កីឡាអន្តរជាតិ
អន្តរជាតិ
Ighalo សារភាពថា​សុខចិត្ត​កាត់​ប្រាក់ខែ ដើម្បី​បាន​លេង​ឲ្យ Man Utd
06, Feb 2020 , 7:19 pm        
រូបភាព
Odion Ighalo សារភាពថា​ខ្លួន​ពិតជា​ចង់​ចូលរួម​ជាមួយ Manchester United ខ្លាំងណាស់ រហូត​សុខចិត្ត​កាត់​ប្រាក់ខែ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នេះ​កើតឡើង​។ Ighalo ដែលជា​អ្នកគាំទ្រ​បិសាច​ក្រហម​តាំងពី​វ័យក្មេង​មក​នោះ អះអាង​ទៀតថា​រូបគេ​គេង​មិន​លក់​ពេញ​មួយ​យប់ ក្រោយ​សុបិន​ផ្លាស់​ទៅ Old Trafford ក្លាយជា​ការពិត​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ក្លាយជា​សមាជិក​រប​ស់​ក្រុម Man United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប​នៃ​លី​គ​កំពូល​ចិន Shanghai Shenhua រហូតដល់​ចុងបញ្ចប់​រដូវ​កាល​នេះ​។​
 
​ជា​អតីត​កីឡាករ Watford រយៈពេល​៣​រដូវ​កាល Ighalo បាន​និយាយថា​សូម្បីតែ​ម្តាយ​របស់ខ្លួន​ក៏​យំ​ដែរ​នៅពេល​លឺដំណឹង​កូនប្រុស​របស់ខ្លួន​សម្រេច​បំណង​ក្នុង​ជីវិត ហើយ​ថែមទាំង​បង្កើត​កម្ម​ពិធីជប់លៀង​នៅតាម​ផ្លូវ​នៅឯ​ស្រុកកំណើត​ផង​។​
 
«​មាន​ក្លិប​មួយចំនួន​ផ្សេងទៀត​បានបង្ហាញ​ការចាប់អារម្មណ៍ តែ​ខ្ញុំ​ជ្រើស​រើសយក Man Utd ប្រសិនបើ​អាចធ្វើ​ទៅបាន​។ Ighalo និយាយ​ដូច្នេះ​។​


Odion Ighalo (ឆ្វេង) ជាអ្នកគាំទ្រក្រុម Man Utd តាំងពីវ័យក្មេង
 
​ថ្លែង​ទៅកាន់​វេ​ប​សាយ Man Utd ផ្ទាល់ Ighalo បន្ថែមទៀតថា​៖« នៅ​ម៉ោង ១១ យប់​នៅ​ទីក្រុង​សៀង​ហៃ​ភ្នាក់ងារ​របស់ខ្ញុំ​បាន​ទូរ​សព្ទ​មក​ខ្ញុំ​ហើយ​និយាយថា​ក្លិប​បិសាច​ក្រហម​ចង់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ចាប់ផ្តើម​ស្វែងរក​អ្នកបកប្រែ​ម្នាក់​ដើម្បី​និយាយ​រឿងនេះ​»​។ 
 
«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​។ ដំបូង​ខ្ញុំ​ចង់​និយាយ​អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​បានធ្វើ​ឲ្យ​រឿងនេះ​កើតឡើង​ហើយ​វា​ដូចជា​សុបិន​ក្លាយជា​ការពិត​សម្រាប់​ខ្ញុំ​។ អ្នក​ដែល​ស្គាល់​ខ្ញុំ សូម្បីតែ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​នៅពេល​ខ្ញុំ​លេង​នៅ Watford មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​ស្រឡាញ់ Man United និង​ជា​អ្នកគាំទ្រ​ក្លិប​នេះ​យូរ​មកហើយ​។ នៅពេល​ខ្ញុំ​លេង​ទល់នឹង Man Utd អារម្មណ៍​នោះ​គឺ​នៅ​ទីនោះ​ព្រោះ​វា​ជា​សុបិន​របស់ខ្ញុំ​»​។​
 
​ខ្សែប្រយុទ្ធ Ighalo ជា​សមាជិក​ទី​២​របស់​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer យកទៅ​កាន់ Old Trafford នាទី​ផ្សារ​ដោះដូរ​កីឡាករ​ខែមករា បន្ទាប់ពី​ទិញ​បាន​ខ្សែបម្រើ Bruno Fernandes ពី Sporting Lisbon​។ 
 
Man Utd ឈរ​ចំណាត់ថ្នាក់​ទី​៧ ក្នុង​តារាង Premier League ក្រោយ​ប្រកួត​២៥​លើក មាន​៣៥​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ចំនួន​៦​ពិន្ទុ និង​ក្រុម​កំពូល​តារាង Liverpool ដល់​ទៅ ៣៨​ពិន្ទុ​៕

Tag:
 Manchester United
  Odion Ighalo
© រក្សាសិទ្ធិដោយ thmeythmey.com