ជាតិ
សង្គមជាតិ
សាលា​រដ្ឋ​កាន់តែច្រើន កំពុងអនុវត្តន៍​គោលការណ៍​«​ហាម​សិស្ស​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​រៀន​»
08, Feb 2020 , 1:59 pm        
រូបភាព
សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង កំពុងសិក្សា (រូបពីវិទ្យាល័យហុនសែនពោធិ៍ចិនតុង)
សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង កំពុងសិក្សា (រូបពីវិទ្យាល័យហុនសែនពោធិ៍ចិនតុង)
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថានសិក្សា​រដ្ឋ​កាន់តែ​ច្រើនឡើង បាន​អនុវត្តន៍​គោលការណ៍​ហាមប្រាម​សិស្ស​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ក្នុង​ម៉ោង​សិក្សា​។ ថ្នាក់ដឹកនាំ​សា​សា​ដែល​កំពុង​អនុវត្តន៍​វិធានការ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បំរាម​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​រៀន បាន​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​សិស្ស​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ពួកគេ​យកចិត្តទុកដាក់​ត​សិក្សា និង​បានធ្វើ​លំ​ហាត់​ច្រើនជាង​មុន​។ ទន្ទឹមនឹងនេះ គោលការណ៍​នេះ​ក៏​ទទួល​បានការ​សាទរ​ពី​លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​ដែរ​។​


​ការហាម​សិស្ស​មិន​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ​នៅក្នុង​ម៉ោង​រៀន កំពុង​ត្រូវបាន​អនុវត្តន៍​កាន់តែ​ច្រើនឡើង នៅតាម​បណ្តា​សាលា​រដ្ឋ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​។ ក្នុងនោះ មាន​អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង នៅ​រាជធានី​ភ្នំពេញ​, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃ​ពោន នៅ​ខេត្តព្រៃវែង​, វិទ្យាល័យ​ក្រុង​ទេពនិម្មិត​ប៉ៃលិន នៅ​ខេត្ត​ប៉ៃលិន និង​វិទ្យាល័យ​តា​អោក នៅ​ខេត្តកំពង់ធំ​ជាដើម​។ 
 
​សាលា​ដែល​បានដាក់​ចេញ​ចំណាត់ការ​នេះ សុទ្ធតែ​មានបំណង​ដូចគ្នា គឺ​ចង់​ឲ្យ​សិស្ស​ផ្តោតលើ​ការសិក្សា និង​គោរព​វិន័យ​សាលា ខណៈដែល​កន្លងមក​សិស្ស​មួយចំនួនធំ​ចូលចិត្ត​លេង​ហ្គេម ឬ​និយាយ​ទូរ​សព្ទ​ក្នុង​ថ្នាក់រៀន រំខាន​ដល់​ការសិក្សា​សិស្ស​ដទៃទៀត​។​
 
​លោក អ៊ុំ ម៉ាលី នាយក​អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា   អនុវិទ្យាល័យ​នេះ បាន​អនុវត្ត​ការដកហូត​ទូរ​សព្ទ​សិស្ស ក្នុង​ម៉ោង​សិក្សា រយៈពេល​១​ឆ្នាំ​ហើយ ដោយសារតែ​មើលឃើញ​សិស្ស កាន់​ទូរ​សព្ទ ច្រើនជាង​កាន់​សៀវភៅ​។ បើតាម លោក អ៊ុំ ម៉ាលី សិស្ស​អាច​ប្រើ​ទូរ​សព្ទ​បាន សម្រាប់​ស្រាវជ្រាវ​មេរៀន​នៅក្នុង​បណ្ណាល័យ​ប៉ុណ្ណោះ​។    លោកនាយក​អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បញ្ជាក់​ដូច្នេះ​៖«​ពេលដែល​អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បាន​ប្រើប្រាស់​គោលការណ៍​ហាម​សិស្ស​មិន​ឲ្យ​ប្រើ​ទូរ​សព្ទ​នៅក្នុង​សាលា​មក សិស្សានុសិស្ស​លែង​ហ៊ាន​លេង​ទូរ​សព្ទ​បែប​អត់​ប្រយោជន៍​ទៀតហើយ ដោយ​ពួកគេ​គ្រាន់តែ​យក​ទូរ​សព្ទ​មក​មែន តែ​គាត់​អត់​ចុច​ទេ​។  កាលណា​គាត់​ចុច យើង​នឹង​ដកហូត យកទៅ​ទុក​នៅ​ទីចាត់ការ ដើម្បី​អញ្ជើញ​អាណាព្យាបាល​មក​យក​វិញ​។ ប៉ុន្តែ​បើ​គាត់​យក​ទូរ​សព្ទ​មក ហើយ​គាត់​អត់​ចុច យើង​ក៏​អត់​ធ្វើ​អី​ដែរ​»​។ 
 
