់ធ្ងន់ថា សំណុំរឿងលោក កឹម សុខា នេះ ត្រូវបានតុលាការបំបែករួចហើយ ដើម្បីរង់ចាំស្វាគមន៍លោក សម រង្ស៉ី ។
មេធាវីការពារក្តីលោក កឹម សុខា មិនបារម្ភពីសំណេររបស់លោក សម រង្ស៊ី នេះ ក្លាយជាបន្ទុកបន្ថែមដល់កូនក្តីខ្លួនឡើយ។ ត្រង់ចំណុចនេះលោក ចាន់ ចេន បានអះអាងថា កូនក្តីខ្លួនគឺជាមនុស្សស្អាតស្អំ ហើយប្រកាន់គោលនយោបាយអហិង្សា ដោយគ្មានគំនិតគប់គិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់ឡើយ។ លោក ចាន់ ចេន ក៏ឆ្លៀតតបទៅលោក សម រង្ស៊ី វិញថា លោក រង្ស៊ី តែងតែលួចឱកាសកេងចំណេញនយោបាយលើកូនក្តីខ្លួនជាញឹកញយ ដូចជាការយកសេរីភាពលោក កឹម សុខា ទៅភ្នាល់ជាមួយសម្ដេច ហ៊ុន សែន ជាដើម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មេធាវីការពារក្តីរូបនេះ បាននិយាយដូច្នេះថា៖«ទោះបីថា អ្នកណាលើកភស្តុតាងអី ដាក់អី វាគឺជាសិទ្ធិរបស់ភាគីម្ខាងទៀត ក្នុងការស្វែងរកភស្តុតាងជូនតុលាការ។ ប៉ុន្តែសួរថា តើភស្តុតាងនោះ វាមានតម្លៃ ហើយវាអាស្រ័យលើការសម្រេចរបស់ចៅក្រម ក្នុងការជំនុំជម្រះទេ»។
នៅព្រឹកថ្ងៃទី២៣ មករា តុលាការបានបន្តដំណើរការសវនាការក្តីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយមានការសួរដេញដោលលើសកម្មភាពរយៈពេល២០ឆ្នាំ របស់មេដឹកនាំរូបនេះ ចាប់តាំងពីឆ្នាំ១៩៩៣ ដល់២០១៣ ។ ការសួរដេញដោលគ្នានេះ គឺយោងតាមវីដេអូវែងរយៈពេលជាង១ម៉ោងរបស់លោក កឹម សុខា និងវីដេអូ២នាទីរបស់មេធាវីរដ្ឋាភិបាល។ ឃ្លីបវីដេអូទាំងពីរនេះ គឺមានទាំងសំឡេងនិងរូបភាពលោក កឹម សុខា ថ្លែងនៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី តាំងពីឆ្នាំ២០១៣ អំឡុងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥។
អយ្យការអមសាលាដំបូង២រូប គឺលោក ប្លង់ សុផល និងលោក ធាម ពិសិដ្ឋ រួមទាំងមេធាវីរដ្ឋាភិបាល៤រូប ដឹកនាំដោយលោក គី តិច បានចោទសួរលោក កឹម សុខា មិនតិចជាង៤០សំនួរ ជុំវិញទំនាក់ទំនងជាមួយអាមេរិក , ការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស ,ការបង្កើតគណបក្សសិទ្ធិមនុស្ស និងធ្វើជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសពាក្យពេចន៍របស់លោក កឹម សុខា ដែលគេសង្ស័យថា បង្កប់អត្ថន័យក្នុងបំណងផ្ដួលរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែសំនួរទាំងអស់នេះ ត្រូវបានលោក កឹម សុខា បកស្រាយតាមលំដាប់លំដោយនៃពាក្យពេចន៍នីមួយៗនៅតាមចំណុច ដែលព្រះរាជអាជ្ញា និងមេធាវីរដ្ឋាភិបាល បានកត់សម្គាល់។ សរុបសេចក្តីនៃអត្ថន័យពាក្យទាំងអស់នេះ លោក កឹម សុខា បានអះអាងថា ខ្លួនគ្រាន់តែទៅបកស្រាយពីជំហរគណបក្ស និងស្ថានភាពនយោបាយ រួមទាំងអរគុណអ្នកគាំទ្របក្ស នៅអូស្ត្រាលីប៉ុណ្ណោះ។ លោក កឹម សុខា ក៏បានពន្យល់វិញថា ក្នុងខ្លឹមសារវីដេអូ និងប្រតិចារឹតទាំងស្រុង គ្មានពាក្យណាមួយដែលបង្ហាញថា លោកចង់ធ្វើបដិវដ្តព័ណ៌ផ្ដួលរំលំរដ្ឋាភិបាលទេ ។
«ខ្ញុំចេះតែធ្វើអ្វីដោយអហិង្សា ធ្វើអ្វីដោយសន្តិវិធីតាមការបោះឆ្នោត ហើយខ្ញុំអត់ដែលមានគំនិតចង់ធ្វើបដិវដ្ដព័ណ៌ទេ»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា ដែលបានពន្យល់សេចក្តីចុងក្រោយមុនបញ្ចប់សវនាការនៅម៉ោង១២ថ្ងៃត្រង់ថា ក្នុងវីដេអូលោកជាង១ម៉ោង ក៏បានរំលេចពីគោលការណ៍ និងគោលជំហរប្រកាន់នយោបាយអហិង្សា និងប្រជាធិបតេយ្យដែរ។
គួរបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា នឹងត្រូវដំណើរការរយៈពេល៣ខែ ដោយសារជារឿងក្តីធំ។ នេះបើតាមតុលាការ៕