ហ្មដំរី​ចាស់ៗ បារម្ភ​ខ្វះ​អ្នក​បន្តវេន
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ហ្មដំរី​ចាស់ៗ បារម្ភ​ខ្វះ​អ្នក​បន្តវេន
26, Jan 2020 , 9:19 pm        
រូបភាព
​រតនគិរី​៖ លោក មិ​ល អ៊ិន គឺជា​ហ្មដំរី​ម្នាក់​នៅ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រ៉ាវ​ត្តា ក្នុង​ខេត្តរតនគិរី​។ វ័យ​កាន់​ចាស់ ហ្មដំរី​ជនជាតិដើម​ភាគតិច​ព្រៅ​រូបនេះ កាន់តែ​បារម្ភ​ពី​រឿង​ខ្វះ​អ្នក​បន្តវេន​។ បើតាម លោក មិ​ល អ៊ិន ហ្មដំរី​ចាស់ៗ​ដែល​ខ្លួន​បាន​ស្គាល់​មានតែ​ជាង ១០​នាក់​ប៉ុណ្ណោះ​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លោក មិ​ល អ៊ិន ហ្មដំរី​នៅ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រ៉ាវ​ត្តា ដូចតទៅ​៖
 
 
 
​លោក មិ​ល អ៊ិន ចេះ​មើលថែទាំ​ដំរី​តាំងពី​ក​អាយុ​១៥​ឆ្នាំ​ម្ល៉េះ ពី​ឪពុក​ដែល​ធ្លាប់មាន​ដំរី​ដល់​ទៅ​២​ក្បាល​។ លោក បាន​ធ្វើជា​ហ្មដំរី​នៅ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រ៉ាវ​ត្តា ក្នុង​ខេត្តរតនគិរី តាំងពី​ឆ្នាំ​២០១៤​។ លោក និង​ហ្ម​ផ្សេងទៀត កំពុង​មើលថែទាំ​ដំរី ៤​ក្បាល ដែល​គេ​គិតថា​ជា​ដំរី​ស្រុក​ចុងក្រោយ នៅក្នុង​ខេត្ត​ភាគ​ឦសាន​នេះ​។ លោក មិ​ល អ៊ិន ពន្យល់​ពី​ការថែទាំ​ដំរី​របស់ខ្លួន​ដូច្នេះ​៖«​យើង​ថែទាំ យើង​មើល​ក្រែង​វា​ឈឺ​ជើង វា​ត្រូវ​បន្លា យើង​ជិះ​(​ដំរី​) ដូច​ជិះឡាន​ដែរ​។ យើង​មើល យើង​ថែ លាង​ជើង លាងដៃ​។ យើង​ពិនិត្យ​សុខភាព​វា ខ្លាច​វា​រាក ឬអី​»​។ 
​ក្រៅពី​ការថែទាំ លោក មិ​ល អ៊ិន ក៏​ស្គាល់​ច្បាស់​អាការ​ដំរី​ពេល​វា​ចុះប្រេង​ផងដែរ ហើយ​លោក ក៏​កាន់តែ​ប្រយ័ត្នប្រយែង​ថែមទៀត ព្រោះ​ដំរី​កាច មិនសូវ​ញញើត​ហ្ម ដែល​មើលថែ​វា​រាប់សិប​ឆ្នាំ​ប៉ុន្មាន​ទេ​។​


 
​បច្ចុប្បន្ន លោក មិ​ល អ៊ិន មាន​អាយុ ៥៩​ឆ្នាំ​។ វ័យ​កាន់​ចាស់ ហ្មដំរី ជនជាតិដើម​ភាគតិច​ព្រៅ​រូបនេះ កាន់តែ​បារម្ភ និង​ខ្វល់ខ្វាយ​ពី​រឿង​ខ្វះ​អ្នក​បន្តវេន​។ លោក មិ​ល អ៊ិន រៀបរាប់​ទាំងមុខ​ស្រពោន​ថា​៖«​ចាស់​ដូច​ខ្ញុំ ឈឺ​មិនដឹង​ថ្ងៃ​ណា​ខែ​ណា​ស្លាប់ទៅ​។ ដំរី មិន​ដូច​ឡាន និង​ម៉ូតូ​ទេ​។ អ្នក​មិនចេះ​មើលថែ​ដំរី អត់​ហ៊ាន​ជាមួយ​ដំរី​។ បើ​អត់​ចេះ​ជិះ គឺ​វា​ខ្លាច និង​រត់​គ្រលែង​»​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី លោក អ៊ិន ក៏​ឃើញ​មាន​យុវជន ចាប់អារម្មណ៍​រៀន​ធ្វើជា​ហ្មដំរី​ខ្លះ​ដែរ ក៏ប៉ុន្តែ​រៀន​បាន មិនបាន ចេះ ឬ​មិនចេះ អាស្រ័យ​លើ​ចិត្តហ៊ាន របស់​ពួកគេ​។ បើតាម​ហ្មដំរី​វ័យ​៥៩​ឆ្នាំ​រូបនេះ អ្នក​ហ៊ាន រៀន​ត្រឹមតែ​មួយខែ ឬ​ពីរ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ចិត្ត​ខ្លាច នឹងត្រូវ​ចំណាយ​យូរ​ទើប​អាច​ចេះ​៕
 

Tag:
 ដំរី​
  ហ្មដំរី​
  រតនគិរី​
  អៃ​រ៉ាវ​ត្តា​
© រក្សាសិទ្ធិដោយ thmeythmey.com