 
​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃ​ពោន នៅ​ខេត្តព្រៃវែង​ឯណោះ​វិញ បាន​អនុវត្តន៍​គោលការណ៍ ហាម​សិស្ស​ឲ្យ​ប្រើ​ទូរ​សព្ទ​ដៃ​នៅក្នុង​ម៉ោង​សិក្សា ជាង​១​ឆ្នាំ​មកហើយ ដោយ​ជំនួស​មកវិញ នូវ​ការជំរុញ​ឲ្យ​សិស្ស​រៀន​កុំព្យូទ័រ​វិញ ដូចជា​ការ​វាយ​អក្សរ និង​របៀប​ប្រើប្រាស់​កុំព្យូទ័រ​ជាដើម​។ នេះ​បើតាម​លោក យស ប៊ុនថន នាយក​វិទ្យាល័យ​។ លោក យស ប៊ុនថន ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សាលា​ចាប់ផ្តើម​អនុវត្តន៍​គោលការណ៍​នេះ ក្រោយពី​សង្កេតឃើញថា មាន​ករណី​សិស្ស​និយាយ​ទូរ​សព្ទ​ក្នុង​ថា្នក់ និង​លេង​ហ្គេម​នៅក្នុង​ម៉ោង​រៀន ដែល​រំខាន​ដល់​សិស្ស​ដទៃទៀត​។ 
 
​រហូតមកទល់​ពេលនេះ សកម្មភាព​និយាយ​ទូរ​សព្ទ ឬ​លេង​ហ្គេម​ក្នុង​ម៉ោង​រៀន ត្រូវបាន​លុបបំបាត់ ហើយ​សិស្សានុសិស្ស​ក៏​ងាក​មក​សង្វាត​ការសិក្សា​ជាង​ពីមុន​។ លោក យស ប៊ុនថន បន្ថែម​ទាំង​រីករាយ​ថា​៖«​កាលណា​មិន​ប្រើ​ទូរ​សព្ទ​ទៅ វា​ក៏​ផ្តល់​ផល​ល្អ​ដល់​សិស្ស​។​...​ជា​លទ្ធផល សិស្ស​អាច​ប្រឡង​ជាប់​ច្រើនជាង​មុន​។ កាល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំកន្លងមក ក្នុងចំណោម​សិស្ស​២០០​នាក់ មានតែ​២០​នាក់​ទេ​ដែល​ធ្លាក់​។ ហើយ​ប្រឡង​សិស្ស​ពូកែ ក៏មាន​៥០​ភាគរយ​ដែរ ដែល​ប្រឡង​ជាប់​។ សិស្ស​ឥឡូវ មានការ​យកចិត្តទុកដាក់​រៀន​ជាង​មុន​ច្រើន​»​។ 
 
​ដ្បិតតែ​ការប្រើ​ទូរ​សព្ទ ត្រូវបាន​ហាមប្រាម​នៅ​សាលា ក៏ប៉ុន្តែ បើតាម​លោក យស ប៊ុនថន សាលា​ក៏បាន​ណែនាំ​ឲ្យ​សិស្ស ប្រើ​ទូរ​សព្ទ​នៅផ្ទះ ឬ​នៅ​ទីសាធារណៈ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ការសិក្សា​របស់​ពួកគេ និង​សម​ស្របតាម​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​។ 
 
​តាមពិតទៅ ការហាម​សិស្ស​មិន​ឲ្យ​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​រៀន​នេះ គឺមាន​នៅក្នុង​សេចក្តីណែនាំ របស់​ក្រសួង​អប់រំ តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ ហើយ​សេចក្តីណែនាំ​នេះ​ទៀតសោត ក៏​មិន​ផ្ទុយ​នឹង​ការណែនាំ​របស់​ក្រសួង​ដែល​ប្រាប់​ឲ្យ​គ្រឹះស្ថានសិក្សា​នានា ជំរុញ​ការអនុវត្ត​កម្មវិធី​ស្ទែ​ម​(STEM)​នោះដែរ​។ ត្រង់ចំណុច​នេះ លោក រស់ សុ​វាចា ក្រសួង​អប់រំ ពន្យល់ថា​៖«​កាលណា​សាលា មាន​ការប្រើ​បច្ចេកវិទ្យា​បែប​វិជ្ជមាន ដែល​ចូលរួម​ក្នុង​ការរៀន និង​បង្រៀន​នោះ ក្រសួង​លើកទឹកចិត្ត​ឲ្យ​អនុវត្ត​។ ផ្ទុយទៅវិញ បើ​សាលា​មាន​ការប្រើ​បច្ចេកវិទ្យា​បែប​អវិជ្ជមាន ដែល​ប្រាសចាក​នឹង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រសួង គណៈ​គ្រប់គ្រង​សាលា​នីមួយៗ នឹងមាន​គោលការណ៍​ផ្សេងៗ សម្រាប់​អនុវត្ត​ទៅលើ​សិស្ស​»៕ 
 
 
 

Tag:
 សាលារៀន​
 ​ ហាម​ប្រើ​ទូរ​សព្ទ​
 ​ សិស្ស​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com