កីឡាអន្តរជាតិ
អន្តរជាតិ
​កូ​រ៉ូ​ណាវី​រុស​៖ អូស្ត្រាលី​ស្នើ AFC ប្តូរ​ការប្រកួត​ពេល​ប៉ះ​ក្រុម​ចិន​នៅ​ទឹកដី​ខ្លួន​
04, Feb 2020 , 7:19 pm        
រូបភាព
​ក្រុមមន្ត្រី​កីឡាបាល់ទាត់​អូស្ត្រាលី​ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ប្តូរ​កាលវិភាគ​ប្រកួត​ពានរង្វាន់ AFC Champions League ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​ពួកគេ​បានដាក់​បម្រាម​លើ​ការធ្វើដំណើរ​របស់​ជន​បរទេស​ណា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ចិន​ដើម្បី​បញ្ជៀ​ស​ការឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស នៅលើ​ទឹកដី​ខ្លួន​។​


 
​ក្រុមកីឡា​បាល់ទាត់​នៃ​លី​គ​កំពូល​ចិន (CSL) Shanghai Shenhua និង Shanghai SIPG នឹងត្រូវ​ទៅ​ប្រកួត​ក្របខណ្ឌ​កំពូល​របស់​អាស៊ី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នា​សប្តាហ៍​ក្រោយ នៅ​ទឹកដី​អូស្ត្រាលី ដោយ​ត្រូវ​តទល់​ជាមួយ​ក្រុម​នៃ​លី​គ​កំពូល​អូស្ត្រាលី (A-League) Perth Glory និង Sydney FC ។​
 
​ស្របពេល​គ្នា​នេះដែរ រដ្ឋាភិបាល​អូស្ត្រាលី នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានដាក់​បម្រាម​ការធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​លើ​ជនជាតិ​បរទេស​ដែល​ចូល​មកពី​ប្រទេស​ចិន ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV)​។ 
 
​វិធានការ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី គឺ​ឲ្យ​តែ​អ្នកណាម្នាក់​ដែល​មកដល់​អូស្ត្រាលី​ពី​ប្រទេស​ចិន​នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កន្លែង​ដើម​របស់​ពួកគេ​វិញ ឬ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ​។​
 
«​បន្ទាប់ពី​ការប្រកាស​បម្រាម ... សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី (FFA) បាន​ណែនាំ​ជា​ផ្លូវការ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) អំពី​ស្ថានភាព​នេះ​។ ចំពោះ​ការប្រកាស​នេះ នឹង​ជះឥទ្ធិពល​ដល់​ការប្រកួត​ជំនួប​ដំបូង​នៃ​ពានរង្វាន់ AFC Champions League ឆ្នាំ​២០២០ ព្រោះ​ជំនួប​នេះ​មិនអាច​ធ្វើឡើង​នៅ​អូស្ត្រាលី​ដូចដែល​បានគ្រោង​ទុក​ឡើយ​»​។ FFA សរសេរ​បែបនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ដោយ​បន្ថែមថា AFC បាន​កោះប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​៤ កុម្ភៈ​នេះ​នៅ​ទីស្នាក់ការ​កណ្តាល AFC ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់​។​
 
​បើតាម​ការគ្រោងទុក ក្រុម Perth Glory នឹងត្រូវ​ទទួលភ្ញៀវ Shanghai Shenhua FC សម្រាប់​ជំនួប​ដំបូង​ពូ​ល F នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ខណៈ Sydney FC ក៏ត្រូវ​ទទួល Shanghai SIPG នៅ​មួយថ្ងៃ​បន្ទាប់​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។​
 
​គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​ដែលមាន​ប្រភពពី​ប្រទេស​ចិន​បាន​កើន​ឡើងដល់ ៤២៧ នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជាង​១,៧​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ចិន​។ តួលេខ​អ្នកស្លាប់​ទាំងអស់ គឺ​នៅ​ប្រទេស​ចិន ក្រៅពីនោះ​មាន​ហ្វីលីពីន​១​ករណី និង​ហុងកុង​១​ករណី ក្រៅពីនេះ​ប្រទេស​ដទៃ​មិនមាន​ករណី​ស្លាប់​ឡើយ​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  AFC
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com