កីឡាអន្តរជាតិ
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ការប្រណាំង​រថយន្ត F1 នៅ​ទីលាន​សៀង​ហៃ ប្រឈមមុខ​ការផ្អាក​
06, Feb 2020 , 11:52 am        
រូបភាព
​អាជ្ញាធរ​កីឡា​ក្រុង​សៀង​ហៃ បានផ្តល់​យោបល់​ឲ្យ​ផ្អាក​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នៅក្នុង​ទីក្រុង​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ការផ្អាក​នេះ ទំនង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ប្រណាំង​រថយន្ត Formula One ក្នុង​ទីលាន​ប្រទេស​ចិន Chinese Grand Prix ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​សៀង​ហៃ​នា​ថ្ងៃទី​១៩ ខែមេសា​។


 
​សមាគម​កីឡា​សៀង​ហៃ​បាន​ណែនាំ​ដល់​ស្ថាប័ន​កីឡា​ទាំងអស់​ឲ្យ​ផ្អាក​ព្រឹត្តិការណ៍​ការប្រកួត​រហូត​ដល់​មានការ​ដោះស្រាយ​ពី​ការគំរាមកំហែង​របស់​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV)​។ យ៉ាងណាក៏ដោយ កម្មវិធី​ប្រណាំង​រថយន្ត F1 នៅ​មិនទាន់​ស​ម្រ​ច​ថា​យ៉ាងម៉េច​នៅឡើយ​ទេ​។​
 
​ជុំវិញ​ការផ្អាក ឬ​មិន​ផ្អាក​ការប្រណាំង​រថយន្ត​នៅ​ទីលាន​ប្រទេស​ចិន​នេ ក៏ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​ក្របខណ្ឌ Formula One យកទៅ​ពិភាក្សា​ផងដែរ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​។ រហូតដល់​ពេលនេះ F1 នៅ​មិនទាន់​អាច​ផ្តល់​ការអត្ថាធិប្បាយ​បានទេ ប៉ុន្តែ​មាន​ភាគរយ​ច្រើន​ដែលថា​ការប្រណាំង​នៅ​ចិន​រដូវ​កាល ២០២០ នេះ នឹងត្រូវ​ពន្យារពេល​ចាប់ពី​កាលបរិច្ឆេទ​ដែល​បានគ្រោង​ទុក​តទៅ​។​
 
​តាម​ការគ្រោងទុក Chinese Grand Prix នឹងមាន​ការប្រណាំង​ជុំ​ទី​៤ នា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ ក្នុងចំណោម​ការប្រណាំង​សរុប​ទាំង​២២​លើក​។ ជុំវិញ​ការពន្យា​ពេលនេះ F1 ក៏បាន​បង្ហាញ​ក្តីបារម្ភ និង​ការលំបាក​ផងដែរ​ក្នុង​ការរក​កាលបរិច្ឆេទ​ថ្មី​សម្រាប់​កម្មវិធី​ប្រកួត​។​
 
​កម្មវិធី​ប្រណាំង​រថយន្ត F1 នឹង​ចាប់ផ្តើម​ការប្រកួតប្រជែង​នៅ​ទីលាន​ដំបូង​ក្នុងប្រទេស​អូស្ត្រាលី Australian Grand Prix នៅ​ថ្ងៃទី​១៣-១៥ ខែមីនា​។ បា​រ៉ែ​ន​ដឹកនាំ​ការប្រណាំង​ជុំ​ទី​២ ខណៈ​វៀតណាម​ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​ប្រណាំង​កម្រិត​ពិភពលោក​លើកដំបូង​នៅ​ជុំ​ទី​៣ មុន​ចិន​ដែល​នៅ​ជុំ​ទី​៤​។ វៀតណាម ត្រូវ​ដឹកនាំ​ការប្រណាំង​ក្នុង​ក្រុង​ហាណូយ​ដែលមាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន​។​
 
​កូ​រ៉ូ​ណា​វីរុស​បាន​អុកឡុក នៅក្នុង​ទឹកដី​ចិន និង​ប្រទេស​ផ្សេងទៀត​យ៉ាងខ្លាំង​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​មួយ​នេះ បាន​កើនឡើង​រហូតដល់​ជាង ២៨០០០​ករណី ក្នុងនោះ​អ្នកស្លាប់ កើន​ដល់​ជាង​៥៦០​នាក់​ទៅហើយ​៕

Tag:
 Formula One
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com