ONE Championship
កីឡាជាតិ
ជាតិ
លម្អិត​អំពី​បទពិសោធន៍​ប្រកួត​រវាង ខុន ស៊ី​ចាន់ និង Eko Roni Saputra
01, Feb 2020 , 8:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​ខុន ស៊ី​ចាន់ ដែលជា​កូនសិស្ស​មកពី Phnom Penh MMA ត្រូវ​ប្រឈម​នឹង កីឡាករ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ថ្ងៃ​៧ ខែកុម្ភៈ ខាងមុខ ក្នុង​កម្មវិធី ONE: WARRIOR’S CODE ដែល​រៀបចំ​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ អត្ថបទ​នេះ បាន​នាំ​ឲ្យ​មិត្ត​អ្នកអាន​ស្វែងយល់​អំពី​កំណត់ត្រា រវាង​កីឡាករ​ទាំងពីរ​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា និង​ឥណ្ឌូណេស៊ី លើស​ង្វៀន​កម្រិត​ពិភពលោក ONE Championship​។

 
​កំណត់ត្រា​គួរ​ចងចាំ​របស់ ខុន ស៊ី​ចាន់ នៅ​សង្វៀន ONE៖
 
​ដ្បិត​មិនសូវ​ជោគជ័យ​មួយរយៈ​ចុងក្រោយ​នេះ​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE ប៉ុន្តែ ខុន ស៊ី​ចាន់ ជា​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្អ​ម្នាក់​នៅក្នុង​ប្រទេស​។ ស៊ី​ចាន់ ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge  វគ្គ​ទី​១ ឆ្នាំ​២០១៣ ដែល​ស៊ី​កីឡាករ​ខ្មែរ​កាល​គ្រានោះ ក្នុង​ទម្ងន់ Flyweight​។ ក្នុងចំណោម​ការប្រកួត ៥ លើក នៅ​សង្វៀន ONE កីឡាករ​មកពី​ឧ​ត្ត​រ​មានជ័យ ឈ្នះ​តែម្ដង​គត់ គឺ​ឈ្នះ កីឡាករ​ឥណ្ឌូណេស៊ី Riski Umar កាល​ខែ មីនា ឆ្នាំ​២០១៨​។ ក្រៅពីនោះ ការ​ចាញ់​របស់ ស៊ី​ចាន់ នៅ​សង្វៀន ONE មាន​ចាញ់ ស៊ឹម ប៊ុន​ស្រ៊ន់ កាល​ខែធ្នូ ឆ្នាំ​២០១៥, ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian កាល​ខែកុម្ភៈ ឆ្នាំ​២០១៩ និង​ចាញ់​កីឡាករ​ជំនាញ​ចំបាប់​មកពី​ឥណ្ឌា Roshan Mainam កាល​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ រឿង​ដែល​សោកស្ដាយ​បំផុត សម្រាប់ ស៊ី​ចាន់ គឺ ចាញ់​សន្លប់ ក្រោម​ក្បាច់​ឃ្លេ​របស់ Rudy Agustian និង Roshan Mainam ត្រឹម​ទឹក​ទី​១ ដូចគ្នា​។ 
 
​យ៉ាងណាក្ដី បើ​សរុប​ជាទូទៅ កីឡាករ​វ័យ ៣២​ឆ្នាំ​រូបនេះ ឈ្នះ ៣​លើក​ក្នុង​ការឡើង​សង្វៀន​ប្រកួត​គុន​ចម្រុះ ៨ លើក​កន្លងមក​ក្នុង​អាជីព​។ មុនពេល​ជួបគ្នា​លើស​ង្វៀន ខុន ស៊ី​ចាន់ បាន​ស្រាវជ្រាវ​វីដេអូ អំពី​គូប្រកួត​ដើម្បី​ទស្សនា​រួចហើយ​។ ស៊ី​ចាន់ បញ្ជាក់​៖«​លើក​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ច្រើន ព្រោះ Eko Roni មាន​ក្បាច់​ឃ្លេ នៅ​អន់​មិន​ដូច Rudy និង Mainam ដែល​ខ្ញុំ​ជួប​កន្លងទៅ​ឡើយ​»​។ 
 
