ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រកាស​ជោគជ័យ នៅក្នុង​នយោបាយ​កូរ៉េ
04, Feb 2020 , 11:24 am        
រូបភាព
​ភ្នំពេញ​៖ ពី​ទីក្រុង​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ សម្ដេច ហ៊ុន សែន បានប្រកាសថា ខ្លួន​បាន​ដើរ​នយោបាយ​ត្រឹមត្រូវ នៅក្នុង​ទំនាក់ទំនង​ឧបទ្វីប​កូរ៉េ​។ ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​បំពេញការងារ​នៅ​ទីនោះ កាលពី​ថ្ងៃទី​៣ មករា​។​


 
«​ឥឡូវនេះ ខ្ញុំ​និយាយ​ដោយ​មោទនភាព​ថា ខ្ញុំ​ជា​ជន​ជោគជ័យ​ម្នាក់ នៅក្នុង​នយោបាយ​កូរ៉េ​»​។ សម្ដេច ហ៊ុន សែន និយាយ​បែបនេះ ចង់​សំដៅ​ទៅលើ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កូរ៉េ​ទាំងពីរ គឺ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។​
 
​សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា សម្ដេច​បានសម្រេច​ចិត្ត​យ៉ាង​ស្រួចស្រាល​នៅក្នុង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ខណៈ​កម្ពុជា​ក៏មាន​ចំណង​ការទូត​ជាមួយ​កូរ៉េខាងជើង ដែលមាន​ការប្រឈមមុខ​ដាក់គ្នា​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​នេះ ។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល ចង់​សង្កត់ធ្ងន់ថា បើ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងត្បូង គ្មាន​ការលូតលាស់​សេដ្ឋកិច្ច និង​ការរីកចម្រើន​ទេនោះ សម្ដេច​នឹង​ក្លាយជា​ជន​បរាជ័យ​ហើយ ត្រូវបាន​កូរ៉េខាងជើង​ខកចិត្ត និង​ខឹង​ចំពោះ​រដ្ឋាភិបាល​សម្ដេច​ផងដែរ​។ ប៉ុន្តែ​ដោយសារ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េខាងត្បូង នាំមក​នូវ​ភាព​ចម្រើន​ទៅវិញទៅមក​នេះហើយ ទើប​សម្ដេច ហ៊ាន​អះអាងថា ខ្លួន​ជោគជ័យ​នៅក្នុង​នយោបាយ​ការទូត​ឧបទ្វីប​កូរ៉េ​នេះ​។​
 
«​បើសិនជា​ពេលនោះ ដាក់​ទំនាក់ទំនង​(​ការទូត​)​រវាង​យើង​ជាមួយ​កូរ៉េខាងត្បូង អត់​មានអី​ជឿនលឿន បែរជា​បាត់​ការឧបត្ថម្ភ​គាំទ្រ​ពី​កូរ៉េខាងជើង​ទៀត ខ្ញុំ​គឺជា​ជន​បរាជ័យ​ហើយ​។ ប៉ុន្តែ​ឥឡូវនេះ​អត់​ទេ ទំនាក់ទំនង​(​កម្ពុជា​) រវាង​កូរ៉េ​ទាំងពីរ​នៅតែ​រក្សា​»​។ នេះ​ជាការ​អះអាង​របស់លោក​នាយករដ្ឋមន្ត្រី ដែល​ចង់​បញ្ជាក់ថា នយោបាយ​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ទាំងពីរ គឺ​ដើរ​លើផ្លូវ​ត្រឹមត្រូវ ខុសពី​នយោបាយ​ការទូត​ប្រទេស​ដទៃ ដែលមាន​ការបែងចែក​ទំនាក់ទំនង​ជាមួយ​ឧបទ្វីប​កូរ៉េ​នេះ​។​
 
​តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បា​នស​ង្គ​ត់​ធ្ងន់​ថា ទោះបីជា​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អជា​មួយ​កូរ៉េខាងជើង​ក្តី ក៏ប៉ុន្តែ​កម្ពុជា​ក៏ត្រូវ​អនុវត្តតាម​សិទ្ធិ​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​ប្រទេស​នុយក្លេអ៊ែរ​មួយ​នេះដែរ​។​
 
​សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​ពិតមែនហើយ យើងចៀសមិនផុតទេ យើង​ត្រូវអនុវត្ត​នូវ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើង វាអត់មានជម្រើស ព្រោះនេះជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលយើង​ត្រូវតែគោរព​។ ក៏ប៉ុន្តែ​ទំនាក់ទំនង​ធម្មតារវាងយើង​ជាមួយ​កូរ៉េខាងជើង ក៏នៅតែបន្ត ដោយ​មិន​យក​កូរ៉េខាងជើង​ជាស​ត្រូវ​ទេ​»​។​
 
​និយាយ​ពី​រឿង​ទំនាក់ទំនង​ការទូត​ហើយ មេដឹកនាំ​កម្ពុជា ក៏​ស្នើឱ្យ​ភាគី​កូរ៉េ​ទាំងពីរ ចរចា​ដោយ​សន្តិវិធី​រក​ដំណោះស្រាយ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​នេះ​។​«​ប៉ុន្តែ​យើង​នៅតែ​ទទូច​ឱ្យ ឧ​ប​ទ្វី​កូរ៉េ​នេះ គ្មាន​អាវុធ​នុយក្លេអ៊ែ ដំណោះស្រាយ​តាមផ្លូវ​ចរចា បើទោះបីជា​ការចរចារ​វាង​កូរ៉េខាងជើង និង​អាមេរិក ឬ​កូរ៉េខាងជើង​ជាមួយនឹង​កូរ៉េខាងត្បូង ឬក៏​ចរចា​ពហុភាគីកកើតឡើងវិញ គឺវាសុទ្ធតែជា​ជម្រើស​ដោយ​សន្តិវិធី​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េខាងត្បូង​បាន​បង្កើតឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩៧០ ប៉ុន្តែ​បាន​កាត់ផ្ដាច់​វិញ​នៅ​ឆ្នាំ​១៩៧៥ នៃ​របប​ខ្មែរក្រហម​។ ជាង​២០​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​កម្ពុជា​និង​កូរ៉េខាងត្បូង បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ ក្រោម​ការផ្ដួចផ្ដើម​រប​ស់ស​ម្តេច ហ៊ុន សែន ជាមួយ​លោក គឹម យ៉ុង​សាន អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ តាមរយៈ​ទំនាក់ទំនង​នេះ បានធ្វើឱ្យ​ភាគី​ទាំងពីរ មាន​ភាពប្រសើរឡើង​នៃ​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គម រួមទាំង​សេដ្ឋកិច្ច​ទៀតផង​។ ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ មាន​ចំនួន​១,០៣២​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩ ដោយ​កម្ពុជា​នាំចេញ​ទៅ​កូរ៉េ នូវ​ទំហំ​ទឹកប្រាក់​៣៣៥​លាន​ដុល្លារ ខណៈ​កូរ៉េ​នាំចូល​កម្ពុជា ជិត​៧០០​លាន​ដុល្លារ​។​
 
អត្ថបទទាក់ទង
 
ដោយឡែក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងជើង បានចាប់ផ្ដើម​ឡើង​នៅក្នុង​ឆ្នាំ ១៩៦៥ ដែល​កាលណោះ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​ជួប​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង នៅក្នុង​ទីក្រុង ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ ហើយ​នៅ​ឆ្នាំ​១៩៧០ ក្រោយពី​សម្ដេច​នរោត្តម សីហនុ ត្រូវបាន​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នោះ ព្រះអង្គ​ក៏បាន​និរទេស​ព្រះកាយ យាង​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងជើង ដោយ​រដ្ឋាភិបាល​កូរ៉េ បាន​កសាង​ព្រះរាជដំណាក់​មួយ​ថ្វាយ​ជូន​ព្រះ​បរម​រតន​កោដ្ឋ ដែលមាន​ឈ្មោះថា Changsuwon នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
  ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com