ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ប្រធាន​រដ្ឋ​ឡាវ ឱ្យ​រៀបចំ​កម្មវិធី​កីឡា នៅតាម​ព្រំដែន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​
10, Feb 2020 , 10:21 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ស្នើឱ្យ​អគ្គលេខាបក្ស និង​ប្រធាន​រដ្ឋ​ឡាវ លោក​ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) រៀបចំ​កម្មវិធី​កីឡា​រួមគ្នា នៅតាម​ច្រកព្រំដែន ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​សន្តិវិធី​។ នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រធាន​រដ្ឋ​ឡាវ បាន​ជួបពិភាក្សា​ពង្រឹង​ទំនាក់ទំនង​គ្នា ពី​តំបន់​ព្រំដែន និង​បញ្ហា​ផ្សេងៗ កាលពី​ថ្ងៃទី​៩ កុម្ភៈ​។​


 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា អាជ្ញាធរ​ដែនដី​កម្ពុជា​-​ឡាវ គឺមាន​តួនាទី​សំខាន់ ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ជិតស្និទ ជាពិសេស​គួរតែបង្កើត​កម្មវិធី​កីឡា​រួមគ្នា​នៅតាម​ព្រំដែន ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ល្អ​នេះ ឈានដល់​ការដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​ខ្សែបន្ទាត់​ដែនដី​ប្រទេស​ទាំងពីរ​។​
 
«​មិន​ត្រឹមតែ​អាជ្ញាធរ​ដែនដី​ទេ ក័​ង​ទ័ព​នៃ​ប្រទេស​យើង​ទាំងពីរ ក៏​គប្បី​ដែល​ជំរុញ​ទំនាក់ទំនង​ឱ្យបាន​កាន់តែ​ជិតស្និទ​ផងដែរ ព្រោះ​កាលណា​មាន​ភាព​ជិតស្និទ​ហើយ​ទោះបី​មានរឿង​អ្វី​ក៏​អាច​ដោះស្រាយ និង ពិភាក្សាគ្នា​បានដែរ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​ខ្លឹមសារ​នៃ​ជំនួប​មេដឹកនាំ​ទាំងពីរ​។​
 
​ប្រធាន​រដ្ឋ​ឡាវ លោក​ប៊ុន​ញ៉ាំង វរ​ជី​ត បាន​និយាយថា កម្ពុជា និង​ឡាវ​ជា​មិត្ត​ជិតស្និទ​ជាទីបំផុត ដែល​បាន​ជួយ​គ្នា​ទៅវិញទៅមក ហើយក៏​ជា​ប្រទេស​ដែលមាន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​កាន់តែ​ល្អ រួមទាំង​សុវត្ថិភាព​នៅតាម​ព្រំដែន​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង លើ​ស្មារតី​សាមគ្គី​ភាពជា​ភាត​រៈ​នៃ​ភាគី​ទាំងពីរ​។ តាមរយៈ​ការប្រកាស​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ជាពិសេស​គោលការណ៍​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។​
 
​សេចក្តីថ្លែងការណ៍​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ បាន​សរសេរ​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​ពី​ការទុកចិត្ត និង​ការជឿជាក់​គ្នា​ទៅវិញទៅមក និង​ការគោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក (​រួមទាំង​)​ការមិន​ប្រើប្រាស់​កម្លាំង ឬ​ការ​គំរាម​ប្រើ​កម្លាំង ការដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី ព្រមទាំង​មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នកនយោបាយ ឬ​កម្លាំងប្រដាប់អាវុធ​បរទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ប្រឆាំងនឹង​ភាគី​ម្ខាង​ទៀតឡើយ​»​។​
 
​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គឺ​សំដៅលើ​ការផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​កា​ទូត នយោបាយ សេដ្ឋកិច្ច សន្តិសុខ និង​ហិរញ្ញវត្ថុ​ជាដើម​…៕

Tag:
 ហ៊ុន សែន​
  ឡាវ​
  ព្រំដែន​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com