Eko Roni Saputra ជា​ម្ចាស់​ជើងឯក​ចំបាប់​ថ្នាក់ជាតិ​៖
 
​បើ​ក្រឡេកមើល​រាង​រ៉ូ​វ មិនមែន​ធម្មតា​នោះឡើយ ព្រោះ​សាច់​របស់ Eko Roni ណែន​ល្អ​ណាស់​។ មិន​ខុស​នោះទេ រូបគេ​ជា​អ្នក​ហាត់​ជំនាញ​ផ្នែក​ចំបាប់ និង​ជា​កីឡាករ​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​ផ្នែក​ចំបាប់ ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​ទៀតផង​។ គេ​ធ្លាប់​ឈ្នះ​មេដាយប្រាក់ ក្នុង​វិញ្ញាសា​ចំបាប់ ឆ្នាំ​២០១៣ នៅ​ស៊ី​ហ្គេម ជូន​ឥណ្ឌូណេស៊ី​ទៀតផង​។ ហើយ Eko Roni Saputra គឺជា​ម្ចាស់​ជើងឯក​ច្រើន​សម័យកាល ក្នុងការ​ប្រកួត​ជើងឯក​ចំបាប់​ថ្នាក់ជាតិ Indonesian National Wrestling Champion​។ បែបណា​ក្ដី Eko Roni មានបទពិសោធន៍​ប្រកួត​នៅ ONE Championship ត្រឹម ២ ដង​ប៉ុណ្ណោះ​។ កីឡាករ​មកពី​ក្លិប Evolve MMA  ឈ្នះ ១ ដង និង ចាញ់ ១​ដង​។ Eko Roni ចាញ់ Nico Soe កាល​ខែ មេសា ឆ្នាំ​២០១៩ មុនពេល​ឈ្នះ កីឡាករ​ហ្វីលីពីន Kaji Ebin កាល​ខែតុលា ឆ្នាំ ២០១៩​។ 
 
​មុន​ប្រឈមមុខ​ដាក់ ស៊ី​ចាន់ ម្ចាស់​ជើងឯក​ចំបាប់​មកពី​ឥណ្ឌូណេស៊ី តាំងចិត្ត​បែបនេះ​៖«​ខ្ញុំ​ផ្ដោតលើ​ការប្រកួត និង​ត្រូវ​ប្រើ​ល្បឿន​លឿន​។ ខ្ញុំ​មើល​ស្ថានការណ៍​លើស​ង្វៀន​ជាមុនសិន​។ បើ​អាច​ខ្ញុំ​នឹង​ផ្ដួល​គូប្រកួត ឲ្យ​លឿន​កាន់តែ​ល្អ​។ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នកគាំទ្រ នៅ​ឥណ្ឌូណេស៊ី​ខកចិត្ត​ទេ​»​។ 
 
Saputra បាន​ហ្វឹកហាត់​ខ្លាំងក្លា តាំងពី​ខែតុលា​មក នៅ​ក្លិប Evolve នា​ប្រទេស​សិង្ហ​បុរី ដើម្បី​សំលៀង​ក្បាច់​ជឺ​ជិត​ស៊ូ និង​ប្រដាល់​របស់ខ្លួន ក្នុង​គោលបំណង​ចង់​ឈ្នះ ខុន ស៊ី​ចាន់​។ 
Saputra រំលឹកថា​៖ «​ស៊ី​ចាន់ ពូកែ​ខាង​ប្រយុទ្ធ ជាពិសេស​ការប្រើ​កែង និង ម៉ាត់​ដៃ​សុទ្ធតែ​គ្រោះថ្នាក់​។ ខ្ញុំ​ដុះខាត់​ជំនាញ​ចាប់​ផ្ដួល​លើ​ក្ដារ​រេញ​។ ខ្ញុំ​គិតថា ខ្ញុំ​អាចធ្វើ​បានល្អ​នៅពេល​ប្រើ​ជំហរ​ដេក​ព្រោះ​ខ្ញុំ​មាន​ជំនាញ​ខាង​ចំបាប់​ស្រាប់​ទៅហើយ​»៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com