ជាតិ
សុខភាព
បុរស​ចិន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស បាន​ស្នាក់នៅ​សណ្ឋាគារ​២​នៅ​ខេត្ត​ព្រះសីហនុ​
27, Jan 2020 , 10:15 pm        
រូបភាព
កម្ពុជាពង្រឹងការត្រួតពិនិត្យ និងស្កែននៅតាមអាកាសយានដ្ឋាន និងច្រកទ្វារព្រំដែន
កម្ពុជាពង្រឹងការត្រួតពិនិត្យ និងស្កែននៅតាមអាកាសយានដ្ឋាន និងច្រកទ្វារព្រំដែន
ដោយ: ថ្មីៗ
បុរស​ជនជាតិ​ចិន​ឈ្មោះ Jia Lianhua ត្រូវបាន​ប្រកាសថា​មាន​ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV)​។ ក្រោយ​សន្និសីទ​សារព័ត៌មាន​ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល បានផ្តល់​ព័ត៌មាន​បន្ថែ​ម​ពាក់ព័ន្ធ​នឹង​ដំណើរ​របស់​អ្នកជំងឺ​វ័យ​៦០​ឆ្នាំ​រូបនេះ​នៅ​កម្ពុជា​។​



អត្ថបទទាក់ទង


​លោក Jia Jianhua បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ត្រង់​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន មកដល់​ខេត្ត​ព្រះសីហនុ ជាមួយ​សមាជិកគ្រួសារ​បីនាក់​ទៀត កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ហើយ​ចេញ​រោគសញ្ញា​នៅ​ពីរ​ថ្ងៃ​បន្ទាប់ ដោយមាន​អាកា​រៈ​គ្រុនក្តៅ និង​ហៀរ​សំបោរ​។​

​ពេល​ចុះ​ពី​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ អ្នកជំងឺ និង​ក្រុមគ្រួសារ បាន​ជិះ​តាក់ស៊ី ហើយ​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​រយៈពេល​២​យប់ មុន​បន្តទៅ​ស្នាក់នៅ​សណ្ឋាគារ​គ្វី​ន​កូ (Queenco Hotel) នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា​។​

​របាយការណ៍​ក្រសួងសុខាភិបាល​បន្ថែម​ថា អ្នកជំងឺ​នោះ បាន​លេង​ក្នុង​អាង​ហែល​ទឹក​រយៈពេល​២​ម៉ោង រួច​ក៏មាន​អាកា​រៈ​គ្រុនក្តៅ​។ អ្នកស្រី Wang Lingzhen អាយុ​៥៧​ឆ្នាំ ដែលជា​ភរិយា បាន​រៀបរាប់​ករណី​ស្វាមី​ខ្លួន​ទៅប្រាប់​ក្រុមគ្រួសារ​នៅ​ចិន ហើយ​បន្ទាប់មក អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏​បានដឹង​រឿងនេះ​។​

​នៅ​ថ្ងៃទី​២៦ ខែមករា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ រួមជាមួយ​ស្ថាប័ន​ជំនាញ​ក្នុង​ខេត្ត​បាន​ស្រាវជ្រាវ ហើយ​បាន​យក​វត្ថុ​វិភាគ​លើ​ច្រមុះ បំពង់ក​របស់លោក Jianhua និង​សមាជិកគ្រួសារ​បីនាក់​ទៀត​។ នៅ​ថ្ងៃទី​២៧ ខែមករា មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា​បានបង្ហាញ​លទ្ធផល​បុរស​ម្នាក់នេះ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី រីឯ​មនុស្ស​បីនាក់​មិនទាន់​រកឃើញ​សញ្ញា​ណាមួយ​ឡើយ​។​

​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវដាក់​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ហើយ​គាត់​មាន​សភាព​ហ្នឹង​នរ​នៅឡើយ រីឯ​សមាជិកគ្រួសារ​បីនាក់​ទៀត ស្ថិតនៅក្រោម​ការតាមដាន​។ ជាមួយគ្នានេះ មន្ត្រី​ជំនាញ​កំពុង​ស្វែងរក​អ្នក​ប៉ះពាល់​ផ្សេងទៀត​ផងដែរ​៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com